ទម្លាប់តូចៗ ដែលបុគ្គលជោគជ័យតែងធ្វើនៅចុងសប្តាហ៍
ការទទួលបានជោគជ័យមិនមែនមានន័យថាអ្នកត្រូវតែអភិវឌ្ឍគំនិតថ្មីៗ ដោះស្រាយបញ្ហា និងធ្វើអ្វីៗឲ្យបានឥតឈប់ឈរនោះទេ។ ព្រោះភាពជោគជ័យតែងកើតឡើងជុំវិញខ្លួនយើងរាប់បញ្ចូលទាំងការងារធំតូចជាច្រើន។ ហើយទម្លាប់ប្រចាំថ្ងៃ និងសប្តាហ៍របស់អ្នកពិតជាអាចកំណត់ភាពជោគជ័យយ៉ាងគួរឲ្យកត់សម្គាល់នៅពេលខាងមុខ។ ដូច្នេះទម្លាប់អ្វីខ្លះដែលបុគ្គលជោគជ័យតែងធ្វើនៅចុងសប្តាហ៍របស់ពួកគេ?
ទម្លាប់ទាំង ១០ខាងក្រោមនេះហើយ ដែលអ្នកជោគជ័យគេតែងធ្វើវានៅចុងសប្តាហ៍៖
១) ផ្តាច់ខ្លួនចេញពីភារកិច្ច
ការសម្រាកពិតៗ គឺអ្វីដែលមនុស្សម្នាក់ៗមិនបានយកការងាររបស់ខ្លួនមករួមបញ្ចូលកំឡុងពេលកំពុងសម្រាក។ មិនថាវាជាការលេងភ្លេង ការគូសគំនូរ ឬលេងកីឡា ដែលអនុញ្ញាតឲ្យខ្លួនអ្នកទៅធ្វើសកម្មភាពមួយមានសារៈសំខាន់ សម្រាប់ផ្តាច់ចេញពីការងារ និងជម្រុញការច្នៃប្រឌិត។
២) ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណគឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីពង្រឹងរាងកាយ ស្មារតី និងជម្រុញគំនិតច្នៃប្រឌិត។ មិនថាលំហាត់ប្រាណបែបណាក៏ដោយអ្នកអាចចាប់ផ្តើមវាជារៀងរាល់ថ្ងៃក៏បាន មិនបាច់ចាំតែចុងសប្តាហ៍នោះទេ តាមរយៈវីឌីអូខ្លីៗនៅលើគេហទំព័រ (YouTube)។
៣) ការថែរក្សាខ្លួនឯង
រកពេលវេលាសម្រាប់ខ្លួនអ្នក គិតពិចារណាអ្វីដែលអ្នកបានធ្វើរយៈពេលមួយសប្តាហ៍កន្លងមក ឬធ្វើសកម្មភាពដែលជួយអ្នកធ្វើឲ្យប្រសើរឡើងដូចជាការអាន រៀនជំនាញថ្មី ឬការរីករាយនឹងពេលវេលាជាមួយមនុស្សជាទីស្រលាញ់ និងជួបជុំគ្រួសារជាពិសេស។
៤) សមាធិ
សមាធិបានន័យថាធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត ដូច្នេះចូលកុំភ្លេចអង្គុយតាំងសមាធិ ត្រឹមតែមួយដងក្នុងមួយសប្តាហ៍ក៏បានដែរបើយើងគ្មានពេលគ្រប់គ្រាន់។ ប្រសិនបើអ្នកមិនចង់ធ្វើសមាធិគ្រាន់តែជ្រើសរើសសកម្មភាពលំហែកាយដែលអ្នកពេញចិត្ត។ ការសម្រាកទៀងទាត់ និងការប្រាស្រ័យទាក់ទងក្នុងសង្គមក៏ល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។
៥) ចំណាយពេលវេលានៅម្នាក់ឯង
ការចំណាយពេលតែម្នាក់ឯងរយៈពេលពីរ បីម៉ោង នៅថ្ងៃសៅរ៍ ឬពេលព្រឹកថ្ងៃអាទិត្យអាចជាវិធីដ៏ល្អមួយដើម្បីបំបាត់អារម្មណ៍តានតឹង និងផ្តោតអារម្មណ៍ឡើងវិញ។ ព្យាយាមឆ្លុះបញ្ចាំងពីសមិទ្ធិផល និងផែនការរបស់អ្នកសម្រាប់សប្តាហ៍ខាងមុខនេះ និងកន្លងមក។ អ្នកនឹងមានមោទនភាពចំពោះអ្វីដែលអ្នកបានសម្រេច ហើយបានត្រៀមសម្រាប់អ្វីដែលនឹងមកដល់។
៦) រៀបចំផែនការប្រចាំសប្តាហ៍
រៀបចំផែនការពេលវេលារបស់អ្នកឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាននៅចុងសប្តាហ៍ គឺជាជំនួយដ៏អស្ចារ្យសម្រាប់រំលឹកអ្នកនូវការងារសម្រាប់សប្តាហ៍បន្ទាប់។ ការកំណត់ពេលវេលាប្រជុំ កំណត់អាទិភាពលើការងារ ឬភាពបន្ទាន់ ការរាំងស្ទះពេលវេលាសម្រាប់ការងារសំខាន់... ដែលរឿងទាំងអស់នេះធ្វើឲ្យផែនការប្រចាំថ្ងៃមានភាពងាយស្រួល និងអាចគ្រប់គ្រងបានក្នុងរយៈពេលមួយសប្តាហ៍។
៧) អាន
បង្កើតទម្លាប់អានជារៀងរាល់ចុងសប្តាហ៍ វាជាផ្នែកមួយជួយអភិវឌ្ឍគំនិតរបស់អ្នក និងធ្វើឲ្យស្រស់ស្រាយដល់អារម្មណ៍។ តាមរយៈការអានប្រធានបទដែលអ្នកស្គាល់ និងមិនធ្លាប់ស្គាល់ ដើម្បីរៀននូវអ្វីដែលថ្មីដែលអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកក្នុងផ្លូវវិជ្ជមាន និងរកឃើញប្រាជ្ញាគួរឲ្យចាប់អារម្មណ៍ដែលអ្នកអាចភ្ជាប់ទៅនឹងបទពិសោធន៍របស់អ្នក។
៨) សាកល្បងអ្វីដែលថ្មី
វិធីដ៏ល្អមួយដើម្បីពង្រីកគំនិតរបស់អ្នកគឺត្រូវសាកល្បងអ្វីដែលថ្មីដូចជាការអានសៀវភៅកំណាព្យ ឬព្យាយាមចំណង់ចំណូលចិត្តថ្មី។ ប្តូរពីទម្លាប់ចាស់មកជាទម្លាប់ថ្មីដែលអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកក្នុងផ្លូវវិជ្ជមាននឹងជួយអ្នកឲ្យឈានដល់ការច្នៃប្រឌិតថ្មីក្នុងខ្លួន។
៩) រកតុល្យភាព
ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីចំណាយពេលមួយថ្ងៃនៃចុងសប្តាហ៍ដោយមិនចាំបាច់ប្រើសកម្មភាពដែលទាក់ទងនឹងការងារ។ បន្ទាប់មកចំណាយពេលមួយថ្ងៃដើម្បីរៀនអ្វីដែលថ្មីដែលអាចប្រើដើម្បីឲ្យកាន់តែប្រសើរនៅកន្លែងធ្វើការ។
១០) ដំណើរផ្សងព្រេង
ដំណើរផ្សេងព្រេងដែលពោរពេញដោយព្រៃព្រឹក្សាធម្មជាតិយ៉ាងស្រស់បំព្រង អមជាមួយសំលេងសត្វយំល្វើយៗ វាបានជម្រុញឲ្យយើងកាន់តែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាបន្ទាប់។ ទោះបីជាយើងមានពេលតិចសម្រាប់ថ្ងៃចុងសប្តាហ៍ តែសូមចូលឲ្យកៀកនឹងធម្មជាតិពិតៗតាមអ្វីដែលអ្នកអាចធ្វើទៅបាន។
ដោយ៖ Anthony
ប្រភព៖ Success