ក្រុមហ៊ុនស៊ីភី(CP)ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ក្នុងប្រទេសខ្លួន​



ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ កំពុងមានកម្រិតខ្ពស់នៅថៃ ដែលទំហំនៃការផលិត មិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេសថៃ។

ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុនថៃ (CP) បញ្ជាក់នៅក្នុងជំនួបប្រជុំធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងសប្ដាហ៍មុននេះ  ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ 

នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យដោយផ្ទាល់ និងសហការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជាផលិតផលមានសក្ដានុពលសម្រាប់នាំចេញ។

គួរបញ្ជាក់ថា បើគិតត្រឹមតែឆមាសទី១ ក្នុងឆ្នាំ២០១៩គន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា ថៃ មានប្រមាណជាង៤ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ បានធ្វើឲ្យកម្ពុជា ឈរនៅលំដាប់ទី ៤ ក្នុងចំណោមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ដោយក្នុងនោះ  ផលិតផលដែលកម្ពុជា នាំចេញទៅថៃភាគច្រើនជា ពោត ដំឡូងមី ជាដើម ខណៈដែលប្រទេសថៃ នាំចូល មកកម្ពុជាវិញ រួមមាន ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារសំណង់ជាដើម៕

ដោយ៖ ស្រីពេជ្រ

X
5s