ដំបូន្មានអប់រំមួយរបស់លោក Obama ទៅកាន់កូនស្រីទាំងពីរ
សព្វថ្ងៃនេះថ្វីត្បិតតែលោក Barack Obama អតីតប្រធានាធិបតីអាមេរិក និងភរិយាមិនសូវចេញមុខធ្វើសកម្មភាពនយោបាយដូចមុនក្តី ក៏ប៉ុន្តែការយកចិត្តទុកដាក់ចំពោះអនាគតកូនស្រីគឺធ្វើឲ្យអ្នកទាំងពីរកាន់តែព្រួយបារម្ភថែមទៀត។ នៅឆ្នាំនេះ កូនស្រីរបស់អ្នកទាំងពីរគឺ Malia វ័យ ២១ ឆ្នាំ និង Sasha វ័យ ១៨ ឆ្នាំក៏កាន់តែធំៗដែរ ហើយកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ។
នៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី ចក្ខុវិស័យ Oprah ឆ្នាំ ២០២០ នៅក្នុងទីក្រុងញីវយ៉កកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អតីតប្រធានាធិបតីដ៏ល្បីល្បាញរូបនេះបានថ្លែងនៅក្នុងកម្មវិធីនោះទៅកាន់លោកស្រី Winfrey ថា ការចិញ្ចឹមបីបាច់ថែរក្សាកូនៗនៅចំពោះមុខក្រសែភ្នែកសាធារណៈជន គឺជារឿងដ៏លំបាកបំផុតមួយ។
លោក Obama បានមានប្រសាសន៍ដូច្នេះថា៖« រៀងរាល់ចុងសប្តាហ៍យើងមានការលំបាកក្នុងការតាមដានក្មេងៗពីរនាក់នេះណាស់។ យើងមានការព្រួយបារម្ភថា តើពិធីជប់លៀងណាខ្លះដែលពួកគេទៅចូលរួម? ញាំស្រាអី? ឪពុកម្តាយមិត្តិភក្តិរបស់ពួកគេជានរណា? អីចឹងហើយនៅថ្ងៃចុងសប្តាហ៍អត់ស្រួលសម្រាប់ខ្ញុំទេ»។
នៅពេលត្រូវបានសាកសួរទាក់ទងទៅនឹងដំបូន្មានរបស់លោកចំពោះកូនស្រីទាំងពីរនៅពេលធំដឹងក្តីជុំវិញប្រធានបទ “ដំណើរជីវិត” របស់ពួកគេវិញ អតីតប្រធានាធិបតីវ័យ ៥៨ឆ្នាំរូបនេះ បានបន្តថា ពួកគេគួរតែរស់នៅក្នុងជីវិត មួយដែលជារបស់ពួកគេ។
«អ្វីដែលខ្ញុំប្រាប់ពួកគេគឺថា ពួកគេត្រូវតែរៀនរស់ដើរដោយខ្លួនឯង។ ពួកគេមិនអាចកំណត់វាសនាខ្លួនឯងដោយមើលបំណាំគ្នាទៅវិញទៅមក មើលបំណាំខ្ញុំ ឬឪពុកម្តាយរបស់ពួកគេទេ! ពួកគេត្រូវយកពេលទៅគិតដើម្បីរៀនស្គាល់ពីខ្លួនឯង រៀនថ្លឹងថ្លែងដើម្បីរកឲ្យឃើញថា តើពួកគេចង់ធ្វើអ្វីជាមួយពិភពលោកមួយនេះ? មិនមែនធ្វើតាមដូចអ្នកផ្សេងគេនិយាយទេ! ប៉ុន្តែពួកគេត្រូវគិតអំពីរបៀបដែលពួកគេចង់កែលំអជីវិតរបស់ពួកគេ និងរបៀបដែលពួកគេចង់ផ្លាស់ប្តូរពិភពលោកនេះ»។ លោក Obama បញ្ជាក់ទៅកាន់លោកស្រី Oprah Winfrey។
អតីតប្រធានាធិបតីទី ៤៤ រូបនេះបានបន្តទៀតថា៖ «ដូចនេះខ្ញុំមិនចង់ឲ្យពួកគេវាស់ស្ទង់ខ្លួនឯងដោយឥទ្ធិពលពីមនុស្សខាងក្រៅទេ ហើយសម្រាប់ក្មេងស្រីដូចជាកូនៗរបស់ខ្ញុំ វាមានការលំបាកណាស់ដើម្បីធ្វើរឿងទាំងនេះ»៕
ប្រភព៖ CNBC