វឹកវររឿងកូវីដ វៀតណាមបិទការនាំចេញអង្ករ អាច​បង្កបញ្ហាដល់ប្រទេសធំៗមួយចំនួន​



តាមការចេញផ្សាយពីការសែត Bangkok Post របស់ប្រទេសថៃបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការមួយកាលពីថ្ងៃពុធ ពាក់ព័ន្ធលើការមិនចុះសហត្ថលេខាណាមួយលើកិច្ចសន្យានាំអង្ករចេញ ដើម្បីធានាការផ្គត់ផ្គង់តម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់ខណៈប្រទេសវៀតណាម និងពិភពលោកកំពុងវឹកវរនឹង COVID 19។  

ក្នុងនាមជាប្រទេសនាំចេញអង្ករធំលំដាប់លេខ ៣ លើពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ការនាំចេញរបស់វៀតណាមកើនឡើងដល់ ៤,២% ស្មើប្រមាណ ៦,៣៧លានតោន ហើយអ្នកដែលទទួលទិញអង្ករសំខាន់របស់ប្រទេសវៀតណាមគឺ ហ្វីលីពីន ចិន និងអាព្រិក។ ពេលនេះវៀតណាមសម្រេចបិទការនាំចេញអង្កររបស់ខ្លួន ដើម្បីរក្សាឲ្យបានការផ្គត់ផ្គង់ក្នុងប្រជាជនក្នុងស្រុកជាង ៩៧លាននាក់របស់ខ្លួនឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩នេះ។ នាយកដ្ឋានបម្រុងរដ្ឋរបស់ប្រទេសវៀតណាម បានគ្រោងស្តុកអង្ករចំនួនប្រមាណ ១៩០.០០០ តោនឲ្យបានត្រឹមថ្ងៃទី ១៥ ខែមិថុនា។

តាមការចេញផ្សាយពីសារព័ត៌មាន ABC News របស់ប្រទេសអូស្រា្តលីបានឲ្យដឹងថា ប្រធានក្រុមហ៊ុន SunRice របស់អូស្រ្តាលីលោក Laurie Arthur បាននិយាយថាវាជាលើកទីមួយហើយដែលបញ្ហាសន្តិសុខស្បៀងបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយមានការអូសបន្លាយរយៈពេលយូរទៀត។ លោក Arthur បានមានប្រសាសន៍ថាសម្រាប់ការបិទការនាំចេញនេះ គួរតែមានការជូនដំណឹងឲ្យជាមុនពីរដ្ឋាភិបាល មិនមែនសម្រាប់តែអូស្រ្តាលីប៉ុណ្ណោះទេ តែសម្រាប់ប្រទេសទាំងអស់លើពិភពលោក។ លោកបានបន្ថែមថា វាពិតជាភ្ញាក់ផ្អើលមែនទែន ព្រោះបញ្ហាសន្តិសុខស្បៀងនេះមិនបានកើតមានឡើងងឡើយក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។ SunRice  គឺជាក្រុមហ៊ុន Rice Food ធំជាងគេបំផុតមួយនៅលើពិភពលោក និងជាក្រុមហ៊ុននាំចេញអាហារឈានមុខគេមួយរបស់ប្រទេសអូស្ត្រាលី ហើយក៏ជាក្រុមហ៊ុនមួយដែលមានតម្រូវការចាំបាច់លើផលិតផលស្រូវរបស់ប្រទេសវៀតណាម។ ការបិទការនាំចេញអង្កររបស់វៀតណាមនេះ នាំឲ្យមានការប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់អាហារមួយផ្នែកសម្រាប់ពិភពលោក ព្រោះក្រុមហ៊ុន SunRice រំពឹងថានឹងបន្ថែមផលិតផលដែលផលិតដោយអូស្រ្តាលីជាមួយអង្ករនាំចូលពីរោងចក្រកែច្នៃរបស់ប្រទេសវៀតណាម ទៅកាន់ពិភពលោក។ 

មូលហេតុដែលនាំឲ្យវៀតណាមបិទការនាំចេញអង្ករ ពិតណាស់ថាបណ្តាលមកពីវិបត្តិនៃកូវីដ ១៩ តែ ហេតុផលមួយដោយឡែកទៀតគឺព្រោះកង្វះខាតទឹកសម្រាប់កសិកម្មរបស់វៀតណាម ក៏ជាដើមហេតុសំខាន់ដែលពួកគេសម្រេចចិត្តធ្វើបែបនេះ។ លើសពីនេះ ក៏មានប្រទេសមួយចំនួនបាននិងកំពុងពិចារណាលើការនាំចូលទំនិញពីបណ្ដាប្រទេសនានាផងដែរ ក្នុងអំឡុងពេលនៃការគំរាមកំហែងពីការរាលដាននៃវីរុសកូវីដ ១៩នេះ។ 

លោក Phung Duc Tung អ្នកជំនាញផ្នែកសេដ្ឋកិច្ចកសិកម្មនិងជាប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍមេគង្គប្រចាំប្រទេសវៀតណាមបាននិយាយថា ការសម្រេចចិត្តរបស់វៀតណាមក្នុងការបញ្ឈប់ការនាំចេញអង្ករអាចបញ្ចប់ ឬបញ្ចៀសនូវផលប៉ះពាល់ដ៏ធំមួយនៃចំនួនប្រជាជនដែលកំពុងធ្វើការនៅប្រទេសវៀតណាម ហើយពឹងផ្អែកលើពាណិជ្ជកម្ម និងការធ្វើស្រូវអង្ករដើម្បីផ្គត់ផ្គង់ជីវភាព។

លោក Phung Duc Tung ក៏បានមានប្រសាសន៍ទៀតថា៖ «ការព្យួរការនាំចេញអង្ករគឺមិនត្រឹមត្រូវទេ។ រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យទីផ្សារមានដំណើរការដោយសេរី ដើម្បីឱ្យកម្មករទទួលបានការលើកទឹកចិត្តក្នុងការធ្វើការជាពិសេសចាប់តាំងពីអ្នកស្រែជាក្រុមងាយរងគ្រោះ” ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមិនទាន់បានប្រកាសអាសន្នថ្នាក់ជាតិ លើការដាក់ប្រទេសក្នុងកម្រិតអាសន្ននៅឡើយទេ ហើយចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ មានចំនួន ១៦៩នាក់ ខណៈអ្នកជាមាន ២០នាក់ និងគ្មានករណីស្លាប់នោះទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s