ចង់បានជីវិតដ៏ល្អប្រសើរ? សូមអនុវត្តវិធីដ៏សាមញ្ញរបស់មហាសេដ្ឋី Warren Buffett មួយនេះ
មនុស្សជាច្រើនទទួលស្គាល់ថា លោក Warren Buffett គឺជាមហាសេដ្ឋីអាមេរិកដ៏មានទេពកោសល្យម្នាក់ក្នុងការវិនិយោគ។ ប៉ុន្តែជារឿយៗ សាធារណជនមិនតិចទេដែលទទួលបានចំណេះដឹងជាច្រើនពីក្រុមហ៊ុន Oracle of Omaha ក្រៅពីជំនាញវិនិយោគរបស់លោកទាំងនោះ។ ទន្ទឹមនឹងនេះ គេក៏មិនត្រូវមើលរំលងនូវគុណូបការៈដ៏ថ្លៃថ្លាឪពុករបស់លោក គឺលោក Howard Buffett ដែលបានផ្តល់យុទ្ធសាស្ត្ររៀបចំជីវិតប្រកបដោយភាពឈ្លាសវៃមួយចំនួនបន្សល់ទុកឲ្យកូនប្រុសរបស់លោក គឺលោក Warren Buffett នេះឯង ដើម្បីធ្វើជាត្រីវិស័យឲ្យលោកទទួលបានភាពជោគជ័យកន្លងមក។
មានឧទាហរណ៍មានគោលការណ៍មួយដែលលោក Warren Buffett បានចែករំលែក ហើយលោកទទួលបានពីឪពុករបស់លោក។ គោលការណ៍នេះមានឈ្មោះថា "គុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក” ដែលអ្វីៗផ្តើមចេញពីក្នុងខ្លួនអ្នកជាមុន ហើយវាបរិយាយអំពីការពិតរបស់អ្នក។ វាជាគោលការណ៍មួយដែលកំណត់ថា អ្នកជានរណា ហើយអ្នកមានរបៀបប្រតិបត្តិក្នុងជីវិតរបស់ខ្លួនដោយផ្អែកលើគុណតម្លៃ និងជំនឿរបស់អ្នក។ និយាយឲ្យងាយយល់ វាជាគោលការណ៍ជីវិតមួយដែលអ្នកត្រូវដើរលើមាគ៌ាជីវិតដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាឆ្ពោះទៅរកភាពជោគជ័យនៅទីបំផុត។
ត្រូវរស់នៅជាមួយគោលការណ៍ "គុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក”
លក្ខណៈពិសេសមួយដែលត្រូវបានកំណត់លើលោក Warren Buffett គឺថាលោកជាមនុស្សម្នាក់ដែលរស់នៅជាមួយនឹងគោលការណ៍នេះ។ លោកក៏ជឿជាក់ផងដែរថា មនុស្សម្នាក់ៗអាចស្កប់ស្កល់ក្នុងជីវិតបានដោយរស់នៅជាមួយនឹងគោលការណ៍នេះ។ ខាងក្រោមនេះគឺជាឧទាហរណ៍ចំនួន ៣ អំពីវិធីដែលមហាសេដ្ឋីជាច្រើនបានអនុវត្តបានយ៉ាងជោគជ័យកន្លងមក។
១.អ្នកត្រូវបង្រៀនកូនៗរបស់អ្នកមុនគេពីគោលការណ៍នេះ
លោក Warren Buffett បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្រៀនកូនៗ របស់អ្នកនូវគោលការណ៍នេះដូចឪពុករបស់លោកបានបង្រៀនលោកដែរត្បិតអីឪពុកម្ដាយជាអ្នកដែលផ្ដួចផ្ដើមមុនគេសម្រាប់ភាពជោគជ័យរបស់ពួកគេ។ ប្រសិនបើអ្នកសង្កត់ធ្ងន់ខ្លាំងពេកថា តើពិភពលោកមើលមកអ្នកក្នុងផ្លូវបែបណា? ខ្លាចពិភពលោកមើលមកអ្នកក្នុងផ្លូវមិនល្អ អ្នកនឹងភ្លេចផ្តោតលើអ្វីដែលអ្នកគួរធ្វើចេញពីក្នុងខ្លួនរបស់អ្នក។
២.បង្កើតទំនាក់ទំនងជាមួយមនុស្សដែលល្អជាងអ្នក
លោក Warren Buffett បានលើកឡើងថា កាដូដ៏អស្ចារ្យបំផុតដែលលោកទទួលបានគឺការរៀនសូត្រពីគ្រូបង្គោល (Mentor) របស់លោក។ លោកបន្តថា នៅពេលអ្នកបង្កើតមិត្តភាពកាន់តែច្រើនជាមួយមនុស្សបែបនេះ ពួកគេនឹងជួយជ្រោមជ្រែងអ្នកឲ្យជោគជ័យដូចពួកគេដែរ។ ផ្ទុយទៅវិញ បើអ្នករាប់អានមនុស្សមិនល្អ មិនយូរមិនឆាប់ពួកគេនឹងទាញទម្លាក់អ្នកឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពដូចពួកគេដែរ។
៣.ចេះរៀនបដិសេធន៍
មហាសេដ្ឋីវ័យ ៨៩ឆ្នាំរូបនេះបានរៀនសូត្រយ៉ាងឆាប់រហ័សនៅក្នុងអាជីពរបស់លោកដោយទទួលស្គាល់ថា ទំនិញដ៏អស្ចារ្យ និងមានតម្លៃបំផុតនៅលើលោកគឺពេលវេលា។ ដើម្បីគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព លោកបានយល់ថា មនុស្សម្នាក់ៗមិនគួរនិយាយថា "Yes" ចំពោះរឿងគ្រប់យ៉ាងនោះទេ។ លោកបានរៀនបដិសេធន៍ មិនទទួលយកសំណើអ្វីមួយ ឬឱកាសជាច្រើនដែលមិនស័ក្ដិសមនឹងលោក។ លោកធ្វើបែបនេះ គឺដើម្បីយកពេលវេលាទៅផ្តោតយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដែលលោកយល់ថា មានតម្លៃ សំខាន់ឬស័ក្ដិសមនឹងលោក។
៤.ធ្វើឲ្យការសម្រេចចិត្តដ៏ធំបំផុតរបស់អ្នកឈរលើគោលការណ៍សុចរិតភាព
មហាសេដ្ឋីមានប្រាក់ជាង ៧២ ពាន់លានដុល្លាររូបនេះបានទទួលស្គាល់ថា សុចរិតភាព គឺជាបុគ្គលិកលក្ខណៈពិសេសមួយមានតម្លៃលើសអ្វីៗទាំងអស់ ជាពិសេសសម្រាប់បេក្ខជននៅពេលសម្ភាសន៍ការងារ។ លោកធ្លាប់បានលើកឡើងថា នៅពេលជួលបុគ្គលិក ក្រុមហ៊ុនរបស់លោកត្រូវការរបស់៣យ៉ាងគឺ មនុស្សឆ្លាត ពូកែផ្ដួចផ្ដើម ឬថាមពល និងសុចរិតភាព។ ប្រសិនបើអ្នកគ្មានចំណុចទី៣ទេ ចំណុច២ផ្សេងទៀតគ្មានតម្លៃឡើយ ពីព្រោះថាប្រសិនបើអ្នកមិនបង្ហាញសុចរិតភាពទេ ជីវិតរបស់អ្នកគ្មានតម្លៃឡើយ៕
អត្ថបទទាក់ទង៖
- អាថ៌កំបាំងឆ្ពោះទៅរកភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett ក្នុងរយៈពេល ១៥ឆ្នាំ
- មហាសេដ្ឋី Warren Buffett៖ ចង់រស់នៅសប្បាយចិត្ត ត្រូវធ្វើ
ដោយ៖ ណារិន
ប្រភព៖ INC