ការពិត ១០យ៉ាង ជាមូលដ្ឋានធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរ
លោកសូក្រាតធ្លាប់និយាយថា “ជីវិតដែលមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មិនសមមានតម្លៃនឹងការរស់នៅទេ”។ ទស្សនៈរបស់សូក្រាតក៏ត្រូវបានយកទៅអនុវត្តចំពោះអាជីវកម្មផងដែរ។ គេនៅចាំបានថា នៅពេលលោក Eric Schmidt ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google នៅឡើយ លោកធ្លាប់មានប្រសាសន៍ថា “យើងដំណើការក្រុមហ៊ុននេះដោយឈរនៅលើចម្ងល់ មិនមែនចម្លើយទេ” ។
យោងតាមការលើកឡើងរបស់បុគ្គលល្បីៗទាំងពីររូបខាងលើនេះ ការសាកសួរខ្លួនឯងឲ្យបានជាប្រចាំគឺជាអ្វីដែលអ្នកគួរធ្វើដើម្បីដឹងថា ជីវិតរបស់អ្នកដើរលើផ្លូវត្រឹមត្រូវឬអត់។ សេចក្តីពិតសំខាន់ៗជាច្រើនដែលកើតមាននៅក្នុងជីវិតមនុស្សម្នាក់ គឺត្រូវការការនិយាយវាចេញមក។ ការរកឃើញសេចក្តីពិតទាំងនេះហើយដែលធ្វើឲ្យជីវិតរបស់អ្នកស្គាល់ពីគុណតម្លៃនៃជីវិត។
- ចង់បានភាពជោគជ័យដ៏អស្ចារ្យ ត្រូវឆ្លងកាត់ភាពបរាជ័យរាប់មិនអស់ជាមុនសិន
គ្មានឡើយភាពជោគជ័យពិតប្រាកដដរាបណាអ្នកមិនបានឆ្លងកាត់ភាពបរាជ័យ និងរៀនសូត្រពីវា។ កំហុសរបស់អ្នកបានជួយត្រួសត្រាយផ្លូវឲ្យអ្នកដើម្បីទទួលបានជោគជ័យពីព្រោះកំហុសទាំងនោះបានបង្ហាញអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ។ សូមចាំថា របកគំហើញដ៏ធំអស្ចារ្យនៃជីវិតអាចកើតមានឡើងនៅពេលដែលអ្នកជួបរឿងខកចិត្តទាំងឡាយ និងជីវិតស្ថិតនៅក្នុងភាពជាប់គាំង។ ជាមួយនឹងការអត់ធ្មត់ និងការតាំងចិត្តឲ្យរឹងមាំ អ្នកនឹងមានដំណោះស្រាយជានិច្ចរាល់ឧបសគ្គជីវិតទាំងនោះ។ - ភាពរវល់មិនមែនមានន័យថា សុទ្ធតែមានផលិតភាពនោះទេ
សូមក្រឡេកមើលមនុស្សគ្រប់គ្នានៅជុំវិញអ្នក។ ពួកគេម្នាក់ៗហាក់ដូចជាមមាញឹកនឹងការងារពួកគេខ្លាំងណាស់។ អស់ពីការងារមួយទៅធ្វើការងារមួយមិនចេះចប់មិនចេះហើយ។ ប៉ុន្តែតើអ្នកទាំងនោះអាចសម្រេចកិច្ចការរបស់ពួកគេប្រកបដោយផលិតភាពប៉ុន្មានដង? តើពួកគេអាចទទួលបានជោគជ័យក្នុងកំរិតកំពូលដែរឬអត់? ការពិតគឺថា ជោគជ័យមិនមែនអាស្រ័យលើសកម្មភាពដ៏មមាញឹករបស់អ្នកប៉ុណ្ណោះទេ។ វាបានមកពីការយកចិត្តទុកដាក់ ពីការធានាថាពេលវេលារបស់អ្នកត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមានផលិតភាព។ មនុស្សម្នាក់ៗមាន ២៤ម៉ោងដូចគ្នា ក៏ប៉ុន្តែសូមប្រើពេលវេលារបស់អ្នកដោយឈ្លាសវៃ។ - ជីវិតអ្នកល្អកម្រិតណាអាស្រ័យលើមនុស្សដែលអ្នកទំនាក់ទំនង
ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អ្នកគួរបង្កើតបណ្តាញទំនាក់ទំនងឲ្យរឹងមាំជាមួយមនុស្សល្អៗ ពីព្រោះពួកគេអាចជួយបំផុតសគំនិតរបស់អ្នកឲ្យក្លាយទៅជាមនុស្សល្អដូចពួកគេដែរ។ ប៉ុន្តែចុះអ្នកនឹងធ្វើយ៉ាងណាចំពោះមនុស្សដែលទាញទម្លាក់អ្នក? ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យមនុស្សជំពួកនេះក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក? អ្នកត្រូវដឹងថា នរណាក៏ដោយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា គ្មានតំលៃ ហត់នឿយ ឬមិនលើកទឹកចិត្តដល់អ្នក អ្នកមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយមនុស្សប្រភេទនេះទេ។ ជីវិតអ្នកខ្លីណាស់ ហេតុដូច្នេះហើយអ្នកគួរចំណាយវាជាមួយមនុស្សល្អៗប្រសើរជាង។ - ជីវិតអ្នក គឺជាអ្នកបង្កើត
អ្នកមិនមែនជាជនរងគ្រោះនូវរាល់ស្ថានភាពទាំងអស់នោះទេ។ គ្មាននរណាម្នាក់អាចមកបង្ខំអ្នកឲ្យធ្វើការសម្រេចចិត្ត និងធ្វើតាមនូវអ្វីដែលផ្ទុយពីតម្លៃ និងការចង់បានរបស់អ្នកឡើយ។ លទ្ធផលដែលអ្នកកំពុងរស់នៅសព្វថ្ងៃនេះ វាគឺជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ ហើយមានតែអ្នកប៉ុណ្ណោះដែលបានបង្កើតវាឡើង។ ដូចគ្នានេះដែរ អនាគតរបស់អ្នក ក៏វាអាស្រ័យលើអ្នកទាំងស្រុង។ ប្រសិនបើអ្នកមានអារម្មណ៍ថា ជីវិតអ្នកមានភាពរអាក់រអួល នេះប្រហែលជាមកពីអ្នកមានភាពភ័យខ្លាចទៅនឹងហានិភ័យចំពោះមុខអ្នកច្រើនពេកហើយ។ យ៉ាងណាក៏ដោយ សូមចាំថា ទោះជាគោលដៅជីវិតរបស់អ្នកជាអ្វី មុននឹងឡើងដល់ចំណុចកំពូល ត្រូវចាប់ផ្តើមពីជំហានទាបបំផុតជាមុនសិន។ - ភាពភ័យខ្លាចគឺជាមេរោគទី១ដែលធ្វើឲ្យជីវិតអ្នកមានភាពសោកស្តាយ
នៅពេលដែលអ្វីត្រូវបានកន្លងផុតទៅ អ្នកនឹងទួញយំសោកនូវឱកាសជាច្រើនដែលអ្នកមិនស្រវាចាប់យក។ នេះដោយសារតែអ្នកធ្វើឲ្យជីវិតអ្នកចុះញមនឹងភាពភ័យខ្លាច។ សំនួរដ៏សំខាន់នៅពេលនេះគឺថា តើអ្វីទៅដែលជារឿងអាក្រក់បំផុតអាចកើតឡើងចំពោះអ្នក? តើវាអាចសម្លាប់អ្នកបានទេ? ការពិតការស្លាប់មិនមែនជារឿងអាក្រក់បំផុតចំពោះអ្នកនោះទេ។ អ្វីដែលអាក្រក់បំផុតគឺថា គឺជំងឺភ័យខ្លាចដែលធ្វើឲ្យខ្លួនឯងស្លាប់ទាំងជីវិតកំពុងរស់។ - អ្នកមិនចាំបាច់រង់ចាំការសុំទោសពីនរណាម្នាក់នោះទេ
ជីវិតអ្នកកាន់តែរលូននៅពេលដែលអ្នកមិនចងគំនុំ ហើយអភ័យទោសឲ្យពួកគេ បើទោះបីជាពួកគេបានប្រព្រឹត្តកំហុស ហើយមិនបានសុំទោសអ្នកក៏ដោយ។ ការចងស្អប់ ការចងគំនុំ ឬកំហឹងនៅក្នុងខ្លួន នឹងធ្វើឲ្យជីវិតរបស់អ្នកបាត់បង់សុភមង្គល។ វាជាមេរោគដែលបំផ្លាញសេចក្តីសុខក្នុងជីវិតរបស់អ្នក។ សូមកុំបន្តដាក់ទោសខ្លួនឯងជាមួយនឹងការរង់ចាំការសុំទោសពីនរណាម្នាក់។ ធ្វើវាដោយខ្លួនឯង ហើយបំភ្លេចវាចោលចេញពីជីវិតរបស់អ្នក។ - រស់នៅជាមួយបច្ចុប្បន្នកាលរបស់អ្នក
ជីវិតរបស់អ្នកមើលទៅមិនអាចឈានដល់ដំណាក់កាលភ្លឺស្វាងរហូតបានទេ ដរាបណាអ្នកមិនរៀនរស់ជាមួយនឹងជីវិតបច្ចុប្បន្នកាលរបស់អ្នក។ គ្មានអ្វីមួយដែលអាចផ្លាស់ប្តូរកំហុសអតីតកាលរបស់អ្នកបានទេ ហើយការព្រួយបារម្ភណាមួយនូវអ្វីដែលមិនទាន់កើតមានឡើងក៏មិនអាចធ្វើឲ្យអ្នកផ្លាស់ប្តូរនៅពេលអនាគតបានដែរ។ អ្វីដែលធ្វើឲ្យជីវិតរបស់អ្នកមានថាមពល និងមានន័យ គឺរស់នៅរីករាយនឹងការពិតដែលកើតមានចំពោះមុខអ្នកនៅថ្ងៃនេះ។ - តម្លៃរបស់អ្នកត្រូវផ្តើមចេញពីក្នុងខ្លួនអ្នកមកមុន
នៅពេលអារម្មណ៍ដ៏រីករាយ និងការពេញចិត្តរបស់អ្នកបានមកពីការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ នោះមានន័យថា អ្នកលែងជាម្ចាស់នៃជោគវាសនារបស់អ្នកទៀតហើយ។ នៅពេលអ្នកមានអារម្មណ៍ល្អនូវអ្វីដែលអ្នកបានធ្វើ សូមកុំអនុញ្ញាតឲ្យសម្តី ឬសមិទ្ធិផលរបស់នរណាម្នាក់ឆក់សេចក្តីសុខទាំងនោះចេញពីអ្នក។ អ្នកនឹងមិនអាចបិទមាត់របស់ពួកគេបានទេ ហើយអ្នកក៏មិនចាំបាច់ប្រៀបធៀបខ្លួនឯងទៅនឹងពួកគេដែរ។ មិនថាមនុស្សទាំងនោះកំពុងគិតអ្វីពីអ្នក អ្នកត្រូវដឹងថា តម្លៃរបស់អ្នកគឺត្រូវផ្តើមឡើងចេញពីខ្លួនអ្នក។ ខ្លួនអ្នកល្អ ឬអាក្រក់មិនមែនដោយសារតែការយល់ឃើញរបស់ពួកគេនោះទេ។ - ជីវិតមនុស្សម្នាក់ៗខ្លីណាស់
គ្មាននណាម្នាក់អាចធានាបានចំពោះជីវិតដែលនឹងកើតមាននៅថ្ងៃស្អែកបានទេ។ ទោះយ៉ាងណា នៅពេលមាននរណាម្នាក់បានស្លាប់ដោយមិនអាចមើលឃើញជាមុនបាន វាជំរុញឲ្យអ្នកគិតថា តើអ្វីទៅដែលសំខាន់សម្រាប់អ្នក? តើអ្នកត្រូវចំណាយពេលវេលារបស់អ្នកដោយរបៀបណា? តើអ្នកគួរប្រព្រឹត្តបែបណាចំពោះអ្នកដទ? ហេតុដូច្នេះហើយសូមចំណាយពេលរបស់អ្នកឲ្យដូចថ្ងៃនេះជាថ្ងៃចុងក្រោយ។ ធ្វើឲ្យថ្ងៃនេះជាថ្ងៃអស្ចារ្យបំផុតមួយក្នុងជីវិតរបស់អ្នក។ ក៏ប៉ុន្តែ ថ្ងៃដ៏អស្ចារ្យមួយអាចកើតមានឡើងក៏ត្រូវចាប់ផ្តើមជាមួយនឹងគំនិតដ៏អស្ចារ្យដែរ។ - គ្មានអ្វីអាចបញ្ឈប់ការផ្លាស់ប្តូរបានទេ អ្នកត្រូវតែទទួលយក
មានតែការទទួលស្គាល់ការផ្លាស់ប្តូរប៉ុណ្ណោះដែលអាចធ្វើឲ្យអ្នកមើលឃើញពីឱកាសល្អនៅក្នុងការផ្លាស់ប្តូរនោះ។ ប៉ុន្តែអ្នកត្រូវមានគំនិតបើកចំហ និងបើកចិត្តឲ្យទូលាយជាមុនសិន ប្រសិនបើអ្នកចង់ទទួលស្គាល់ និងទាញយកឱកាសទាំងនោះ។ អ្នកនឹងបរាជ័យនៅពេលដែលអ្នកធ្វើអ្វីៗដដែលដោយសង្ឃឹមថា ការមិនអើពើនឹងការផ្លាស់ប្តូរនឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរជាងនេះ។ ជីវិតអ្នកមិនអាចឈប់សម្រាកនៅមួយកន្លែងឡើយ។ នៅពេលអ្វីៗធ្វើដំណើរទៅដោយរលួន សូមឲ្យតម្លៃដល់វា និងរីករាយជាមួយនឹងវា៕
ប្រភព៖ Success