ចង់វិនិយោគចំណេញ! មកមើលយុទ្ធសាស្ត្រ ២ចំណុច ពីម្ចាស់ជ័យលាភីជួញដូរភាគហ៊ុន
«ការវិនិយោគទៅលើវិស័យមូលបត្រ ប្រសិនបើយើងជ្រើសរើសមូលបត្រត្រូវ ប្រសិនបើយើងទិញត្រូវពេល និងប្រសិនបើយើងលក់ត្រូវពេល គឺអាចបានចំណេញច្រើនណាស់មិនចាញ់វិស័យដីធ្លីប៉ុន្មានទេ» នេះជាការលើកឡើងរបស់ ឯកឧត្ដម ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្តជួញដូរពីជ័យលាភីកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន និងសក្ដានុពលនៃការវិនិយោគលើផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។
ដូច្នេះតើគួរមើលទៅលើចំណុចណាខ្លះដើម្បីឲ្យទទួលបានផលចំណេញច្រើននៅពេលជួញដូរភាគហ៊ុន? ខាងក្រោមនេះ គឺជាការចែករំលែកនូវយុទ្ធសាស្ត្រពី លោកស្រី ស៊ុយ សិរីលក្ខិណា ម្ចាស់ជ័យលាភីលេខ១ ពីការប្រកួតប្រជែងជួញដូរភាគហ៊ុន។
នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី ស៊ុយ សិរីលក្ខិណា បានចែករំលែកថា យុទ្ធសាស្ត្រទី១. គឺលោកស្រីព្យាយាមទិញនូវតម្លៃទាបដែលអាចទិញបាន ហើយព្យាយាមលក់ទៅវិញភ្លាមៗនូវតម្លៃខ្ពស់ដែលអាចលក់បាន៖ លោកស្រីបញ្ជាទិញនៅក្រុមហ៊ុនកំពង់ផែភ្នំពេញ ក្នុងតម្លៃ ១២០០០រៀល និងបានសម្រេចចិត្តលក់ទៅវិញភ្លាមៗក្នុងតម្លៃ ១២៥០០រៀល។
យុទ្ធសាស្ត្រទី២. ត្រូវលក់ចេញទៅវិញភ្លាមៗ ប្រសិនបើមើលឃើញថាបាត់បង់ឱកាសចំណេញ ហើយចាប់យកឱកាសថ្មីផ្សេងមួយទៀតដែលអាចទាញយកប្រាក់ចំណេញបានភ្លាមៗ៖ លោកស្រីបានពន្យល់ដោយលើកជាឧទាហរណ៍ថា ប្រសិនបើលោកស្រីបានសម្លឹងឃើញពីឱកាសមួយពីក្រុមហ៊ុន រដ្ឋករទឹក ដោយសម្រេចចិត្តដាក់ទិញនៅតម្លៃក្នុងមួយហ៊ុន ៦០០០រៀល។
លោកស្រីបន្តថា នៅពេលទិញរួចរាល់ហើយ ស្រាប់តែមានអ្នកលក់ភាគហ៊ុននេះ ក្នុងតម្លៃ៦០០០ រៀលចំនួនច្រើនហ៊ុន ជាហេតុធ្វើឲ្យលោកស្រីគិតថាបាត់បង់ឱកាសចំណេញនេះហើយ ដូច្នេះលោកស្រីត្រូវសម្រេចចិត្តដាក់លក់ភាគហ៊ុននេះទៅវិញភ្លាមៗ ក្នុងតម្លៃ ៥៦៨០រៀលក្នុងមួយហ៊ុនទោះជាខាតតិចតួចក៏ដោយ ហើយលោកស្រីត្រូវងាកទៅចាប់យកឱកាសចំណេញពីក្រុមហ៊ុនផ្សេងមួយទៀត។
ចែករំលែកបន្ថែម លោកស្រីបានបញ្ជាក់ថា មុនពេលប្រកួតលោកស្រីបានវិភាគទៅលើ ស្ថានភាពភាគហ៊ុន និងទស្សន៍ទាយពីការធ្លាក់ចុះ និងកើនឡើងនៃភាគហ៊ុនទាំងនោះ។ ជំហានបន្ទាប់ លោកស្រីបានវិភាគទៅលើឱកាសវិនិយោគ ដោយបានផ្ដោតសំខាន់ទៅលើចំណុចសំខាន់៤គឺ ១. តម្រូវការនៃការផ្គត់ផ្គង់៖ ប្រសិនបើតម្រូវការច្រើនជាងការផ្គត់ផ្គង់នោះថ្លៃអាចនឹងកើនឡើង, ២. គម្លាតរវាងថ្លៃអ្នកទិញ និងអ្នកលក់៖ ប្រសិនបើគម្លាតកាន់តែធំ នោះឱកាសចំណេញក៏កាន់តែច្រើន, ៣. ទំនោរនៃការទិញលក់៖ វិភាគលើបម្រែបម្រួលថ្លៃឡើងចុះ និង ទី៤. ឥរិយាបថនៃការទិញលក់៕
ដោយ៖ ជួប ស្រីរ័ត្ន