រឿងមិនល្អ ៦យ៉ាង ដែលមិនគួរធ្វើ
មនុស្សភាគច្រើនមិនមែនមិនដឹងថាអ្វីដែលគួរធ្វើឬមិនគួរធ្វើនោះទេ ប៉ុន្តែពួកគេហាក់បីដូចជាមិនបានអនុវត្តហើយព្រងើយកន្តើយចំពោះរឿងទាំងអស់ ដោយសារតែភាពខ្ជិល ការពន្យារពេល និង ការខ្លាចអ្នកដទៃរិះគន់ជាដើម។ សម្រាប់បុគ្គលជោគជ័យ ពួកគេមិនធ្វើរឿងទាំង៦យ៉ាងនេះឡើយ នៅអាយុខ្ទង់២០៖
១) ពួកគេមិនគិតថា ការអប់រំ និងទេពកោសល្យគ្រប់គ្រាន់សម្រាប់ភាពជោគជ័យនោះទេ៖ វាជាការល្អបើសិនជាយើងមានទេពកោសល្យនិងចំណេះដឹងខ្ពស់ តែវាមិនមានន័យថាយើងអាចទទួលបានភាពជោគជ័យនោះទេ។ យើងត្រូវតែមានបុគ្គលិកលក្ខណៈល្អដូចជាមានការអត់ធន់ខ្ពស់ មានការតស៊ូ មានភាពឆ្លាតវៃ ឬចេះបត់បែនតាមកាលៈទេសៈជាដើម ទើបអាចសម្រេចគោលដៅ។
២) ពួកគេមិនព្រងើយកន្តើយអំពីសុខភាព៖ អ្នកត្រូវតែត្រួតពិនិត្យឲ្យមែនទែនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ព្រោះមិនថាអ្នកជោគជ័យដល់កម្រិតណាក៏ដោយបើអ្នកមិនមានសុខភាពល្អទេ អ្នកក៏មិនអាចជោគជ័យបានយូរដែរ។ សម្រាប់បុគ្គលិកដែលជោគជ័យ គឺមិនមែនជាមនុស្សដែលមានត្រឹមតែលុយនោះទេ ទាល់តែមានសុខភាពល្អដែរទើបបាន។
៣) ពួកគេមិនប្ដូរសេចក្ដីសុខជាមួយនឹងទឹកប្រាក់នោះទេ៖ អ្នកមិនគួរធ្វើការហួសហេតុពេកនោះទេ អ្នកត្រូវតែចេះបែងចែកពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងចូលចិត្តដូចជាការដើរផ្សារ ទៅកម្សាន្តនៅកន្លែងដែលខ្លួនឯងចូលចិត្តជាដើម ជាពិសេសនោះផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់មនុស្សជាទីស្រលាញ់។
៤) ពួកគេមិនបោះបង់នៅពេលជួបការលំបាក៖ អ្នកត្រូវតែចេះតស៊ូនៅក្នុងឆាកជីវិត ព្រោះថាការលំបាកនេះហើយដែលបង្រៀនអ្នកឲ្យមានភាពរឹងមាំ ដែលជាផ្នែកមួយជួយឲ្យអ្នកសម្រេចគោលដៅរបស់ខ្លួនឯង។
៥)ពួកគេមិនខ្វល់ពីសម្ដីរបស់អ្នកដទៃខ្លាំងពេកនោះទេ៖ មិនថាអ្នកធ្វើល្អយ៉ាងណានោះទេ ការរិះគន់នៅតែកើតមានជានិច្ចគ្រាន់តែតិចឬច្រើន ប៉ុណ្ណោះ។ ហេតុនេះហើយ អ្នកគួរព្យាយាមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្ត ហើយគិតថាវាត្រឹមត្រូវល្អជាង។
៦)ពួកគេមិនរំពឹងទៅលើអ្នកដទៃខ្លាំងពេកនោះទេ៖ យើងគួរតែចេះធ្វើអ្វីដោយឯករាជ្យព្រោះអ្នកដទៃមិនអាចតម្រូវចិត្តយើងបានទាំងស្រុងនោះទេ ហើយអ្នកទាំងអស់នោះក៏មិនអាចជួយយើងបានគ្រប់ពេលវេលានោះទេ។ ដូច្នេះហើយមានតែ ការរស់នៅដោយពឹងលើ សមត្ថភាពរបស់ខ្លួនឯងប៉ុណ្ណោះ ទើបជាតម្លៃពិតនៃជីវិត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com