​​​បញ្ហា​ផលិតកម្ម​នៅ​ម៉ាឡេស៊ី​ ​ពិភពលោក​មិន​​ត្រឹម​ខ្វះ​ស្រោមដៃ​ពេទ្យ​ ​តែ​​​ខ្វះទាំង​ស្រោម​អនាម័យ​​​



តាម​សេចក្ដី​រាយការណ៍​ពី​ Bloomberg ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ ​​​បាន​អះអាង​អំពី​បរិមាណ​ផ្គត់ផ្គង់​ស្រោម​អនាម័យ​មាន​ការ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ ​បន្ទាប់​ពីមាន​វិបត្តិ​វីរុស​កូវីដ​១៩​ ផ្ទុះ​ឡើង​ខណៈ​​ស្តុក​ដែល​ក្រុម​ហ៊ុន​មាន​ស្រាប់​អាច​នឹង​ចរាចរ​បាន​ត្រឹម​តែ​ ២​ខែ​ទៀត​ប៉ុណ្ណោះ។

​ការ​ប្រកាស​នា​ពេល​នេះ​ ក៏គាប់ជួន​នឹង​ការ​ប្រកាស​របស់​​សមាគម​ផលិត​ស្រោមដៃ​ (Glovemaking Association) ​របស់​ម៉ាឡេស៊ី​​ ​​​អះអាង​អំពី​ ឱនភាព​នៃ​ការ​ផ្គត់ផ្គង់​​ទៅ​​កាន់​ពិភពលោក​ដោយ​សារ​តែ​រោងចក្រ​ភាគ​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់បទ​បញ្ញត្ត​ឱ្យ​​កាត់​បន្ថយ​បុគ្គលិក​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​រួច​មក។ ស្រោម​ដៃ​ប្រមាណ​ ៣​ ក្នុង​ចំណោម​ ៥​ ដែល​​មន្ទីរពេទ្យ​នៅ​ជុំវិញ​ ពិភពលោក​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​​ ​ផលិត​ដោយ​រោងចក្រ​​​ជា​សមាជិក​​របស់​សមាគម​ផលិត​ស្រោមដៃ​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំង​អស់។ 

 

ក្រុមហ៊ុន​ Karex Bhd. ​ដែល​ផលិត​ស្រោម​អនាម័យ​​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំង​ពិភពលោក​ ១/៥​ ទើប​តែ​បាន​​​បើក​ដំណើរការ​រោងចក្រ​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៍នេះ​ ​បន្ទាប់​ពី​បិទ​​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍ ​ប៉ុន្តែ​ការ​បើក​ដំណើរការ​ពេល​នេះ​ គឺ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បាន​តែ​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ប្រទេស​បិទ​ដើម្បី​ទប់ទល់​នឹង​ការ​រីក​សាយភាព​កូវីដ​១៩។

បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​ដដែល​នេះ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ផលិតកម្ម​ស្រោមអនាម័យ​នៅ​ប្រទេស​ពីរ​ផ្សេង​ទៀត​គឺ​ ចិន​ និង​ឥណ្ឌា​ ក៏​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ។

នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ខាង​លើ​ លោក​ Goh Miah Kiat ​បាន​លើក​ឡើង​ថា​ បរិមាណ​តម្រូវ​ការ​កើន​ឡើង​ពីរ​ដង​ ដោយ​សារ​តែ​​ប្រទេស​ភាគ​ច្រើន​បាន​​ដាក់​ចេញ​នូវ​បញ្ញត្តិ​ឱ្យ​ប្រជាជន​ស្នាក់នៅ​ផ្ទះ​មិន​ចេញ​ក្រៅ​​ ខណៈ​ប្រជាជន​ភាគ​ច្រើន​មិន​ចង់​មាន​កូន​ ក្នុង​ស្ថានភាព​អនាគត​ដ៏​មិន​ច្បាស់លាស់​នេះ។

គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន​ខាង​លើ​ផលិត​ម៉ាក​យីហោ​ជា​ច្រើន​ដូច​ជា​ Durex ​ជា​ដើម។ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្រោម​អនាម័យ​ ៥​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ប្រមាណ​ ១៤០​ប្រទេស៕​

ដោយ៖ រតនៈ​វិភូ

X
5s