រដ្ឋលេខាធិការក្រសួងការងារ៖ កម្ពុជា​នៅ​តែ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ទោះ​គ្មាន​ EBA​



«ទោះ​បី​មានឬគ្មាន EBA ពី​សហភាព​អឺរ៉ុប ក៏​កម្ពុជា​បាន​តាំង​ចិត្ត​រួច​ហើយ​ថា​ ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិក​ ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​និច្ច រយៈពេល​២០​ឆ្នាំ​មក​នេះ កម្ពុជា​មិន​ដែល​ងាក​ចេញ​ពី​គោល​នយោបាយ​នេះ​នោះ​ទេ»។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​ផែនការ​រួម​របស់​គម្រោង​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា (BFC) ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ 

នា​ឱកាស​នោះ​ដែរ ឯក​ឧត្ដម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា នៅ​ពេល​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA វា​មិនមែន​ដោយ​សារ​កម្ពុជា​មិន​បាន​ផ្ដល់​លក្ខខណ្ឌ​ដល់​ការងារ​កម្មករ​និយោជិត​​ ឬសិទ្ធ​សេរីភាព​ទៅ​ឱ្យ​អង្គការ​វិជ្ជាជីវៈ​នោះ​ទេ ប៉ុន្តែ​វា​ដោយ​សារ​បញ្ហា​នយោបាយ​ ដែល​ប្រទេស​មួយ​ចំនួន​តម្រូវ​កម្ពុជា​ធ្វើ​តាម​គោលនយោបាយ​ការ​បរទេស​របស់​ពួកគេ ដែល​ជា​ការ​អនុវត្ត​ស្ដង់ដា​ពីរ។ នេះ​បើ​តាម​ប្រភព​ពី​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

ឯកឧត្ដម​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​នូវ​អ្វី​ដែល​ជា​កញ្ចប់​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ណា​មួយ​ ដែល​ប៉ះពាល់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដោយសារ​តែ​ការ​សម្រេច​ចិត្ត​ដោយ​អយុត្តិធម៌។ ទោះបី​ជា​មាន ឬ​គ្មានEBA រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​តាំង​ចិត្ត​រួច​ហើយ​ថា​ ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ការ​គោរព​នូវ​សេរីភាព​របស់​កម្មករ​និយោជិត វា​គឺ​ជា​អាទិភាព​ ដូច្នេះ​បាន​ជា​កម្ពុជា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ។ 

ឯកឧត្ដម​អះអាង​ថា រយៈពេល​២០ឆ្នាំមកនេះ កម្ពុជា​មិន​បាន​ងាក​ចេញ​ពី​គោល​នយោបាយ​នេះ​ទេ​ សូម្បី​តែ​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ ២០១៩-២០២៣ ក៏​កម្ពុជា​នៅ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ចាំ​បាច់​នៃ​ការ​ធានា​លក្ខខណ្ឌ​ការងារ សេរី​ភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ដើម្បី​ធានា​ថា​ផលិតផល​ដែល​ផលិត​បាន​នៅ​កម្ពុជា គឺ​ជា​ផលិតផល​ដែល​មាន​ភាព​ស្អាតស្អំ​ និង​គោរព​តាម​ស្ដង់ដា​អន្តរជាតិ ហើយ​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន កម្ពុជា​នៅ​តែ​បន្ត​ពិនិត្យ​ និង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គការ ILO បើ​ទោះបី​គេ​មិន​ជឿ​លើ​កម្ពុជា​ ក៏​គេ​ជឿ​លើ​អ្វី​ដែល​ជា​យន្តការ​របស់​អង្គការ ILO ដែល​កំពុង​តែ​អនុវត្ត​នៅ​កម្ពុជា​នេះ​ស្រាប់៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s