ក្បួនអប់រំដ៏មានតម្លៃបំផុតទាំង ១៣ ដែលសហគ្រិនគ្រប់រូបត្រូវចងចាំ​



តើអ្វីទៅដែលអ្នកគិតថា ជាក្បួនអប់រំដ៏មានតម្លៃសម្រាប់សហគ្រិន? ភាពជាអ្នកដឹកនាំ សមត្ថភាព ចំណេះដឹងហិរញ្ញវត្ថុ បទពិសោធន៍ ឬទំនាក់ទំនង? ប្រសិនបើអ្នកមិនបានអានអត្ថបទមួយនេះ អ្នកប្រហែលយល់ថា អ្វីដែលរៀបរាប់ទាំងនេះគឺជាលក្ខណៈសម្បត្តិដែលសហគ្រិនទាំងអស់ត្រូវមានហើយ។ ក៏ប៉ុន្តែ ក្បួនអប់រំដ៏មានតម្លៃបំផុតរបស់សហគ្រិនគឺមានច្រើនជាងនេះឆ្ងាយណាស់។ 

សូមចាំថា ទោះបីជាសហគ្រិនអ្នកជំនួញត្រូវការមេរៀនផ្សេងៗជាច្រើនទៀតក៏ដោយ គឺក្បួនអប់រំដ៏មានតម្លៃបំផុតទាំង ១៣ ខាងក្រោមនេះ មានតម្លៃជាងគេ។ 

១.រៀនពីកំហុសអ្នកដទៃ
វាជារឿងមួយល្អប្រសើរខ្លាំងណាស់ដើម្បីរៀនសូត្រជាមុនពីបទពិសោធន៍របស់នរណាម្នាក់ជាពិសេសកំហុសរបស់អ្នកដទៃតែម្តងដែលធ្លាប់ដើរមុនអ្នក។ នេះគឺជារឿងអាទិភាពមួយសម្រាប់អ្នក ដើម្បីស្វែងយល់ពីបទពិសោធន៍បុគ្គលទាំងនោះដែលធ្លាប់ធ្វើជំនួញក្នុងវិស័យមួយដូចអ្នកថា តើពួកគេបានបរាជ័យអ្វីខ្លះ? តើពួកគេបានបង្កើតកំហុសអ្វី? តើពួកគេដោះស្រាយវាដោយរបៀបណា?  បទពិសោធន៍ទាំងនោះនឹងបង្រៀនអ្នកថា ធ្វើដូចម្តេចទើបអាចជៀសផុតពីការបរាជ័យបាន។

២.គ្រប់គ្រងខ្លួនឯង និងលុយរបស់អ្នក
សហគ្រិនជាច្រើនត្រូវបានមើលឃើញនៅក្នុងរូបភាពធម្មតា និងបាត់បង់ក្រមសីលធម៌ក្នុងភាពម្ចាស់ការលើការងាររបស់ខ្លួន។ ក៏ប៉ុន្តែតាមពិតទៅ ការចាប់ផ្តើម និងភាពរីកចម្រើនក្នុងជំនួញ គឺទាមទារឲ្យមានការខិតខំ ប្រឹងប្រែងខ្លាំងណាស់។ ការខិតខំប្រឹងប្រែង ការរៀបចំពេលវេលាឲ្យមានត្រឹមត្រូវ ការពង្រឹងថាមពល និងការរៀនគ្រប់គ្រងសាច់ប្រាក់ដើម្បីត្រៀមក្នុងសមរភូមិអាជីវកម្មគឺជារឿងចាំបាច់ដែលត្រូវតែមាន។ សូមចាំថា សាច់ប្រាក់គឺជាស្តេចនៅក្នុងអាជីវកម្មខ្នាតតូចដែលកំពុងរីកចម្រើន ហើយសហគ្រិនទាំងនោះដែលគ្រប់គ្រងវាបានល្អ នឹងទទួលបានជោគជ័យ។ វាត្រូវការវិន័យផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ។

៣.ការកសាងទំនាក់ទំនង
អ្វីដែលសំខាន់បំផុតដែលអ្នកអាចរៀនសត្របន្ថែមទៀតក្នុងនាមជាសហគ្រិន គឺអ្នកមិនអាចធ្វើវាឲ្យជោគជ័យដោយម្នាក់ឯងបានទេ។ អ្នកត្រូវការក្រុមការងារដ៏ល្អមួយដើម្បីជួយអ្នកឲ្យទទួលបានជោគជ័យ។ រាប់ចាប់ពីគ្រូបង្គោលរហូតដល់គ្រូបណ្តុះបណ្តាល អ្នកគួរពង្រីកទំនាក់ទំនងជាមួយបុគ្គលទាំងនោះដើម្បីជួយគាំទ្រលើកទឹកចិត្ត តម្រង់ផ្លូវ និងបង្ហាត់បង្រៀនដល់បុគ្គលិក អតិថិជន និងមនុស្សនៅជុំវិញអ្នក។ ការទទួលបានទំនុកចិត្តពីអតិថិជនជាច្រើន គឺត្រូវផ្តើមចេញពីទំនាក់ទំនងដ៏រឹងមាំមួយ។ ហេតុដូច្ននេះហើយវាពិតជាចាំបាច់ខ្លាំងណាស់ក្នុងការយល់ដឹងពីរបៀបកសាងទំនាក់ទំនងឲ្យមានប្រសិទ្ធភាព ជាមួយមនុស្សជុំវិញអ្នក។ 

៤.រៀនពីភាពបរាជ័យរបស់អ្នក
ទោះបីជាជារឿយៗ ភាពបរាជ័យគឺជារឿងគួរឲ្យភ័យខ្លាចមួយរបស់សហគ្រិនក៏ដោយ ក៏ភាពបរាជ័យនៅតែជាផែនទីបង្ហាញផ្លូវដ៏ល្អបំផុតមួយដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ សូមយកឈ្នះលើអ្វីដែលអ្នកគិតថា ជាឧបសគ្គរាំងផ្លូវរបស់អ្នក ហើយស្គាល់ឲ្យច្បាស់ពីកន្លែងដែលអ្នកចង់នៅ និងវិធីដែលអ្នកត្រូវមានដើម្បីឲ្យទៅដល់ទីនោះ។ ចម្លើយប្រហែលជាមិនច្បាស់១០០%ទេ ហើយលទ្ធផលចុងក្រោយអាចខុសពីអ្វីដែលអ្នករំពឹងទុក។ ក៏ប៉ុន្តែ ការបរាជ័យរបស់អ្នកពិតជាផ្តល់មេរៀនដ៏មានតម្លៃច្រើនណាស់។ 

៥.ស្វែងយល់ថា តើមនុស្សដែលពូកែបំផុតនៅក្នុងមុខជំនួញដូចអ្នកធ្វើអ្វីខ្លះ? 
ការរៀនស្វែងយល់បុគ្គលពូកែបំផុតដែលមានជំនួញដូចអ្នក និងធ្លាប់ដើរមុនអ្នកមិនត្រឹមតែបង្ហាញទ្រឹស្តីសម្រាប់អ្នកយកទៅអនុវត្តជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យអ្នកនូវទំនុកចិត្តដើម្បីកសាងជំនួញរបស់អ្នកទៀតផង។  អ្នកអាចស្វែងយល់ពីប្រវត្តិរបស់បុគ្គលទាំងនោះថា តើពួកគេរៀបចំជំនួញដោយរបៀបណា? ពួកគេធ្វើអ្វីខ្លះ? ពួកគេរៀបចំខ្សែជីវិតដូចម្តេច? នេះអាចចាត់ទុកថា ជារឿងល្អមួយនៅក្នុងយុគសម័យនេះដែលអ្នកអាចមើលគំរូបុគ្គលទាំងនោះបានយ៉ាងងាយស្រួលតាមរយៈសារព័ត៌មាន សៀវភៅ និងតាមដានបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។

៦.កសាងក្រុមការងារដ៏អស្ចារ្យមួយ
ភាពខ្លួនទីពឹងខ្លួន និងក្បាលមួយពាក់មួកច្រើនមើលទៅអាចជួយឲ្យអ្នកអាចប្រមូលទ្រព្យជាច្រើនមកក្តោបក្តាប់តែម្នាក់ឯងបាន ប៉ុន្តែទីបំផុតវាជាសត្រូវដែលបំផ្លិចបំផ្លាញគោលការណ៍ជំនួញជោគជ័យនៅក្នុងយុគសម័យទំនើបនេះទៅវិញទេ។ ដើម្បីបង្រួមគំនិតរបស់ពួកគេឲ្យក្លាយទៅជាអាជីវកម្ម ឬស្ថាប័នរួមមួយដែលមាននិរន្តរភាព សហគ្រិនត្រូវទទួលស្គាល់ថា ខ្លួនត្រូវការកសាងក្រុមការងារដ៏រឹងមាំមួយដែលអាចធ្វើការត្រូវកន្លែង និងទទួលបានលទ្ធផលតាមរយៈការចូលរួមរបស់ក្រុមការងារទាំងនោះ។  សូមចាំថា ការបោះបង់ចោលវិធីធ្វើការជាក្រុម គឺជាឧបសគ្គដ៏លំបាកបំផុតមួយសម្រាប់សហគ្រិន។

៧.រៀនសូត្រគូប្រជែងឲ្យបានឆាប់រហ័សបំផុត
គ្រប់គូប្រជែងរបស់អ្នកមិនដែលប្រាប់អ្នកថា ពួកគេខ្លាំងអ្វី ខ្សោយអ្វីនោះទេ។ មានតែអ្នកប៉ុណ្ណោះដែលអាចរៀនអង្កេតមើលភាពខ្លាំងនិងខ្សោយរបស់ពួកគេដើម្បីមកប្រៀបធៀបនឹងជំនួញរបស់អ្នក។ នៅពេលដែលគូប្រជែងរបស់អ្នកដើរឈានទៅមុនមួយជំហានទៅហើយ អ្នកត្រូវរៀនសូត្រ កែប្រែ និងខិតខំប្រឹងប្រែងផ្លាស់ប្តូរយុទ្ធសាស្រ្តធ្វើជំនួញរបស់អ្នកឲ្យបានឆាប់រហ័សបំផុត និងឲ្យខ្លាំងជាងពួកគេ។ អ្នកដាច់ខាតត្រូវមានគុណតម្លៃពិសេសមួយជាងពួកគេ បើមិនដូច្នេះទេ អ្នកនឹងត្រូវបានពួកគេជាន់ឈ្លីជាមិនខាន។ 

៨.យកពេលមួយចំនួនទៅឆ្លុះកញ្ចក់ខ្លួនឯង
ក្រៅពីមានសមត្ថភាព មហិច្ឆតា ស្រលាញ់ យកចិត្តទុកដាក់ និងប្រឹងប្រែងដើម្បីមុខជំនួញរបស់ខ្លួនហើយនោះ សហគ្រិនម្នាក់ៗក៏ត្រូវយកពេលមួយចំនួនដើម្បីទៅឆ្លុះកញ្ចក់ខ្លួនឯងដែរ។ ក្នុងមួយថ្ងៃៗ អ្នកមានបំណងធ្វើនេះធ្វើនោះរាប់មិនអស់រាប់ចាប់តាំងពីការងារជំនួញ សុខភាព មិត្តភាព ស្នេហា គ្រូសារ ឬការកម្សាន្ត។ យ៉ាងណាក៏ដោយ កិច្ចការទាំងនោះអ្នកគួរតែរៀបចំសរសេរចងក្រងវាឲ្យបានត្រឹមត្រូវថា តើអ្នកគួរធ្វើអ្វីខ្លះក្នុងថ្ងៃនីមួយ? តើអ្នកបានសម្រេចលទ្ធផលអ្វីខ្លះ?  តើអ្នកត្រូវធ្វើអ្វីនៅថ្ងៃបន្ទាប់? 

៩.ស្វែងរកការណែនាំ និងការបង្ហាញផ្លូវពីអ្នកដឹកនាំដែលមានបទពិសោធន៍
គ្មានអ្វីដែលអាចមកជំនួសភាពបរាជ័យដែលជាមេរៀនដ៏ល្អបំផុតសម្រាប់អ្នកទេ។ វាជាមេរៀនដ៏ល្អដែលត្រូវចងចាំក្នុងជីវិតរបស់អ្នក។ ក៏ប៉ុន្តែតើអ្នកត្រូវធ្វើឲ្យកំហុស ឬភាពបរាជ័យឲ្យក្លាយជាការចងចាំដ៏ល្អដោយរបៀបណា? សូមផ្សារភ្ជាប់ខ្លួនឯងជាមួយអ្នកដឹកនាំអាជីវកម្មដែលមានបទពិសោធន៍ជាងអ្នកដើម្បីមកជួយណែនាំ និងបង្ហាញផ្លូវឲ្យអ្នក។ សូមកុំរង់ចាំទុកឲ្យខ្លួនឯងបរាជ័យបាត់បង់ឱកាសធំហើយទើបមករកជំនួញពីពួកគេ។ អ្នកត្រូវត្រៀមទុកជាមុន ទើបភាពបរាជ័យក្នុងមុខជំនួញអាចត្រូវបានកាត់បន្ថយបាន។

១០.ត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ
សហគ្រិនច្រើនតែបរាជ័យព្រោះពួកគេមិនបានយល់ច្បាស់អំពីតួលេខរបស់ពួកគេ។ សហគ្រិនដែលស្រេកឃ្លាននឹងភាពជោគជ័យ ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីវា ក៏ប៉ុន្តែទីបំផុតជំនួញរបស់ពួកគេបែរជាមកបរាជ័យដោយសារតែមិនបានយកចិត្តទុកដាក់លើសាច់ប្រាក់របស់ពួកគេទៅវិញ។  ចំណេះដឹងទ្រព្យ ប្រាក់ចំណេញ ភាពខុសគ្នារវាងទ្រព្យសម្បត្តិ និងបំណុល ឬលំហូរសាច់ប្រាក់ សុទ្ធតែជាមរៀនដែលសហគ្រិនគ្រប់រូបត្រូវចេះដោយគ្មានករណីលើកលែង។

១១.ស្វែងយល់អំពីលំនាំនៃការផ្លាស់ប្តូរជាសកល
ពីមួយសម័យមួយទៅសម័យមួយទៀត ពិភពលោកមានទំនោរទៅរកចរន្តផ្លាស់ប្តូរមួយដែលគ្មានទីបញ្ចប់ និងទៅតាមទម្រង់ប្លែកៗថ្មីៗ។ ប្រឈមមុខទៅនឹងបរបទបែបនេះ ក្នុងនាមជាសហគ្រិន ចង់ឬមិនចង់ អ្នកត្រូវតែផ្លាស់ប្តូរទៅតាមចរន្តនេះដែរ។ អ្នកត្រូវទទួលស្គាល់ការផ្លាស់ប្តូរនេះ ហើយត្រៀមខ្លួនគ្រប់ពេលដើម្បីទទួលយកការផ្លាស់ប្តូរទាំងនោះ។ ថ្វីត្បិតការផ្លាស់ប្តូរមិនអាចធានានូវភាពជោគជ័យរបស់អ្នកក៏ពិតមែន ក៏ប៉ុន្តែយ៉ាងហោចណាស់វាក៏អាចជួយបង្កើនលទ្ធភាព និងកាត់បន្ថយហានិភ័យនៅក្នុងមុខជំនួញរបស់អ្នកប្រសិនបើអ្នកបានត្រៀមខ្លួនរួចរាល់។

១២.មានសមត្ថភាពអាចរៀនសូត្របានពីគ្រប់ស្ថានភាពទាំងអស់
គ្មានការអប់រំណាល្អប្រសើរជាងការបើកជំនួញដោយខ្លួនឯងនោះទេ ហើយការរៀនធ្វើការជាក្រុម ការរៀនសូត្រពីមនុស្សពូកែជាងអ្នក ការស្រាវជ្រាវ ការអាន ការចូលរួមកម្មវិធីផ្សេងៗ សុទ្ធតែអាចផ្តល់ចំណេះដឹងដល់អ្នក។ អ្នកត្រូវរៀនសូត្រពីស្ថានភាពជុំវិញរបស់អ្នកទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ។ ប្រសិនបើអ្នកមានផ្នត់គំនិតអ្នកសិក្សា អ្នកនឹងរីកចម្រើនក្នុងនាមជាសហគ្រិនពីព្រោះគ្រប់ស្ថានការណ៍ទាំងនោះគឺជាមេរៀនដ៏ល្អសម្រាប់អ្នកហើយ។  

១៣.ទៅកាន់ទីនោះ ហើយអនុវត្តវាតែម្តង
ការអប់រំដ៏មានតម្លៃបំផុតដែលអ្នកអាចទទួលបានក្នុងនាមជាសហគ្រិនម្នាក់ គឺត្រូវទៅកាន់ទីនោះ ហើយអនុវត្តធ្វើវាតែម្តង។ ខណៈពេលដែលទ្រឹស្តីមានប្រយោជន៍ក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រ អ្នកអាចរៀនបានច្រើនបំផុតតាមរយៈការលោតចូលទៅកាន់ទីតាំងដែលអ្នកចង់ធ្វើ និងសាកល្បងធ្វើវាដោយខ្លួនឯងតែម្តង។ ជាការពិតណាស់ អ្នកនឹងអាចបង្កើតកំហុស ប៉ុន្តែអ្នកក៏នឹងទទួលបានមេរៀនដ៏មានតម្លៃ ហើយផ្តើមជាថ្មីនូវយុទ្ធសាស្ត្រឈ្នះៗ។ សូមមានភាពក្លាហានក្នុងការធ្វើវាឲ្យខ្លាំងឡើង និងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព៕

ប្រភព៖ Forbes 

 

X
5s