ពោធិ៍សាត់នឹងមានស្ថានីយផលិតថាមពលអគ្គិសនី៣០មេហ្កាវ៉ាត់លើផ្ទៃដី៥៥ហិកតា
ក្រុមហ៊ុន SchneiTech Infinite Co., Ltd. គ្រោងនឹងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំងពន្លឺព្រះអាទិត្យចំនួន ៣០មេហ្គាវ៉ាត់ លើផ្ទៃដី៥៥ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅ ភូមិអន្សរក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខាងលើត្រូវបានគាំទ្រ និងអនុញ្ញាត។
នារសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៣០មេហ្គាវ៉ាត់។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្រុមហ៊ុន SchneiTech Infinite Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សា ចំនួន ៣៧នាក់៕
ដោយ៖ ជួប ស្រីរ័ត្ន