ទស្សន​ចំនួន​ ១០​ឃ្លា​ របស់​ជ័ងជឺ ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​គិត​ឲ្យ​បាន​ហ្មត់ចត់​



ជ័ងជឺ​ជា​ទស្សនវិទូ​របស់​ចិន​បុរាណ បាន​និយាយ​ថា «សមិទ្ធផល​គឺជា​ការ​ចាប់ផ្ដើម​នៃ​ភាព​បរាជ័យ។ កិត្តិនាម​គឺជា​ការ​ចាប់ផ្ដើម​នៃ​ភាព​អាម៉ាស់។» រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​ភាគច្រើន​តាម​ស្វះស្វែង​រក​ភាព​ជោគជ័យ​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​ខ្លួនឯង បុគ្គល​ដែល​ប្រតិបត្តិ​ខ្លួន​ទៅ​តាម​ច្បាប់​របស់​ធម្មជាតិ បុគ្គល​ដែល​ដើរ​តាម​បេះដូង​របស់​ខ្លួនឯង​ដោយ​មិន​ត្រូវ​បាន​រង្គោះរង្គើ​ពី​រឿងរ៉ាវ​ខាងក្រៅ និង​នៅ​តែ​អាច​ជឿជាក់​លើ​ខ្លួនឯង​ដូចជា​ជ័ងជឺ និង​ឡៅជឺ​ជាដើម ពិត​ជា​បុគ្គល​ដែល​គួរឲ្យ​គោរព​កោតសរសើរ​នៅ​ក្នុង​លោក​នេះ​ពិតមែន។ បុគ្គល​ភាគច្រើន​បង្រៀន​ឲ្យ​យើង​ធ្វើ​ល្អ​និង​លះបង់​អាក្រក់។ ផ្ទុយ​ស្រឡះ​ទៅវិញ ការ​បង្រៀន​របស់​ជ័ងជឺ​មាន​លក្ខណៈ​ជា​ផ្លូវ​កណ្ដាល ដោយ​មិន​ឲ្យ​យើង​ជាប់ជំពាក់​ទាំង​សេចក្ដី​ល្អ​ឬ​សេចក្ដី​អាក្រក់​របស់​ខ្លួន​នោះ​ឡើយ។

ការ​បង្រៀន​របស់​គាត់​ធ្វើឲ្យ​យើង​វិល​ត្រឡប់​ទៅ​កាន់​ធម្មជាតិ​របស់​ខ្លួនឯង​វិញ និង​មិន​ធ្វើឲ្យ​យើង​សម្ដែង ធ្វើពុត​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម​នោះ​ឡើយ។ អ្វី​ដែល​យើង​ច្រើន​តែ​មើល​ឃើញ​ថា​ផ្ទុយគ្នា​តាម​ពិត​ទៅ​គឺជា​របស់​តែមួយ​ប៉ុណ្ណោះ។ ពួក​វា​មាន​ដើម​កំណើត​តែមួយ។ ដូចជា​ល្អ​និង​អាក្រក់ ជោគជ័យ​និង​បរាជ័យ កិត្តិនាម​និង​ភាព​អាម៉ាស់ ប្រៀប​បាន​ទៅ​នឹង​ជីវិត​ដែល​អ្នក​រស់នៅ​បាន​ច្រើន​មួយ​ថ្ងៃ​តែ​អ្នក​ក៏​អាច​មើល​ឃើញ​វា​ថា​កាត់បន្ថយ​អស់​មួយ​ថ្ងៃ​បាន​ដែរ។ ការ​ពិត​នេះ​មាន​ភាព​ស៊ីជម្រៅ​ជា​ខ្លាំង​ដែល​អ្នក​គួរ​យក​វា​មក​សញ្ជឹង​គិត​នៅ​ក្នុង​ជីវិត​របស់​អ្នក។

ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០​ឃ្លា​របស់​ជ័ងជឺ ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​គិត​ឲ្យ​បាន​ម៉ត់ចត់៖

  1.  «កំណើត​នៃ​មនុស្ស​គឺជា​កំណើត​នៃ​ទុក្ខសោក​របស់​គាត់។»
  2.  «ភាព​រីករាយ​ដែល​ល្អឥតខ្ចោះ​គឺ​ការ​ដែល​មិន​មាន​ភាព​រីករាយ។ ការ​សរសើរ​ដែល​ល្អឥតខ្ចោះ​គឺជា​ការ​ដែល​មិន​មាន​ការ​សរសើរ។»
  3. «មេឃ​និង​ដី​មិន​ធ្វើអ្វី​ទាំងអស់។ ប៉ុន្តែ​មិន​មាន​អ្វី​ដែល​ពួកគេ​មិន​ធ្វើ​នោះ​ឡើយ។»
  4.  «គ្មាន​នរណា​ម្នាក់​ហាក់​ដូចជា​ដឹង​ថា​តើ​វា​មាន​ប្រយោជន៍​ប៉ុណ្ណា​ក្នុង​ការ​ដែល​ឥតមាន​ប្រយោជន៍​ទាល់តែសោះ។»
  5. «សមិទ្ធផល​គឺជា​ការ​ចាប់ផ្ដើម​នៃ​ភាព​បរាជ័យ។ កិត្តិនាម​គឺជា​ការ​ចាប់ផ្ដើម​នៃ​ភាព​អាម៉ាស់។»
  6.  «សំឡេង​នៃ​ទឹក​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​គិត។»
  7. «ការ​គួរសម​ដែល​ល្អ​បំផុត​មាន​សេរីភាព​ពី​បែបបទ​គួរសម​ទាំងឡាយ។ ចរិយា​ដែល​ល្អ​បំផុត​មាន​សេរីភាព​ពី​ការ​ព្រួយ​បារម្ភ​ទាំងឡាយ។ បញ្ញា​ដែល​ល្អឥតខ្ចោះ​មិន​មាន​ការ​ព្រាងទុក​មុន។ ក្ដី​ស្រឡាញ់​ដែល​ល្អឥតខ្ចោះ​មិន​មាន​ការ​បកស្រាយ។ ភាព​ស្មោះត្រង់​ដែល​ល្អឥតខ្ចោះ​មិន​ផ្ដល់នូវ​ការ​ធានា។»
  8. «យើង​ជាប់​ជំពាក់​ទៅ​នឹង​ទស្សន​យល់ឃើញ​របស់​ខ្លួនឯង​ប្រៀប​បាន​ទៅ​នឹង​អ្វី​គ្រប់យ៉ាង​ត្រូវ​ពឹងផ្អែក​ទៅលើ​វា​យ៉ាង​ដូច្នោះ។ ប៉ុន្តែ​ទស្សន​របស់​យើង​មិន​មាន​ភាព​ឋិតថេរ​នោះ​ឡើយ។ ដូច​ទៅ​នឹង​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវ​រងា ពួក​វា​រសាត់​ទៅ​បន្តិចម្ដងៗ។»
  9. «នៅ​ពេល​ស្បែកជើង​សម​ល្មម ជើង​ត្រូវ​បាន​បំភ្លេច។ នៅ​ពេល​ខ្សែក្រវាត់​សម​ល្មម ក្បាលពោះ​ត្រូវ​បាន​បំភ្លេច។ នៅ​ពេល​បេះដូង​យល់ស្រប ​និងការ​ជំទាស់​ត្រូវ​បាន​បំភ្លេច។»
  10.  «សេចក្ដី​សុខ​ដែល​ល្អឥតខ្ចោះ​គឺជា​អវត្តមាន​នៃ​ការ​ស្វះស្វែង​រក​សេចក្ដី​សុខ។»

    អត្ថបទទាក់ទង៖ កម្រងគតិចំនួន៩របស់ទស្សនវិទូ ​តៅ ជ័ងជឺ ដែលអ្នកគួរតែបានអានម្ដងនៅក្នុងជីវិត

    ដោយ៖ ស្រីពៅ
X
5s