Jack Ma ថា នេះគឺជាកំហុសធំបំផុតមួយដែលសហគ្រិនថ្មីថ្មោងភាគច្រើនបានបង្កើតឡើង
តើអ្វីទៅជាកំហុសធំបំផុតដែលសហគ្រិនថ្មីថ្មោងបានបង្កើតឡើង? ពាក្យថា “ខ្ញុំគ្មានលុយ” គឺជាកំហុសធំជាងគេបំផុតមួយដែលសហគ្រិនដំបូងៗ បានបង្កើតឡើង នេះបើយោងតាមការលើកឡើងរបស់មហាសេដ្ឋីចិនលោក Jack Ma។
ស្ថាបនិករួមរបស់ក្រុមហ៊ុនយក្ស Alibaba Group Holding Ltd រូបនេះបានថ្លែងនៅក្នុងបទសម្ភាសន៍មួយរបស់សារព័ត៌មាន CNBC ដូច្នេះថា៖« ខ្ញុំយល់ថា កំហុសធំបំផុតមួយដែលសហគ្រិនថ្មីថ្មោងបានបង្កើតឡើងគឺពួកគេនិយាយថា “ខ្ញុំគ្មានលុយ”។ បើខ្ញុំមានលុយ ខ្ញុំនឹងអាចដោះស្រាយបញ្ហានេះបានហើយ»។
លោកបានបន្ថែមថា មិនមែនត្រឹមតែលុយមួយមុខនោះទេ ពោលគឺមានលេសជាច្រើនទៀតដែលសហគ្រិនថ្មីថ្មោងបានលើកឡើងមកសំអាងថា គឺជាមូលហេតុដែលធ្វើឲ្យពួកគេបរាជ័យ។
«អ្នករកស៊ីបរាជ័យគឺអីចឹង ពួកគេត្អូញត្អែរច្រើនណាស់ មានលេសមិនចេះចប់ ខ្ញុំមិនមានលុយ ខ្ញុំខ្វះធនធានបុគ្គលិក ខ្ញុំអត់មានបច្ចេកវិទ្យាគ្រប់គ្រាន់»។ នេះជាសម្តីរបស់មហាសេដ្ឋីមានលុយជាង ៤១ ពាន់លានដុល្លាររូបនេះ។
លោក Jack Ma គឺជាមហាសេដ្ឋីដ៏ជួរចត់ម្នាក់។ ទម្រាំមានថ្ងៃនេះ អតីតគ្រូបង្រៀនអង់គ្លេសរូបនេះ ធ្លាប់មានបទពិសោធន៍ឈឺចាប់ជាច្រើនដែលធ្លាប់បរាជ័យរាប់មិនអស់មុនពេលបង្កើតក្រុមហ៊ុន Alibaba ឡើង។ លោកធ្លាប់ដាក់ពាក្យរកការងារធ្វើ ហើយត្រូវបានបដិសេធន៍ជ្រើសរើសជាបុគ្គលិកមិនក្រោម ៣០ ដងនោះទេ ។ ក៏ប៉ុន្តែលោកមិនដែលធ្លាប់គិតថា បោះបង់ការតស៊ូរបស់លោកចោលនោះទេ៕
ប្រភព៖ cnbc