CDC អនុម័ត​គម្រោង​រោងចក្រ​៤​ក្នុង​ទំហំ​ទុន​ជាង​១១លានដុល្លារ​



តាម​សំណើ​សុំ​វិនិយោគ​លើ​គម្រោង​រោងចក្រ​កាត់ដេរ​ របស់​ក្រុមហ៊ុន​ចំនួន​៤ ក្នុង​ទំហំ​ទឹកប្រាក់ ១១,៦លានដុល្លារអាមេរិក ដែល​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC អនុញ្ញាត។ គម្រោង​រោងចក្រ​ខាង​លើ អាច​បង្កើត​ការ​ងារ​ដល់​ប្រជាជន​ក្នុង​តំបន់​ចំនួន ២.៦៩៩កន្លែង។

ទី១- ក្រុមហ៊ុន “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្មាតពង សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២៧កន្លែង។

ទី២- “ HUAKUAN (CAMBODIA) GARMENTS CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា អគារ​លេខ​១៣ ផ្លូវ​វេងស្រេង ភូមិ​ត្រពាំងថ្លឹង២ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦៣កន្លែង។

ទី៣- “J.D. LEATHER GOODS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ ខ្សែ​ក្រវាត់ និង​វ៉ាលី​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ទួលខ្លុង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៨លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២៨៨កន្លែង។

ទី៤- “GIVEN CLOTHING GARMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ត្រពាំងព្រះ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៥លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.០២១កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s