ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលនៅចិននៅតែមានសន្ទុះខ្លាំង បើទោះជំងឺថ្មីកំពុងធ្វើទុកបុកម្នេញ​



ឆ្លងកាត់ទុក្ខបុកម្នេញជាមួយនឹងបញ្ហាជម្ងឺរាតត្បាតកូរ៉ូណាមួយរយះនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនទទួលរងសម្ពាធយ៉ាងខ្លាំង។ ការធ្លាក់ដុនដាបនេះធ្វើឱ្យប្រទេសចិនជួបការរអាក់រអួលសង្វាក់ផលិតកម្មលើវិស័យផ្សេងៗដោយសារតែបញ្ហាចលាចលមួយនេះ ខណៈដែលវិស័យផ្សេងៗកំពុងធ្លាក់ចុះ គឺវិស័យធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលនៅតែបន្តមានការរីកចម្រើនជាងគេជាងឯង។ វិស័យឌីជីថលនេះមានរួមបញ្ចូលដូចជា ហ្គេមអនឡាញ វីដីអូខ្លីៗ និងការអប់រំតាមអនឡាញជាដើម។

យោងតាមរបាយការណ៍បញ្ចាក់ពី Securities Times គឺចាប់ពីមានការបិទចោលកន្លែងជួបជុំកម្សាន្តតាមសាធារណៈមកកាលពីចូលឆ្នាំចិនក្នុងកំឡុងពេលជម្ងឺរាតត្បាតកូរ៉ូណាផ្ទុះឡើងគឺមាតិកាអនឡាញផ្សេងៗមានដូចជាវីដេអូ និងហ្គេមអនឡាញជាច្រើនបានក្លាយជាជម្រើសចម្បងរបស់ជនជាតិចិនក្នុងការទទួលបានកម្សាន្តដើម្បីរំសាយកង្វល់ផ្សេងៗ។

មិនត្រឹមតែប៉ុណ្ណោះសាលារៀន និងវិទ្យាល័យមួយចំនួនធំបានធ្វើការបិទទ្វារបណ្ដោះអាសន្នសិនដែលជាហេតុជំរុញឱ្យការអប់រំតាមអនឡាញក្លាយជាមធ្យោបាយមួយទៀតដែលពួកគេអាចបន្តទទួលបានការអប់រំពីផ្ទះបាន។ ហេតុនេះទើបបានជាវិស័យឌីជីថលមានសន្ទុះជាខ្លាំងគួរឱ្យកោតសម្គាល់ក្នុងរយៈពេលប៉ុន្មានអាទិត្យនេះហើយការធ្វើទីផ្សារផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមនិង ប្រព័ន្ធឌីជីថលកំពុងតែស្ទុះកើនឡើងជាខ្លាំង។ ហើយផ្ទុយទៅវិញ ការធ្វើទីផ្សារតាមបែបប្រពៃណីមានដូចជាការផ្សព្វផ្សាយតាមទូរទស្សន៍ ការលក់ធម្មតា ការប្រកបអាជីវកម្មតូចតាមគឺមានការធ្លាក់ចុះវិញ៕

ដោយ៖ នឿន វណ្ណៈ

X
5s