នេះជាហេតុផលដែលធ្វើឲ្យអ្នកមានខ្លាំងក្នុងឆ្នាំ ២០១៩ កាន់តែមានឡើង​



ចំនួនអ្នកមាននៅជុំវិញពិភពលោកត្រូវបានគេរកឃើញថា បានកើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Wealth-X កាលពីថ្ងៃពុធកន្លងទៅ ដែលផ្តោតសំខាន់ទៅលើអ្នកដែលមានទ្រព្យសម្បត្តិច្រើនចន្លោះពី ៥ ទៅ ៣០ លានដុល្លារឡើងទៅ។

ចំនួនអ្នកដែលមានទ្រព្យសម្បត្តិសុទ្ធចន្លោះពី ៥ លានទៅ ៣០ លានដុល្លារបានកើនឡើងដល់ទៅ ២,៦៧ លាននាក់នៅក្នុងឆ្នាំ ២០១៩ ពោលគឺមានកំណើន ១០% ពីចំនួន ២,៣៩ លាននាក់ក្នុងឆ្នាំ ២០១៨ កន្លងទៅ ។ នេះបើយោងតាមប្រភពខាងលើដដែល។ 

មូលហេតុនៅពីក្រោយការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើន និងឆាប់រហ័សនេះត្រូវបានរបាយការណ៍ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Wealth-X បញ្ជាក់ថា គឺដោយសារតែតម្លៃនៃទ្រព្យសកម្ម (Asset) ភាគច្រើនបានកើនឡើងនៅឆ្នាំ ២០១៩ កន្លងទៅ។ 

ជាឧទាហរណ៍ ទីផ្សារភាគហ៊ុនរបស់អាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ ២០១៩ កន្លងទៅនេះ ដោយក្នុងនោះ ផ្សារភាគហ៊ុន S&P 500 បានឡើងថ្លៃដល់ទៅ ២៨,៩ % ពេញមួយឆ្នាំ ២០១៩ ដែលជាកំណើនប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០១៣មក។  រីឯផ្សារភាគហ៊ុន Nasdaq វិញ បានឡើងថ្លៃមិនគួរឲ្យជឿរហូតដល់ទៅ ៣៥,២% មិនធ្លាប់មាននៅក្នុងរយៈពេល ៦ ឆ្នាំ ខណៈដែលផ្សារភាគហ៊ុន Dow បានឡើងថ្លៃសរុប ២២,៣%។

តម្លៃភាគហ៊ុនភាគច្រើនបានឡើងថ្លៃគឺដោយសារតែធនាគារកណ្តាលរបស់បណ្តាប្រទេសមហាអំណាចធំៗនៅលើពិភពលោកបានផ្តោតលើកម្មវិធី “ ជំរុញរូបិយវត្ថុ” របស់ខ្លួនតាមរយៈការបន្ថយអត្រាការប្រាក់ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការអះអាងរបស់ Wealth-X ។ 

សហរដ្ឋអាមេរិកត្រូវបានរកឃើញថា ជាជង្រុករបស់អ្នកមានភាគច្រើនដែលមានទ្រព្យសម្បត្តិសុទ្ធចន្លោះពី ៥ ទៅ ៣០ លានដុល្លារនេះបើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត។ អ្នកមានទ្រព្យសម្បត្តិប្រភេទនេះគឺមានចំនួនរហូតដល់ទៅ  ៩៦៩ ០៧៥ នាក់នៅអាមេរិកក្នុងឆ្នាំ ២០១៩ កន្លងទៅ ពោលគឺបានកើនឡើង ១៥,៩% ធៀបនឹងឆ្នាំ ២០១៨ ។

ចំណែកមហាយក្សចិនវិញ កំពុងឈរនៅក្នុងតំណែងទី២ ដែលអ្នកមានទ្រព្យសម្បត្តិចន្លោះពី ៥ លានទៅ ៣០ លានដុល្លារមានចំនួនសរុប ២៥៩,៨៣០ នាក់។ បន្ទាប់មកគឺប្រទេសជប៉ុនឈរនៅលេខរៀងទី៣ មានចំនួនសរុប១៨៦ ២៥០ នាក់ និងអាល្លឺម៉ង់ស្ថិតនៅក្នុងលេខរៀងទី៤ មានចនួនសរុប ១២៩ ៨៧៥ នាក់ ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Wealth-X បានបញ្ជាក់ទៀត បើប្រមូលទ្រព្យសម្បត្តិរបស់ក្រុមអ្នកមានដែលមានទ្រព្យសម្បត្តិពី ៥ លានទៅ ៣០ លានដុល្លារនេះបញ្ចូលគ្នា ពួកគេបានកាត់កាប់ទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២៦,៦ ពាន់ពាន់លានដុល្លារ ពោល គឺបានកើនឡើង ១០% សម្រាប់ឆ្នាំ ២០១៩ កន្លងទៅ៕

ប្រភព៖ cnbc 

 

 

 

X
5s