នាយកដ្ឋានពាណិជ្ជកម្មថៃបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មតាមអ៊ីនធើរណែតជំនួសការតាំងពិព័រណ៍ផ្ទាល់​



យោងតាម Screen Daily បានឱ្យដឹងថានាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃកំពុងបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មតាមអ៊ិនធឺរណែតនិងវេទិកាផ្គូរផ្គងអាជីវកម្មមួយដែលមានឈ្មោះថា Multimedia Online Virtual Exhibition (MOVE) ដើម្បីឆ្លើយតបទៅនឹងឱកាសពាណិជ្ជកម្មដែលបានបាត់បង់ដោយសាររោគរាតត្បាត Covid-19 ។ 

ក្រុមហ៊ុនភាពយន្តនិងទូរទស្សន៍ថៃជាអ្នកចូលរួមទៀងទាត់នៅក្នុងព្រឹត្តិការណ៍នានាដូចជាហុងកុង Filmart, MIPTV និង Cannes Marche ដែលត្រូវបានពន្យារពេលឬលុបចោលនៅពេលដែលជំងឺ Covid-19 នេះឆ្លងរាលដាលពាសពេញពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ DITP បាននិយាយថាវិស័យឧស្សាហកម្មឌីជីថលរបស់ប្រទេសថៃជាធម្មតារកចំណូលបានប្រចាំឆ្នាំចំនួន ៣,៣ ពាន់លានដុល្លារអាមេរិកប៉ុន្តែគេព្យាករថានឹងមានការធ្លាក់ចុះ ៤០ ភាគរយនៃប្រាក់ចំណូលក្នុងឆ្នាំនេះ។

ជាការឆ្លើយតបលោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសថៃបានតែងតាំង DITP ដើម្បីបង្កើតវេទិកាពាណិជ្ជកម្មតាមអនឡាញនេះ។

ដោយប្រើបច្ចេកវិទ្យា Zoom Meetings ក្រុមហ៊ុន MOVE នឹងអនុញ្ញាតឱ្យអ្នកផលិតនិងអ្នកចែកចាយរបស់ថៃដាក់បង្ហាញមាតិការបស់ពួកគេដល់អ្នកទិញអន្តរជាតិក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់រយៈពេល ៣ ថ្ងៃដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥-២៧ ខែឧសភា។ អ្នកចូលរួមនឹងអាចចូលរួមក្នុងការប្រជុំមួយទល់មួយ មើលភាពយន្តខ្លីៗ និងសម្ភារៈផ្សេងទៀតនិងផ្លាស់ប្តូរឯកសារផ្សេងតាមកម្មវិធី Zoom Meetings។

DITP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាព្រឹត្តិការណ៍ការផ្លាស់ប្តូរផ្ទាល់ ត្រូវបានរៀបចំឡើងដើម្បីជំនួសដំណើរការនៃកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម ។ ក្រុមហ៊ុនអន្តរជាតិនឹងអាចធ្វើការណាត់ជួបជាមុនសិនជាមួយនឹងម្ចាស់អាជីវកម្មផ្សេងៗ។

DITP បានបន្ថែមថាអ្នកចូលរួមអន្ដរជាតិនឹងត្រូវបានដកស្រង់ចេញពីមូលដ្ឋានទិន្នន័យ (database) របស់ក្រុមហ៊ុនជាង ១ ម៉ឺនក្រុមហ៊ុនដែលធ្លាប់បានធ្វើជំនួញជាមួយក្រុមហ៊ុនថៃ ចូលរួមទីផ្សារមាតិកាឌីជីថលឬបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជំនួញនៅប្រទេសថៃ៕

ប្រភព៖ Screen Daily

ដោយ៖ នឿន វណ្ណៈ

 

X
5s