បើតាមប្រធានក្រុមហ៊ុន Amazon និយមន័យភាពជោគជ័យពិតប្រាកដរបស់មនុស្សគ្រប់រូបគឺជាអ្វី?​



សំណើច​ភាព​រីករាយ ទ្រព្យសម្បត្តិ ការ​ទទួល​បាន​ការ​គោរព​​ ក្តី​ស្រលាញ់ សម្រស់​ សុខភាព សុខុមាលភាព និង​សប្បុរសធម៌​ទាំង​អស់​នេះ​មិនមែន​ជ​រង្វាស់រង្វាល់​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​នោះ​​ឡើយ។ ​នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​​ស្ថាបនិក​ក្រុមហ៊ុន​​​បច្ចេកវិទ្យា​​ Amazonដ៏ ល្បីល្បាញ​របស់​អាមេរិក ​គឺ​លោក Jeff Bezos។ បើ​ទាំង​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ តើ​អ្វី​ទៅ​ជា​និយមន័យ​ពិតប្រាកដ​មួយ​នេះ? 

ត្រូវ​ធ្វើ​ឲ្យ​មហិច្ឆតា​របស់​អ្នក​ជា​អ្នក​ជ្រើសរើស​អ្នក
នេះ​គឺ​ជា​អំណោយ​ដែល​អ្នក​ទទួល​បាន​ពី​ជីវិត​ដែល​ល្អ​ប្រសើរ​ ដោយ​ការ​ជ្រើសរើស​ ធ្វើ​អ្វី​ដែល​អ្នក​ចូលចិត្ត​បំផុត។ វា​គឺ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​ងើប​ទៅ​ធ្វើ​ការ​យ៉ាង​ស្វាហាប់​ និង​ពោរពេញ​ដោយ​ក្តី​រីករាយ​ជា​រៀងរាល់​ថ្ងៃ។ នេះ​​ជា​ខ្លឹមសារ​មួយ​ឃ្លា​ដែល​បាន​​ដកស្រង់​​ចេញ​ពី​សៀវភៅ​ជាច្រើន​​របស់​មហាសេដ្ឋី warrant Buffett។ ​​

អត្ថន័យ​នៃ​ពាក្យ​មួយ​ឃ្លា​ខាងលើ​នេះ ​ត្រូវ​បាន​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​លោក​គឺ​​លោក Jeff Bezos  បញ្ជាក់​បន្ថែម​ដូច្នេះ​ថា៖ « អ្នក​មិន​​ត្រូវ​ជ្រើសរើស​មហិច្ឆតា​របស់​អ្នក​ទេ មហិច្ឆតា​របស់​អ្នក គឺ​ជា​អ្នក​ជ្រើសរើស​អ្នក។​យើង​ទាំង​អស់​គ្នា​​កើត​មក​ជាមួយ​​អំណោយ​​ដ៏​ពិសេស​​គឺ​​មាន​មហិច្ឆតា​​ជាក់លាក់​មួយ​ ហើយ​អ្នក​ដែល​មាន​សំណាង​គឺ​ជា​អ្នក​ដែល​ដើរ​តាម​មហិច្ឆតា​​ខ្លួនឯង»។ 

មហាសេដ្ឋី​មាន​ប្រាក់​ជាង ១៤៥ ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​ដើរ​តាម​មហិច្ឆតា​ខ្លួនឯង អ្នក​នឹង​ទទួល​បាន​គុណសម្បត្តិ​យ៉ាង​ច្រើន​មហាសាល។  អ្នក​ទៅ​ធ្វើ​ការ​ដោយ​រីករាយ ពីព្រោះ​ដោយសារតែ​អ្នក​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ។ នៅ​ក្នុង​ពិភព​អាជីវកម្ម មនុស្ស​ដែល​ជោគជ័យ គឺ​ជា​អ្នក​ដែល​ធ្វើ​អ្វី​ដែល​ពួកគេ​ទាំងនោះ​ស្រលាញ់។

​​​«តើ​អ្នក​ស្រលាញ់​​អ្វី? មនុស្ស​ភាគច្រើន ចង់​បាន​ប្រាក់ខែ​ច្រើន ត្រូវការ​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព សុវត្ថិភាព​ការងារ ឬ​លុយ​ច្រើន។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភ្លេច​គិត​ថា ពួកគេ​មិន​ស្រលាញ់​ការងារ​របស់​ពួកគេ​កំពុង​ធ្វើ​នោះ​ទេ ​មិនចូលចិត្ត​មិត្ត​រួម​ការងារ​របស់​ពួកគេ ហើយ​បែរជា​រវើរវាយ​ទៅ​ប្រាថ្នា​ចង់​​ធ្វើ​​ការងារ​​ផ្សេង​ទៀត ដែល​ពួកគេ​ស្រលាញ់​បំផុត​នោះ​ទៅ​វិញ​​»។ លោក Jeff Bezos  បន្ថែម។ 

លោក​បាន​ផ្តល់​ដំបូន្មាន​ទៀត​ថា ក្នុង​នាម​ជា​សហគ្រិន​ ចូរ​អ្នក​ស្រលាញ់​អ្វី​ដែល​ធ្វើ ហើយ​ភាព​ជា​​អ្នក​ជំនួញ​ គឺ​ជា​ការ​រួមចំណែក​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​​កសាង​សុភមង្គល​របស់​អ្នក​ក្នុង​នាម​ជា​មនុស្ស​ជាតិ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា អ្នក​ត្រូវ​ចាត់​ទុក​ថា ការ​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ​គឺ​ជា​រឿង​អាទិភាព​លើស​អ្វីៗ​ទាំងអស់​។ ប្រសិន​បើ អ្នក​មិន​ដឹង​ថា អ្នក​ចូលចិត្ត​អ្វី ស្រលាញ់​អ្វី បន្ទាប់​មក​អ្នក​ត្រូវ​ស្វែង​រក​​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ជា​ជំហាន​ដំបូង​របស់​អ្នក​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់​នោះ៕

អត្ថបទទាក់ទង៖
បើតាមមហាសេដ្ឋី Jeff Bezos គំនិតបែបណាទើបចាត់ទុកថា គំនិតអស្ចារ្យ?
Jeff Bezos ថា បរាជ័យជារឿងល្អ សម្រាប់អ្នកដឹកនាំល្អ​

ដោយ៖ ណារិន
ប្រភព៖ Inc 

X
5s