ទស្សនចំនួន ៦ឃ្លា របស់លោក Sam Harris អ្នកវិទ្យាសាស្ត្រសរសៃប្រសាទខួរក្បាលរបស់អាមេរិក
Samuel Benjamin Harris ឬ Sam Harris ជាអ្នកនិពន្ធសៀវភៅ The End of Faith នៅក្នុងឆ្នាំ២០០៤ ដែលត្រូវបានឈ្នះពានរង្វាន់ The PEN/Martha Albrand Award សម្រាប់សៀវភៅរឿងមិនប្រឌិតដំបូង និងជាសៀវភៅមួយដែលបានជាប់នៅក្នុងតារាងសៀវភៅលក់ដាច់បំផុតមួយរបស់ The New York Times ក្នុងរយៈពេល៣៣សប្ដាហ៍។ មានប្រវត្តិសិក្សានៅក្នុងផ្នែកទស្សនវិជ្ជានិងវិទ្យាសាស្ត្រសរសៃប្រសាទខួរក្បាល គាត់គឺជាអ្នកនិពន្ធ ទស្សនវិទូ អ្នកវិទ្យាសាស្ត្រសរសៃប្រសាទខួរក្បាល និងជាម្ចាស់podcastមួយរូបរបស់អាមេរិក ដែលpodcastរបស់គាត់មានឈ្មោះថា Making Sense និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដែលគាត់តែងសម្ភាសភ្ញៀវកិត្តិយស ឆ្លើយតបនឹងអ្នកវាយតម្លៃ និងពិភាក្សាពីទស្សនរបស់គាត់។
លើសពីនេះ គាត់ក៏បានចេញផ្សាយកម្មវិធីappសមាធិមួយ ដែលមានឈ្មោះថា Waking Up with Sam Harris កាលពីខែកញ្ញាឆ្នាំ២០១៨ផងដែរ។ ថ្ងៃនេះយើងបានចងក្រងនូវទស្សនរបស់លោក Harris ចំនួន៦ឃ្លា ដែលអ្នកគួរគិតពិចារណា៖
- «រាល់អ្វីៗដែលយើងធ្វើគឺដើម្បីផ្លាស់ប្ដូរសតិដឹងរបស់យើង។ យើងបង្កើតចំណងមិត្តភាពដូច្នេះយើងនឹងអាចទទួលអារម្មណ៍ជាក់លាក់បែបណាមួយដូចជាក្ដីស្រឡាញ់ និងគេចចេញពីអារម្មណ៍ដទៃទៀតដូចជាភាពឯកា។ យើងញ៉ាំអាហារជាក់លាក់ណាមួយដើម្បីរីករាយជាមួយនឹងវត្តមានមួយភ្លែតរបស់ពួកវានៅលើអណ្ដាតរបស់យើង។ យើងអានដើម្បីកម្សាន្តក្នុងការគិតការគិតរបស់អ្នកដទៃ។»
- «ខ្ញុំតែងតែជឿថាពន្លឺនៅខាងចុងផ្លូវក្រោមដីមិនមែនជាការបំភ័ន្តនោះឡើយ។ ការបំភ័ន្តគឺជាផ្លូវក្រោមដីខ្លួនវានេះឯង។»
- «ស្ទើរតែគ្រប់សេចក្ដីទុក្ខរបស់យើងទាំងអស់គឺជាផលិតផលនៃការគិតរបស់យើង។ យើងចំណាយពេលស្ទើរតែគ្រប់ខណៈពេលទាំងអស់នៃជីវិតរបស់យើងវង្វេងនៅក្នុងការគិត និងក្លាយជាចំណាប់ខ្មាំងនៃលក្ខណៈនៃការគិតទាំងនោះ។ អ្នកអាចបំបែកមន្តអាគមនេះបាន ប៉ុន្តែវាត្រូវការការហ្វឹកហាត់ដូចទៅនឹងការដែលអ្នកហ្វឹកហាត់ដើម្បីការពារខ្លួនឯងពីការវាយប្រហារផ្នែករាងកាយដែរ។»
- «បើនរណាម្នាក់មិនឲ្យតម្លៃទៅលើភស្តុតាង តើភស្តុតាងណាដែលអ្នកនឹងផ្ដល់ឲ្យដើម្បីបញ្ជាក់ថាពួកគេគួរតែឲ្យតម្លៃទៅលើភស្តុតាង។ បើនរណាម្នាក់មិនឲ្យតម្លៃទៅលើឡូហ្សិក តើការអះអាងលក្ខណៈឡូហ្សិកណាដែលអ្នកនឹងបំផុសដើម្បីបញ្ជាក់ថាពួកគេគួរតែឲ្យតម្លៃទៅលើឡូហ្សិក។»
- «មិនថាអ្នកមានអារម្មណ៍ថាអ្នកត្រូវរៀបចំផែនការសម្រាប់អនាគតនិងកាត់បន្ថយហានិភ័យខ្លាំងប៉ុណ្ណាឡើយ ការពិតនៃជីវិតរបស់អ្នកគឺឥឡូវនេះ។»
- «វាពិតជាមិនពិតនោះទេដែលសាសនាផ្ដល់ឲ្យនូវក្របខ័ណ្ឌតែមួយគត់សម្រាប់សីលធម៌សកលលោក។»
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លាពី Oscar Wilde អ្នកសរសេររឿងល្ខោនរបស់អៀរឡង់
ដោយ៖ ស្រីពៅ