ផ្នត់គំនិត ៤យ៉ាង ដឹកនាំជីវិតអ្នកទៅរកភាពរីកចម្រើន​



គំនិតគឺជាការគិត។ ចំណែកឯផ្នត់គំនិតគឺជារបៀបគិត។ ផ្នត់គំនិតប្រៀបដូចជាខ្សែទឹក ឯគំនិតប្រៀបដូចជា ដុំឈើដែលអណ្តែតលើខ្សែរទឹក។ មិនខ្វល់ថាដុំឈើនោះតូច ឬ ធំ វែង ឬ ខ្លី ទិសដៅចុងក្រោយ របស់វានឹងត្រូវអណ្តែតទៅកាន់ទីតាំងដែលខ្សែរទឹកនោះនាំទៅ។ ការគិតរបស់មនុស្សក៏ដូចគ្នាដែរ មិនខ្វល់ថាអ្នករៀនសូត្របានប៉ុណ្ណា ឬមានការយល់ដឹងជ្រៅជ្រះប៉ុណ្ណាទេ ទំហំនៃលទ្ធផលចុងក្រោយរបស់អ្នកគឺ អាស្រ័យលើគុណភាពនៃរបៀបគិត ឬផ្នត់គំនិតរបស់អ្នក។ ខាងក្រោមនេះ គឺជាផ្នត់គំនិត៤យ៉ាងដែលអាចដឹកនាំជីវិតអ្នកទៅរកភាពរីកចម្រើនបាន៖

  1. ស្វែងយល់ពីខ្លួនឯង
    នៅជុំវិញខ្លួនយើងពោរពេញទៅដោយឱកាស តែនៅខាងក្នុងខ្លួនយើងវិញពោរពេញទៅដោយសក្តានុពល។ ការស្វែងយល់ពីខ្លួនឯងនឹងធ្វើឲ្យអ្នករកឃើញភាពអស្ចារ្យជាច្រើន ដែលបង្កប់ខ្លួនក្នុងពិភពខាងក្នុង វាជាពិភពរបស់អ្នកជាភាពអស្ចារ្យរបស់អ្នក ហើយក៏គ្មានអ្នកណាអាចយកវាមកឲ្យអ្នកក្រៅពីអ្នកបានដែរ។ ភាពអស្ចារ្យ ការរីកចម្រើន ឬ សមិទ្ធផលធំធេងទាំងឡាយ តែងតែកើតឡើងពី ខាងក្នុងមកមុនជានិច្ច។
  2. បញ្ចេញសកម្មភាព
    ចិត្តគំនិត ក្តីប្រាថ្នា ឬសក្តានុពល មិនថាវាធំធេងឬអស្ចារ្យប៉ុណ្ណា វាគ្រាន់តែជាទ្រព្យសម្បត្តិដែលស្ថិត ក្នុងពិភពខាងក្នុងរបស់អ្នកប៉ុណ្ណោះ។ អ្នកត្រូវការសកម្មភាពជាចាំបាច់ដើម្បីអាចសូនវាឲ្យចេញជារូបរាងបាន។ បើគ្មានសកម្មភាពទេ អ្វីៗគ្រប់បែបយ៉ាងក្នុងចិត្តគំនិតរបស់អ្នក គ្រាន់តែជាគ្រាប់ពូជមួយប៉ុណ្ណោះ ដែលគ្មានភាពលូតលាស់ គ្មានផ្លែផ្កា គ្មានប្រយោជន៍អ្វីទាំងអស់ ទាំងសម្រាប់អ្នក និងមនុស្សជុំវិញខ្លួនអ្នក។ ដូចនេះបើមានគ្រាប់ពូជហើយ ត្រូវយកវាទៅដាំ ស្រោចទឹក ដាក់ជី មើលថែឲ្យល្អ។
  3. ឆ្លុះបញ្ចាំងមើលខ្លួនឯង
    ពេលខ្លះយើងមមាញឹកខ្លាំងពេក រហូតដល់គ្មានពេលឆ្លុះបញ្ចាំងមើលសកម្មភាពប្រចាំថ្ងៃរបស់យើង។ មមាញឹកខ្លាំង មិនប្រាកដថាមានប្រសិទភាពខ្លាំងនោះទេ។ មិនថាអ្នកជាអ្នកណា ទទួលបានសមិទ្ធផលជីវិតធំធេងប៉ុណ្ណាទេ វាតែងតែមានអ្វីមួយជានិច្ចដែលអ្នកអាចកែប្រែ រៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍខ្លួនឯងបន្តទៀត។ មានតែការឆ្លុះបញ្ចាំងមើលពីខ្លួនអ្នកទេ ទើបអ្នកអាចមើលឃើញអ្វីទាំងអស់នេះបាន។ អ្នកដែលមិនព្រមឆ្លុះបញ្ចាំង និង កែតម្រូវសកម្មភាពរបស់ខ្លួន ប្រៀបដូចជាអ្នកពុះ អុសដែលមិនព្រមសំលៀងពូថៅអីចឹង។ កុំធ្វើជាកញ្ចក់ឆ្លុះអ្នកដទៃច្រើនពេក គួរតែយកពេលឆ្លុះមើលខ្លួនឯងខ្លះផង។
  4. ស្វែងរកឱកាស
    ឱកាសគឺជាប៉ូតុងជំនួយដើម្បីបង្កើនល្បឿនជីវិតរបស់អ្នក។ បើអ្នកចង់ទៅមុខលឿនសូមបន្តស្វែងរកឱកាសជានិច្ច។ ភាពជោគជ័យ និង ការផ្លាស់ប្តូរទាំងឡាយកើតឡើងនៅពេលដែលឱកាសជួបជាមួយការត្រៀមខ្លួន៕

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​អាច​បង្កើន​ទស្សន​របស់​អ្នក​ឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​មុន​

ដោយ៖ ជា ឧត្តម្ភ

X
5s