រូបមន្តជោគជ័យអាថ៍កំបាំងមួយ របស់ លោក អាញស្ដាញ A = X+Y+Z​



អ្នកប្រាកដជាបានស្គាល់ហើយនូវបិតាអ្នកប្រជ្ញាសម័យទំនើបគឺ លោក អាល់ប៊ឺត អាញស្ដាញ។ លោក អាញស្ដាញ បានបន្សល់ទុកនូវទ្រឹស្ដី គំនិត មេរៀនជីវិត និងរូបមន្តភាពជោគជ័យជាច្រើនដល់មនុស្សជំនាន់ក្រោយ។ ក្នុងនោះលោកបានបន្សល់រូបមន្តជោគជ័យមួយដល់អ្នកជំនាន់ក្រោយ។ លោក បានមានប្រសាសន៍ថា «ប្រសិនបើ «A» គឺជាភាពជោគជ័យក្នុងជិវិតអ្នក អ៊ីចឹង «A» ស្មើនឹង X+Y+Z។ «X» គឺការខិតខំប្រឹងប្រែងធ្វើការងារ «Y» គឺភាពរីករាយ «Z» គឺបិតមាត់របស់អ្នកឲ្យជិត»។ ក្នុងន័យនេះលោក អាញស្ដាញ ចង់មានន័យថា៖

១) X ការខិតខំប្រឹងប្រែងធ្វើការ៖ មនុស្សម្នាក់ៗបើចង់ជោគជ័យ ត្រូវប្រឹងធ្វើការ ដោយសារវាជាច្បាប់ធម្មជាតិ។ មិនមានអ្វីមួយដែលជោគជ័យបានដោយស្រួលៗ អង្គុយសុខៗស្រាប់តែជោគជ័យផុសឡើងមុខអ្នកនោះឡើយ។ មានតែការប្រឹងធ្វើកិច្ចការរបស់អ្នកឲ្យល្អ ប្រឹងឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ។ កុំរំពឹង រង់ចាំព្រហ្មលិខិត ទេវតា ព្រះឥន្ទប្រទានពរ គ្មាននោះទេ។ អ្វីត្រូវធ្វើគឺងើបគូទ ទៅធ្វើការ ហើយធ្វើឲ្យល្អ។ 

២) Y មានភាពរីករាយ៖ ការប្រឹងធ្វើការតែមួយមុខ មិនមានភាពសប្បាយ រីករាយខ្លះក្នុងដំណើរជីវិត ប្រៀបដូចជាភាពងងឹតងងល់។ មនុស្សម្នាក់ៗមិនមែនជាម៉ាស៊ីន បើទោះបីម៉ាស៊ីនក៏ត្រូវបានពេលស្រាកខ្លះដែរ។ ជីវិតអ្នកដូចគ្នា បើធ្វើគ្រានពេលឈប់ សម្រាក់ មិនយូរទេខ្លួនប្រាណទ្រុឌទ្រោម សុខភាពទន់ខ្សោយមិនខាន។ ពេលខ្លះចំណាយពេលកម្សាន្តធ្វើឲ្យខ្លួនមានថាមពល ចំណាយពេលនៅជាមួយគ្រួសារ មិត្តភក្ដិ មនុស្សជាទីស្រលាញ់របស់អ្នកខ្លះ។ 

៣) Z បិតមាត់របស់អ្នកឲ្យជិត៖ មនុស្សនិយាយតិចបំផុត ជាមនុស្សដែលមានឥទ្ធិពលបំផុត។ មនុស្សដែលជោគជ័យមិនសូវអួតក្អែងក្អាងនោះទេ ពីព្រោះពួកគេផ្ដោតលើសកម្មភាព ផ្ដោតលើលទ្ធផល មិនមែនការនិយាយបែកប្រាជ្ញនោះទេ។ បិតមាត់អ្នកឲ្យជិត ហើយខិតខំធ្វើការ ជាជាងយកពេលទៅនិយាយដើមអ្នកដទៃ។ សូក្រាត៖ «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ»។

ផ្លាតុង បានមានប្រសាសន៍ថា៖ «អ្នកប្រាជ្ញនិយាយដោយសារតែពួកគេមានអ្វីត្រូវនិយាយ មនុស្សល្ងង់និយាយពីព្រោះតែពួកគេត្រូវនិយាយ»៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

 

X
5s