កម្ពុជាបញ្ចុះតម្លៃប្រេងឥន្ធនៈទាបមែនទែន សាំងធម្មតាសល់តែ ២៣៥០រៀល/លីត្រ
ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ តម្លៃប្រេងឥន្ធនៈនឹងត្រូវបញ្ចុះបន្ថែម ៤សេន/លីត្រ ខណៈសាំងធម្មតា តម្លៃនៅសល់ត្រឹមតែ ២៣៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតនៅសល់ត្រឹមតែ ២៤៥០រៀលក្នុងមួយលីត្រ។ នេះជាកំណត់ត្រាតម្លៃប្រេងឥន្ធនៈទាបបំផុត មិនធ្លាប់មានសម្រាប់កម្ពុជា រយៈពេលច្រើនឆ្នាំមកនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ការបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនាពេលនេះ គឺដោយសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើឡើងដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយសារមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ខណៈស្ថានភាពបច្ចុប្បន្នកម្ពុជា និងពិភពលោកកំពុងទទួលរងបញ្ហាកូវីដ១៩ ធ្ងន់ធ្ងរ។
បើតាមតារាងតម្លៃលក់រាយដដែល បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតចាប់ផ្ដើមធ្លាក់ថ្លៃចាប់ពីខែមករា មកពោលគឺចុះពី ៣៧០០សម្រាប់ប្រេងសាំងធម្មតា និង ៣៦០០សម្រាប់ប្រេងម៉ាស៊ូត និងធ្លាក់ចុះបន្តបន្ទាប់ទៀត រហូតដល់ការសម្រេចចិត្តបញ្ចុះបន្ថែមពីប្រមុខរាជរដ្ឋាភិបាលមកនៅក្រោមតម្លៃ ២៥០០រៀលក្នុងមួយលីត្រ។
ដោយ៖ រតនៈវិភូ
រូបភាព៖ BizKhmer