ប្រទេសជាង ៩០ស្នើសុំជំនួយបន្ទាន់ពី IMF និង ៦០ប្រទេសខ្ចីពីធនាគារពិភពលោក
ជារឿងដែលមិនធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលការស្នើសុំជំនួយបន្ទាប់មានច្រើនសន្ធឹកបែបនេះ។ បើយោងតាមការចេញផ្សាយពី The Wall Street Journal ឱ្យដឹងថា មានប្រទេសជាង ៩០បានដាក់ពាក្យស្នើសុំជំនួយបន្ទាប់ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) និងមានប្រទេស ៦០ដាក់ពាក្យខ្ចីឥណទានពីធនាគារពិភពលោកសម្រាប់យកទៅប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
ស្ថាប័នហិរញ្ញវត្ថុកំពូលដែលមានមូលដ្ឋាននៅទីក្រុង Washington ទាំងពីរនេះ បើបូកសរុបទៅ មានធនធានប្រមាណ ១.២ទ្រីលានដុល្លារ ដែលពួកគេអាចមានសម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិដ៏ធ្ងន់ធ្ងរដោយសារ កូវីដ១៩នេះ តែសំណួរត្រង់ថា ស្ថាប័នទាំងពីរអាចបង្វិលធនធានទាំងនោះបានរហ័សប៉ុណ្ណាដើម្បីសង្គ្រោះពិភពលោក។
បើយោងតាម IMF ខ្លួនបានបញ្ចេញទឹកប្រាក់ជួយដល់ប្រទេសក្រីក្របំផុត ប្រមាណ ២៥ ក្នុងនោះមាន ១៩ស្ថិតនៅតំបន់អាហ្រ្វិក។ ទាំង IMF និងធនាគារពិភពលោក បាននិងកំពុងអំពាវនាវឱ្យប្រទេសអ្នកមានឈប់ទារបំណុលពីប្រទេសក្រីក្រ ក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងវាយប្រហារបែបនេះ។
សូមអាន៖ ធនាគារពិភពលោកអនុម័តថវិកា ២០ លានដុល្លារជួយដល់កម្ពុជាប្រឆាំងកូវីដ ១៩
ដោយឡែក សម្រាប់កម្ពុជា «ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកបានអនុម័តឥណទានចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងឆ្លើយតបបន្ទាន់របស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕
ដោយ៖ រតនៈវិភូ