គួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២០? តោះមកមើលការបកស្រាយពីអ្នកជំនាញ
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ធម្មតាដំណើរនៃការវិនិយោគលើអចលនទ្រព្យគឺតែងដើរទន្ទឹមជាមួយនឹងសេដ្ឋកិច្ច បើគិតត្រឹមរយៈពេល ២ខែដើមឆ្នាំ ២០២០ ពិភពលោកបានជួបបញ្ហាជាច្រើន ធំជាងគេនៅពេលនេះគឺបញ្ហាកូរ៉ូណា។
ចំណែកប្រទេសកម្ពុជាវិញក៏ដូចគ្នាដែរ សកម្មភាពសេដ្ឋកិច្ចមួយចំនួនហាក់បានភាពថមថយព្រោះ កាលពីដើមឆ្នាំគឺជាអំឡុងពេលចូលឆ្នាំសកល ធ្វើឲ្យវិនិយោគិនជាពិសេសចិនបានត្រលប់ទៅប្រទេសកំណើតរបស់គេវិញ។ បន្ទាប់មកជាពេលចូលឆ្នាំចិន ដែលមនុស្សភាគច្រើនទុកប្រាក់សម្រាប់ចំណាយពេលបុណ្យទាន និងតម្រូវការចំណាយសម្រាប់ការធ្វើដំណើរកំសាន្ត។ ក្រៅពីនោះ EBA ក៏បានចូលរួមធ្វើជាបញ្ហាមួយចំណែកដែរ ទោះជាវាមិនធំធេងខ្លាំង តែវាក៏នៅតែជាបញ្ហា តែអ្វីដែលសំខាន់មួយទៀតគឺវិបត្តិនៃវីរុសកូវីដ ១៩ វាបានធ្វើឲ្យពិភពលោកមានភាពជ្រួលច្របល់ ហើយក៏បានទាញកម្ពុជាឲ្យចូលភ័យខ្លាចដែរ។ លោកច្រឹក សុខនីម ក៏បានលើកឡើងបន្ថែមថា ទោះជាយ៉ាងណាក្តីបញ្ហា EBA និងកូរ៉ូណាវាជាបញ្ហាដែលនឹងជះឥទ្ធិពលរយៈពេលខ្លីមកលើដំណើរសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្ថែមថា ដោយសារប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច និងគោលនយោបាយសេដ្ឋកិច្ចរឹងមាំ មានកំណើនផលិតផលក្នុងស្រុកសរុបស្ថិតក្នុងរង្វង់ ៧% ដោយឡែកករវិនិយោគលើវិស័យអចលនទ្រព្យគឺគេសិក្សថាមានភាពរីកចម្រើនប្រមាណ ១០ ទៅ ១៥% ជាប្រចាំ នាំឲ្យវិនិយោគិនអាចទទួលបានផលចំណេញច្រើនពីការវិនិយោគអចលនទ្រព្យនេះ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យនេះតាមរយៈការកំណត់ទិសដៅ និងយុទ្ធសាស្រ្តរយៈពេលវែង រួមជាមួយការគាំទ្រពីវិស័យធនាគារ ធ្វើឲ្យកម្ពុជាមានភាពល្អប្រសើរសម្រាប់អ្នកដែលចង់វិនិយោគលើអចលនវត្ថុ។
លើសពីនេះ លោក ច្រឹក សុខនីម ក៏បានលើកឡើងមួយចំណុចទៀតដែរលើកំណើនប្រជាជនកម្ពុជា គេសង្កេតឃើញថា កម្ពុជាមានតម្រូវការផ្ទះសំបែងប្រមាណជាង ៥០,០០០ខ្នងក្នុងមួយឆ្នាំ ដែលទាមទារឲ្យវិស័យមួយនេះមានការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគត ប្រកបដោយភាពជឿជាក់។ បើធៀបជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងគេនៅឡើង ជាហេតុនាំឲ្យកម្ពុជាមានអាទិភាពខ្ពស់ក្នុងការដែលវិនិយោគិនទាំងក្នុង និងក្រៅប្រទេសធ្វើការវិនិយោគ។
លោកសុខនីម បានធ្វើការសរុបជារួមថា វិស័យអចលនទ្រព្យកម្ពុជានៅតែបន្តបាននូវភាពរឹងមាំដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល រួមទាំងការគាំទ្រពីវិ័យធនាគារ និងកំណើននៃតម្រូវការផ្ទះសំបែងប្រចាំឆ្នាំ។ លោកក៏បានបញ្ជាក់ទៀតថា តាមការព្យាករណ៍ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀតវិស័យអចលនទ្រព្យកម្ពុជនៅតែមានដំណើរការល្អ ហើយវិនិយោគិនទាំងក្នុងនិងក្រៅស្រុកអាចចាប់យកឱកាសវិវនិយោគ ដើម្បីទទួលបានផលចំណេញខ្ពស់៕
ដោយ៖ យ៉ាយ៉ា