Disney ខាតទឹកប្រាក់ជាង ២៨០លានដុល្លារ ដោយសារវីរុសកូរ៉ូណា​



ក្រុមហ៊ុន Disney បានប្រកាសថាចំណូលរបស់ខ្លួនដែលបានពីសួនកម្សាន្តក្នុងប្រទេសចិននឹងមានការធ្លាក់ចុះប្រមាណ ២៨០លានដុល្លារ ក្នុងត្រីមាសដំបូង ក្នុងឆ្នាំ២០២០ នេះដោយសារតែមានការបិទទីតាំងសួនកម្សាន្តទាំងនោះ បន្ទាប់ពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មីក្នុងប្រទេសចិន និងការខាតបង់ពាក់ពន្ធនឹងការធ្វើការតវ៉ាបាតុកម្មក្នុងទីក្រុងហុងកុងនាពេលថ្មីៗនេះផងដែរ។

ក្រុមហ៊ុនដ៏ធំមួយនេះបានធ្វើការបន្ថែមកាលពីថ្ងៃអង្គារកន្លងទៅថា វីរុសកូរ៉ូណានឹងធ្វើឲ្យប៉ះពាល់ទៅដល់ចំណូលរបស់ខ្លួនក្នុងត្រីមាសទីមួយរហូតដល់ខែមីនា ហើយនឹងប៉ះពាល់ដល់ចំណូលប្រចាំឆ្នាំរបស់ខ្លួនទៀតផង។ 

លោកស្រី Christine McCarthy អគ្គនាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Disney បានលើកឡើងថា៖ «ទីតាំងជាច្រើនក្នុងទីក្រុងហុងកុង និងសៀងហៃនឹងបិទត្រូវបិទទ្វារ ហើយផលប៉ះពាល់ហិរញ្ញវត្ថុនេះពឹងផ្អែកទៅលើរយៈពេលនៃការបិទដំណើរការនេះសួនកម្សាន្តទាំងនោះ។»

លោកស្រីបានបន្ថែមទៀតថា ចំណូលរបស់ក្រុមហ៊ុនក្នុងសួនកម្សាន្តនៅទីក្រុងសៀងហៃនឹងមានការធ្លាក់ចុះ ១៣៥លានដុល្លារ ក្នុងត្រីមាសដំបូងនេះ ប្រសិនបើសួនកម្សាន្តមួយនេះបិទទ្វារយៈពេល២ខែ។

គួរបញ្ជាក់ផងដែរថា Disney គឺជាក្រុម៊ហុនកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយក្នុងសហរដ្ឋអាមេរិក ដែលមានទីតាំងនៅក្នុង Walt Disney Studios រដ្ឋកាលីហ្វញ៉ា៕

ដោយ៖ លង់ វណ្ណៈ

 

 

 

 

 

X
5s