វិបត្តិកូវីដ មហាសេដ្ឋីអាស៊ានម្នាក់ ទ្រព្យហូរចូល ១ថ្ងៃ ជាង ៣៧,៧លានដុល្លារ
មហាសេដ្ឋីដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសិង្ហបុរីលោក Li Xiting កំពុងកើបលុយបានយ៉ាងច្រើនសន្ធឹកក្នុងរយៈពេលផ្ទុះកូវីដ១៩ នេះ ដោយមួយថ្ងៃ គិតជាមធ្យម ទ្រព្យសម្បត្តិរួមរបស់លោកកើនជាង ៣៧,៧លានដុល្លារ។
ការកើនឡើង ដោយសារតែលោកជាម្ចាស់ក្រុមហ៊ុនផលិតឧបករណ៍ជំនួយផ្លូវដង្ហើម (ventilator) ដ៏ធំ Shenzhen Mindray Bio-Medical Electronics ដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង ៥០%អំឡុងនៃការផ្ទុះឡើងវីរុស កូវីដ១៩នេះ។
លោក Li Xiting ដើមកំណើតចិន ដែលបានចូលសញ្ជាតិសិង្ហបុរីនៅប្រហែលឆ្នាំ២០១៨ ទទួលបានកំណើនទ្រព្យសម្បត្តិសរុប ៤.៣ពាន់លានដុល្លារនៅដើមឆ្នាំ២០២០នេះ ធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកសរុបកើនដល់ ១៣.៥ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានចិន The South China Morning Post ដកស្រង់ទិន្នន័យពី Bloomberg។ បើគេចែកទំហំទ្រព្យសម្បត្តិរបស់លោកសរុប គឺគេអាចដឹងបានថា ក្នុងរយៈពេល ២៤ម៉ោង លោកកើនទ្រព្យបាន ៣៧.៧លានដុល្លារ។
ឧបករណ៍ជំនួយផ្លូវដង្ហើម (ventilator) ប្រភព៖ https://www.theonlinecitizen.com/
ងាកទៅមើលផ្សារហ៊ុនវិញ តម្លៃហ៊ុនក្រុមហ៊ុន Mindray ហាក់ឡើងតាំងពីពេលកូវីដ១៩ ផ្ទុះឡើងដំបូង នៅខេត្ត Hubeiមកម្ល៉េះ។ ត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃហ៊ុនហាក់ឡើងស្ទើរតែខ្ពស់បំផុត គឺ ២៧០.៥២យ័ន នៅផ្សារហ៊ុន ChiNext ក្រុង Shenzhen ដែលធ្វើឱ្យតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនកើនដល់ ៣២៩ពាន់លានយ័ន ដែលស្មើនឹង ៤៦.៥ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនបានបញ្ចេញព័ត៌មានដល់សារព័ត៌មានថា គ្រាន់តែអ៊ីតាលីមួយ បញ្ជាទិញឧបករណ៍ជំនួយផ្លូវដង្ហើម ១០ ០០០គ្រឿង ខណៈប្រទេសនេះជាប្រទេសរងគ្រោះទី២នៅអឺរុប។
ក្រុមហ៊ុន Mindray បានលោតចូលផ្សារហ៊ុននៅឆ្នាំ២០១៨ មានរោងចក្រដំឡើងនៅប្រទេសចិន។ រោងចក្រចិន អាចផលិតផលឧបករណ៍ជំនួយផ្លូវដង្ហើមបាន ២២០០ក្នុងមួយសប្ដាហ៍ ដែលស្មើនឹង ២០%នៃផលិតកម្មទូទាំងពិភពលោក។ បើគិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែមីនា ចិន បាននាំចេញឧបករណ៍ជំនួយផ្លូវដង្ហើមសរុបប្រមាណ ១៧០០ទៅកាន់បណ្ដាប្រទេសផ្សេងៗ។
លោក Li Xiting មានវ័យ ៦៩ឆ្នាំមានស្រុកកំណើតនៅ Dangshan តំបន់ជនបទ Anhui។ លោកសិក្សារូបវិទ្យានៅប្រទេសចិនជំនាញ Cryogenics មុនពេលបន្តអាហារូបករណ៍ទៅសិក្សានៅ សាកលវិទ្យាល័យ Paris-Sud ប្រទេសបារាំង អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ លោកទំនងជាចូលសញ្ជាតិសិង្ហបុរីនៅឆ្នាំ២០១៨៕
ដោយ៖ រតនៈវិភូ