ស្ងាត់ៗឥណ្ឌាហក់មកលេខរៀងទី៥ ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក
នៅពេលនេះ ប្រទេសឥណ្ឌាបានក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី ៥ របស់ពិភពលោកលោកហើយ នេះបើយោងតាមទិន្នន័យពីចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ស្ថាប័ននេះបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់មហាអំណាចនៅតំបន់អាស៊ីខាងត្បូងមួយនេះមានកំណើនយ៉ាងឆាប់រហ័សដោយបានដណ្តើមតំណែងប្រទេសបារាំង និងអង់គ្លេស។
កំណើន GDP របស់ឥណ្ឌាស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដោយសម្រេចបាននូវកំណើនប្រចាំឆ្នាំក្នុងចន្លោះពី ៦-៧%។ កំណើនយ៉ាងឆាប់រហ័សនេះត្រូវបានជម្រុញដោយកត្តាមួយចំនួនដែលរួមមានដូចជា ការអភិវឌ្ឍលើវិស័យនគរូបនីយកម្ម និងបច្ចេកវិទ្យាដែលបានធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងផលិតភាពរបស់ខ្លួន។
ខាងក្រោមនេះគឺជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង ១០ របស់ពិភពលោកគិតចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៩៖
ផ្អែកលើទិន្នន័យខាងលើបានឆ្លុះបញ្ចាំងឲ្យឃើញថា កាលពីឆ្នាំ ២០១០ ឥណ្ឌាស្ថិតនៅលំដាប់លេងរៀងទី ៩ ឯណោះ ពោលគឺឈរបន្ទាប់ពីប្រទេសប្រេស៊ីល និងអ៊ីតាលី។ ក៏ប៉ុន្តែមហាអំណាចប្រជាជនមួយនេះបានហក់មកដណ្តើមតំណែងទី៥នៅក្នុងឆ្នាំ ២០១៩ នេះ ដែលជាតំណែងរបស់បារាំងកាលពីឆ្នាំ ២០១០។ នេះមិនមែនជារឿងចៃដន្យឡើយត្បិតអីកំណើនសេដ្ឋកិច្ចឥណ្ឌាមានសន្ទុះកាន់តែខ្លាំងក្លានៅក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ដែលគិតចាប់តាំងពីឆ្នាំ ១៩៩៥ មក GDP របស់ខ្លួនបានកើនឡើងរហូតដល់ទៅជាង ៧០០% ដែលស្មើនឹង ២,៩៤ ពាន់ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៩កន្លងទៅ។
យ៉ាងណាក៏ដោយទោះបីជាមានកំណើនសេដ្ឋកិច្ចរឹងមាំក៏ដោយក៏ប្រទេសនេះនៅតែប្រឈមមុខទៅនឹងបញ្ហាជាច្រើនផងដែរជាពិសេសបញ្ហាកំណើនប្រជាជន និងបញ្ហាភាពក្រីក្រក្នុងចំណោមពលរដ្ឋរបស់ខ្លួន។ ខណៈដែលធនាគារពិភពលោក (World Bank)បានវាយតម្លៃថា លទ្ធភាពនៃការទទួលបានការអភិវឌ្ឍ និងឱកាសថ្មីៗរបស់ប្រជាជនឥណ្ឌា នឹងមិនអាចទទួលបានស្មើៗគ្នានោះគេរកឃើញថា ១ភាគ៤នៃប្រជាជនក្រីក្រនៅលើពិភពលោក គឺជាប្រជាជនឥណ្ឌា៕
ដោយ៖ ណារិន
ប្រភព៖ World Economic Forum