នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ផលិតផល​ប្រភេទ​នេះ​ត្រូវ​ជាប់​ពន្ធ​១២%​



ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ​ (EBA) ទើប​តែ​ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប សម្រេច​កាត់​ផ្ដាច់​ផ្នែក​ខ្លះ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២០​ កន្លង​ទៅ។ ក្នុង​ចំណោម​ផលិតផល​ចំនួន ២០ភាគរយ ដែល​តម្រូវ​ឲ្យ​មាន​ការ​បង់ពន្ធ​ពេល​នាំ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ក្នុង​នោះ​មាន​ផលិតផល​ប្រភេទ សម្លៀកបំពាក់ គ្រឿង​ប្រើប្រាស់​បន្ទាប់​បន្សំ ដែល​ធ្វើ​ឡើង​ដោយ​ការ​ចាក់ និង​មិន​ចាក់ ត្រូវ​បាន​កំណត់​ពន្ធ​នាំ​ចេញ​ចំនួន ១២ភាគរយ។

ប្រភេទ​ផលិតផល​ដែល​ត្រូវ​បាន​កំណត់​ពន្ធ​នាំ​ចេញ​ចំនួន ១២ភាគរយ រួម​មាន​ផលិតផល​ដែល​មាន​លេខ​កូដ​សម្គាល់ ៦១០៣ ត្រូវ​បាន​កំណត់​ពន្ធ​  ចំនួន​៣មុខ, លេខ​កូដ៦១០៥ ត្រូវ​បាន​កំណត់​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ, លេខ​កូដ ៦១០៧ កំណត់​ពន្ធ​គ្រប់​មុខ, លេខ​កូដ ៦១០៩ កំណត់​ពន្ធ​លើ​គ្រប់​មុខ​, លេខ​កូដ ៦២០៣ កំណត់​ពន្ធ​៣មុខ, លេខ​កូដ ៦២០៥ គ្រប់​មុខ​, លេខ​កូដ ៦២០៧ កំណត់​ពន្ធ​គ្រប់​មុខ​ និង​លេខ​កូដ ៦២១១ កំណត់​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ។

ក្រៅ​ពី​ប្រភេទ​ផលិតផល សម្លៀកបំពាក់ គ្រឿង​បន្ទាប់​បន្សំ ដែល​ធ្វើ​ឡើង​ដោយ​ចាក់ និង​មិន​ចាក់​ ខាង​លើ​នេះ ក៏​នៅ​មាន​ប្រភេទ​ផលិតផល​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បង់​ពន្ធ​រួម​មាន អំពៅ, វត្ថុ​ធ្វើ​អំពី​ស្បែក, បរិក្ខារ​ធ្វើ​ពី​រោម​សត្វ, បរិក្ខារ​បំពាក់​កែប​សេះ បង្ហៀរ​សេះ, គ្រឿង​ប្រដាប់​សម្រាប់​ធ្វើ​ដំណើរ, កាបូប, វត្ថុ​វេចខ្ចប់​ប្រហាក់ប្រហែល, វត្ថុ​ធ្វើ​ពី​ពោះវៀន​សត្វ។ ក្រៅ​ពី​នេះ​មាន ប្រដាប់​ពាក់​ជើង, ស្រោម​ជើង, វត្ថុ​ប្រហាក់​ប្រហែល​គ្នា ភាគ​របស់​ទាំង​នោះ កំណត់​សម្គាល់។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ «ជា​បណ្ដោះ​អាសន្ន» ​ពី​កម្ពុជា លើ​ទំនិញ​ចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​៕

ដៅយ៖ ជួប ស្រីរ័ត្ន

X
5s