បើចង់​ចាប់​ផ្ដើម​អាជីវកម្ម មិន​ត្រូវ​ភ្លេច​គិត​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​ទេ​



ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ផ្លាស់ប្ដូរ​ និង​ជួយ​សម្រួល​ឲ្យ​ការ​រស់​នៅ​របស់​មនុស្ស​កាន់​ងាយ​ស្រួល​ និង​ទំនើប​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​បច្ចុប្បន្ន​ប្រព័ន្ធ​នេះ​បាន​គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់​ទៅ​ហើយ។ ដោយ​សារ​ភាព​សំខាន់​និង​មិន​អាច​ខ្វះ​បាន លោក  យ៉ង់ ប៉ាក់ អគ្គនាយក​ក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) Agrebee Cambodia បាន​លើក​ឡើង​ថា «នៅ​ពេល​គិត​ដល់​ការ​ចាប់​ផ្ដើម​អាជីវកម្ម ត្រូវ​គិត​ពី​ IT ជា​មុន​សិន ថា​តើ​វា​មាន​ទំនាក់ទំនង​គ្នា​ឬ​អត់»។

ការ​លើក​ឡើង​ខាង​លើ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ The Executive Talks 2020 ក្រោម​ប្រធានបទ “ឱកាស​កំណើន​ក្នុង​វិស័យ​កសិ-ពាណិជ្ជកម្ម” កាល​ពី​ថ្ងៃ​ទី៣១ មករា ឆ្នាំ​២០២០ កន្លង​ទៅ​នា ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.)។

នា​ឱកាស​នោះ​ លោក យ៉ង់ ប៉ាក់ បាន​ចែក​រំលែក​ថា បច្ចេកវិទ្យា​ពិត​ជា​អាច​ជួយ​បាន​យ៉ាង​ច្រើន ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​រកស៊ី​នៅ​ក្នុង​វិស័យ​កសិកម្ម​ដូច​ជា​រូប​លោក ចាំ​បាច់​ត្រូវ​តែ​ផ្ដោត​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា (IT) ឲ្យ​បាន​ច្រើន ដូច​ជា​ចេះ​ប្រើ​កម្មវិធី​នានា ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចេះ​ពី​របៀប​ឆែក​មើល​នៅ​ក្នុង​ហ្គោហ្កល​ (google)ដែរ ថា​តើ​អាជីវកម្ម​ដែល​យើង​ចង់​ធ្វើ​នោះ​មាន​គេ​ធ្វើ​ឬ​នៅ ហើយ​បើ​យើង​ចង់​ធ្វើ​ដែរ​តើ​គួរ​រៀន​ពី​គេ​ដោយ​របៀប​ណា។

លោក​បន្ត​ថា ដូច​ជា​នៅ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​របស់​លោក​ដែល​គ្រប់គ្រង​លុយ​រាប់​លានដុល្លារ​ និង​គ្រប់គ្រង​លើ​មនុស្ស​រាប់រយ​នាក់ ដោយ​ប្រើ​មនុស្ស​ត្រឹម​តែ​២នាក់​ប៉ុណ្ណោះ​ ហើយ​ពួកគាត់​ទាំង​ពីរ​នោះ​មាន​តួនាទី​សំខាន់​ផ្នែក​គ្រប់គ្រង និង​បញ្ជា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឧទាហរណ៍ ការ​បើក​ប្រាក់ខែ​បុគ្គលិក និង​រើស​បុគ្គលិក​ជា​ដើម ហើយ​អ្វីៗ​គឺ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​រលូន។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​លោក យ៉ង់ ប៉ាក់ លោក សុង ខេងលាន ប្រធាន​សហគ្រាស ស៊ី អេស អិល ក៏​បាន​ចែក​រំលែក​ផង​ដែរ​ថា បច្ចេកវិទ្យា​ពិត​ជា​សំខាន់​និង​ជួយ​បាន​ច្រើន ហើយ​នា​ពេល​អនាគត​ប្រសិន​បើ​ខ្វះ​ប្រព័ន្ធ​បច្ចេកវិទ្យា​គឺ​អាជីវកម្ម​និង​មិន​អាច​ដើរ​ទាន់​គេ​បាន​នោះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត​គឺ ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​នៃ​ដំណើរ​ការ​ផលិត​ឲ្យ​រឹងមាំ​ជា​មុន​សិន៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s