ចំណូលកំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង៧លានដុល្លារ នាត្រីមាសទី៤ឆ្នាំ២០១៩
គិតមកដល់ត្រីមាសទី៤ក្នុងឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងភ្នំពេញមានចំណូលសរុបកើនឡើងប្រមាណ ៧,៦លានដុល្លារ ដែលប្រហែលស្មើនឹង ៣៤,៣៨ភាគរយ បើធៀបទៅនឹងត្រីមាសទី៣។ នេះបើយោងតាមរបាយការណ៍ ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្ដោះអាសន្នសម្រាប់ត្រីមាស និងរយៈពេល១២ខែ បញ្ចប់ថ្ងៃទី៣១ ធ្នូ ២០១៩ នៃកំពង់ផែស្វយ័តភ្នំពេញ។
ប្រភពពីរបាយការណ៍ បានបង្ហាញថា ចំណូលសរុបនៃកំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៤ឆ្នាំ២០១៩ បើធៀបទៅនឹងត្រីមាសទី៣ គឺបានកើនប្រមាណ ៧,៦លានដុល្លារ ឬប្រហែល ៣៤,៣៨ភាគរយ។ ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទី៤កើនឡើង ៥,៧លានដុល្លារ ឬប្រហែល ៥២,៣០ភាគរយ បើធៀបទៅនឹងត្រីមាសទី៣ ចំណែកឯផលចំណេញសុទ្ធក្នុងត្រីមាសទី៤ធៀបនឹងត្រីមាសទី៣ បានកើនឡើងចំនួន ៣,៦លានដុល្លារ ឬប្រមាណជា ៤២,៦៩ភាគរយ ផងដែរ។
នៅក្នុងត្រីមាសទី២ ឆ្នំា២០១៩វិញ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៣.៦០៣.៧៦៨ពាន់រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៤.៧១៦.០៦៩ពាន់រៀល ស្មើនឹង ២៤,៩៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៩៤៤.៧៣៣ពាន់រៀល កើនឡើងចំនួន ២.៧២៨.០២៩ពាន់រៀល ស្មើនឹង ៦៤,៧០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។
គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែកុងតឺន័រអន្តរជាតិ២ នៅកម្ពុជា ហើយក៏ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុត និងជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ ។ មណ្ឌលអាជីវកម្មផែមានប្រវែង ១៦០ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់ កម្ពុជា-វៀតណាម នៅឯក្អមសំណ ៕
ដោយ៖ ជួប ស្រីរ័ត្ន