គន្លឹះសំខាន់ចំនួន ៣ នៃការធ្វើយុទ្ធសាស្ត្រទីផ្សារបានយ៉ាងល្អក្នុងគ្រា Covid-១៩ នេះ
ក្នុងសម័យ Covid-១៩ នេះអាជីកម្មជាច្រើនបានកករាំងស្ទះមិនអាចដំណើការដូចធម្មតាបានទេ។ មានអាជីវកម្មជាច្រើនត្រូវបិទទ្វាបណ្ដោះអាសន្នហើយអាជីវកម្មមួយចំនួនទៀតនៅដំណើរការដូចរាល់ដង គ្រាន់តែមិនសូវមានអតិថិជនដូចរាល់លើក។ ដូចនេះសំណួរមួយដែលចោទសួរក្នុងពេលនេះគឺ តើយុទ្ធសាស្រ្តធ្វើទីផ្សារបែបណាទើបមានប្រសិទ្ធភាពក្នុងគ្រាទុក្ខលំបាក Covid-១៩ នេះ?
១) បង្កើនទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់អ្នក
ក្នុងគ្រា Covid-១៩ នេះអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការបន្តនិងបង្កើនទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់អ្នកជានិច្ច។ ធ្វើយ៉ាងណាឱ្យអតិថិជនរបស់អ្នកទទួលបានភាពកក់ក្ដៅជាមួយនឹងសេវាកម្មអាជីវកម្មរបស់អ្នក។ ព្យាយាមបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកថាអ្នកនៅតែផ្តល់សេវាកម្មដូចធម្មតាជាមួយនឹងការចែកចាយខុសៗ ពីលើកមុនដូចជាមានការដឹកជូនផលិតផលដល់ទីតាំងដោយមិនគិតថ្លៃ។ ជាពិសេសនោះព្យាយាមកុំភ្លេចឱ្យសោះក្នុងការផ្ដល់ដំណឹងដល់អតិថិជនរបស់អ្នកជាមួយនឹងអ្វីដែលថ្មីៗដែលពាក់ព័ន្ធនឹងសេវាកម្មឬផលិតផលរបស់អ្នកតាមរយៈផេកអាជីវកម្មរបស់អ្នក ឬតាមសារ SMS ឬ Email ជាដើម។ បើសិនជាអ្នកគ្មានពេលប្រតិបត្តិការធ្វើទីផ្សារបែបនេះទេ គឺមានភ្នាក់ងារធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលជាច្រើនដែលអាចផ្ដល់សេវាកម្មលក្ខណៈងាយស្រួលបែបនេះដល់អ្នកបាន។
២) លក់ផលិតផលដែលថ្មីតែសមស្របនឹងស្ថានភាពគ្រា Covid-១៩
កុំអស់សង្ឃឹមនៅពេលដែលអ្នកឃើញផលិតផលរបស់អ្នកមិនអាចលក់ដាច់ដូចពីមុន។ ប៉ុន្តែជាមួយនឹងការច្នៃប្រឌិតតិចតួចអ្នកនឹងអាចទទួលបានប្រាក់ចំណេញខ្លះនៅគ្រាលំបាកទាំងនេះ។ ដោយការលក់ផលិតផលដែលប្លែកនិងថ្មីប៉ុន្តែសមស្របនិងត្រូវការជាចាំបាច់ក្នុងកាលៈទេសៈគ្រា Covid-១៩ នេះ។ ឧទាហរណ៍ ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងតែប្រឈមទៅនឹងកូវិដ១៩ លោកអ្នកសម្លឹងមើលផលិតផលដែលបម្រើឱ្យសេវាសុខាភិបាល ឬផលិតផលសម្លាប់មេរោគដូចជាម៉ាស ជែល ជាដើម ប៉ុន្តែត្រូវធ្វើឱ្យមានលក្ខណៈស្របច្បាប់ផង។ រឹតតែពិសេសជាងនេះទៅទៀតនោះ គឺអ្នកអាចធ្វើការកែច្នៃផលិតផលរបស់អ្នកដែលមានភាពប្លែកហើយទាក់ទាញជាងមុនដូចជាការឌីស្សាញម៉ាសនូវលក្ខណៈទាក់ទាញជាងមុនប៉ុន្តែគុណភាពប្រើប្រាស់នៅតែដដែល។ បន្ថែមពីលើនេះ ផលិតផលអាហារ នៅតែចាំបាច់បំផុតសម្រាប់ការកុម្ម៉ង់អនឡាញ ឬការដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់អតិថិជន។ ផលិតផលខ្លះទៀត ដែលអតិថិជនអាចទិញជំនួសឱ្យការទៅប្រើសេវាកម្មនៅតាមហាងដូចមុន ដូចជា ឧបករណ៍កាត់សក់ ឧបករណ៍សម្រាប់តែងខ្លួនដល់នារីៗ និងផលិតផលផ្សេងៗទៀតដែលមនុស្សយើងអាចសម្រេចទិញមកប្រើខ្លួនឯងជាជាងទៅរកសេវាកម្មនៅតាមហាង។
៣) បង្កើតភាពប្លែកក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារ
នៅពេលដែលរាជរដ្ឋាភិបាលប្រាប់អ្នករាល់គ្នាឱ្យស្នាក់នៅផ្ទះមិនឱ្យចេញពីផ្ទះ ឬបើចេញក្រៅ ត្រូវ ធ្វើគម្លាតសុវត្ថិភាព (social distancing) អ្នកមិនគួរត្រូវធ្វើការបញ្ចុះតម្លៃច្រើនទេ តែលោកអ្នកអាចហ្វ្រ៊ីដឹកជញ្ជូន ឬផ្ដល់ជូនការបន្ថែមអ្វីផ្សេងទៅវិញល្អជាជាង។ អ្វីដែលអ្នកគួរតែធ្វើគួរតែប្លែកជាងមុន ឬអាចជាសកម្មភាពចូលរួមការជួយសង្គម ដូចជាការបរិច្ចាគថវិការ ឬផលិតផលរបស់អ្នកមួយចំនួនដល់ការទបស្កាត់ជំងឺ Covid-១៩ នេះ។ ការធ្វើបែបនេះ នឹងអាចកសាងគុណតម្លៃអាជីវកម្មរបស់អ្នកព្រមទាំងទទួលបានការគាំទ្រពីសំណាក់អតិថិជនរបស់អ្នកកាន់តែខ្លាំងព្រមទាំងទាញអតិថិជនកាន់តែច្រើនថែមទៀតផង។
ប៉ុន្តែអ្វីដែលគួរគិត និងគួរធ្វើនោះ ជាមួយនឹងភាពប្លែកនៃការធ្វើទីផ្សារបែបនេះ គឺការជំរុញផ្សព្វផ្សាយបន្ថែមនៅលើបណ្ដាញសង្គម។ ការថតរូបស្អាតៗ ផ្ដិតជាវីដេអូ និងការឌីហ្សាញឡូយៗ អាចជំរុញឱ្យម៉ាកយីហោរបស់លោកអ្នកកាន់តែលេចធ្លោ។ ក្នុងស្ថានភាពបែបនេះ មិនមែនមានន័យថា អ្នកគួរឈប់ធ្វើទីផ្សារតាមអនឡាញ ព្រោះថពេលនេះ អតិថិជនគោលដោរបស់អ្នកគឺកំពុងតែនៅអនឡាញនោះហើយ ហើយកាន់តែច្រើនជាងមុនទៅទៀត។ ដូច្នេះ បន្ថែមពីលើភាពបត់បែន និងការកាន់តែធ្វើឱ្យប្លែក អ្នកត្រូវបន្ថែមការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ជាពិសេសគឺធ្វើការជាមួយភ្នាក់ងារជំនាញដែលអាចជួយអ្នកបានច្រើនយ៉ាង។
ត្រូវចាំថា កាលៈទេសៈនេះ គូប្រកួតរបស់អ្នកអាចកំពុងគេង ឬក៏ដកដៃពីការធ្វើទីផ្សារ ប៉ុន្តែបើអាចធ្វើការងារជាមួយភ្នាក់ងារធ្វើទីផ្សារ នោះប្រហែលលោកអ្នកមានគំនិតថ្មីៗ បន្ថែមទៀត ជាពិសេស អាចវាយលុកទីផ្សារ ដណ្ដើម និងពង្រីកយកចំណែកទីផ្សារ និងបង្កើតការលក់៕
ដោយ៖ នឿន វណ្ណៈ