លោក Eric Yuan ស្ថាបនិក Zoom កំពុងកើបលុយវាល់លាន ខណៈមហាសេដ្ឋីមួយចំនួនកំពុងរងភ្នំបាក់​



ក្នុងការផ្ទុះជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើនមិនស្ទើនោះទេ ក្នុងនោះដែរក្រុមហ៊ុនធំៗរបស់ពិភពលោកក៏កំពុងជួបបញ្ហាជាបន្តបន្ទាប់ផងដែរ ដែលធ្វើឲ្យខាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែក្នុងគ្រោះនូវមានលាភ ដោយជាក់ស្ដែងក្រុមហ៊ុនមួយចំនួនកំពុងកាក់កប់កើបចំណូលរបស់ខ្លួន ខណៈវិបត្តិសកលមួយនេះ។ 

យោងតាមរបាយការណ៍មួយរបស់ Hurun បានធ្វើការគណនាទ្រព្យសម្បត្តិរបស់លោក Eric Yuan ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Zoom ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មប្រជុំអនឡាញ បានរកឃើញថាទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងប្រមាណ ៣,៣ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៧៧ភាគរយ ឬអាចកើនដល់ ៨ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីដែលមានកំណើនទឹកប្រាក់លឿនជាងគេក្នុងរយៈពេល២ខែកន្លងមក ខណៈមហាសេដ្ឋភាគច្រើនកំពុងជួបភ្នំបាក់​ បាត់បង់ប្រាក់រាប់ពាន់លានដុល្លារអាមេរិកដោយសារកូវីដ១៩។

នេះដោយសារតែកំណើននៃអ្នកប្រើប្រាស់សេវាកម្មជួបប្រជុំតាមអនឡាញមានការកើនឡើងទូទាំងពិភពលោក ក្នុងពេលមានការផ្ទុះកូវីដ១៩។

លោក Alex Xu ស្ថាបនិកក្រុមហ៊ុនផលិត Mindray Bio – Medical Electronics  ដែលជាក្រុមហ៊ុនផលិតឧបករណ៍ជំនួយដង្ហើម កំពុងរកចំណូលនិងមានកំណើនទ្រព្យសម្បត្តិប្រមាណ ២៦ភាគរយ ឬស្មើនឹង ១៣,៥ ពាន់លានដុល្លារ ។ 

លោក Rupert Hoogewerf ប្រធានសិក្សាស្រាវជ្រាវខាងលើ បានមានប្រសាសន៍ថា ប្រទេសចិនកើនចំនួនមហាសេដ្ឋីច្រើនជាងគេ។ ចិនបានបន្ថែមចំនួនមហាសេដ្ឋីប្រមាណ ៦នាក់បន្ថែមទៀតទៅលើកំពូលតារាងទាំង ១០០ ខណៈឥណ្ឌាបាត់បង់តំណែងមហាសេដ្ឋីចំនួន ៣នាក់ និងអាមេរិកបាត់បង់ ២នាក់។

ក្នុងរបាយការណ៍ Hurun Report នោះ ចំនួនមហាសេដ្ឋីសរុបមាន ២ ៨១៦នាក់នៅមុនពេលមានការផ្ទុះឡើងកូវីដ១៩ ប៉ុន្តែចំនួននេះបានធ្លាក់ចុះប្រមាណ ២០ភាគរយ ស្របពេលតម្លៃផ្សារហ៊ុនមានការធ្លាក់ចុះដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះក៏រសាត់ទៅជាមួយដែរ។ 

ក្នុងចំណោមមហាសេដ្ឋីដែលរកចំណូលបានច្រើនក្នុងរយៈពេល២ខែកន្លងមកនេះ លោក Liu Yonghao ស្ថាបនិកក្រុមហ៊ុនផលិតសាច់ជ្រូក New Hope បានកំណើនទ្រព្យសម្បត្តិប្រមាណ២០ភាគរយ ស្មើនឹង ១៥ពាន់លានដុល្លារអាមេរិក និងលោក Qin Yinglin ប្រធានក្រុមហ៊ុនផលិតសាច់ជ្រូកចិន Muyuan មានការកើនឡោះងប្រមាណ ១៦ភាគរយ ស្មើនឹង ២២ពាន់លានដុល្លារអាមេរិក។ 

គួរឲ្យសោកស្ដាយ មហាសេដ្ឋីដែលបាត់បង់ទឹកប្រាក់ច្រើនជាងគេនៅលើតារាងគឺលោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH បាត់បង់ទ្រព្យសម្បត្តិប្រមាណ ៣០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល២ខែកន្លងមកដែលចំនួននេះស្មើនឹង ២០លានដុល្លារក្នុងមួយម៉ោង។ 

គួរបញ្ជាក់ផងថា លោក Jeff Bezos នៅតែជាមហាសេដ្ឋីលេខ១ ប្រចាំពិភពលោកដដែល បើទោះបីលោកបាត់បង់ទឹកប្រាក់ ៩ពាន់លានដុល្លារក៏ដោយក្នុងរយៈពេល២ខែចុងក្រោយនេះក្ដី៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

X
5s