ថវិកាជាង៧៦លានដុល្លារ គ្រោងនឹងចាយលើគម្រោងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តសំខាន់ចំនួន៥
គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ជំហានទី២ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹកនិងឧតុនិយម ជាមួយភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប(EU) ដោយគ្រោងនឹងត្រៀមថវិកាប្រមាណ ៧០លានអឺរ៉ូ ឬប្រហែលស្មើនឹងជាង ៧៦លានដុល្លារ អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥រួមមាន ខេត្តសៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល។ នេះបើយោងតាមប្រភពពីក្រសួង ធនធានទឹកនិងឧតុនិយម។
ក្នុងជំនួបជាមួយ លោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែល AFD ក៏ដូចជាសហគមន៍អឺរ៉ុប (EU) បាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលមានទំហំវិនិយោគ ៧៩លានអឺរូ។
ហើយទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងនិងចំណាយថវិកាប្រមាណ ៧០លានអឺរូ ។ លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តាស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ ៤០លានអឺរ៉ូ និងគម្រោងស្តាស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ ២៥លានអឺរូ ព្រមទាំងគម្រោងអាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀតផងដែរ ៕
ដោយ៖ ជួប ស្រីរ័ត្ន