លោក Kahlil Gibran៖ «ដឹងពីជម្រៅនៃក្ដីស្រឡាញ់នៅពេលបែកគ្នា»
ក្ដីស្រលាញ់ឬក្ដីស្នេហាប្រៀបដូចជាថ្នាំញៀនដែលអ្នកភ្លក់ហើយ ចង់សាកម្ដងទៀត។ នៅពេលអ្នកញៀនហើយអ្នកលែងគិតអំពីអ្វីទាំងអស់។ ដូចពាក្យមួយឃ្លាក្នុងភាសាអង់គ្លេសនិយាយថា ស្នេហាគឺធ្វើឲ្យមនុស្សខ្វាក់ (Love is blind.)។ ប៉ុន្តែដោយសារការមិនសូវអើពើ មិនយកចិត្តទុកដាក់ អ្នកភ្លេចអំពីជម្រៅរបស់ស្នេហា ទាល់តែបាត់បង់ទើបភ្ងាក់ដឹងខ្លួន។
លោក Kahlil Gibran កវីនិពន្ធ បានមានប្រសាសន៍ថា៖ «ដឹងពីជម្រៅនៃក្ដីស្រឡាញ់នៅពេលបែកគ្នា» នេះមានន័យថាទាល់តែបាត់បង់ទើបភ្ងាក់ខ្លួនដឹងពីតម្លៃ និងជម្រៅពិតរបស់ក្ដីស្រលាញ់។ នេះជាកំហុសដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ ទាល់តែបាត់បង់ ទើបដឹងថាវាពិតជាសំខាន់ ហើយនឹកនាស្ដាយក្រោយនូវកំហុសឆ្គងរបស់ខ្លួន។
ដូចនេះ អ្នកគួរផ្ដល់តម្លៃទៅលើទំនាក់ទំនងដល់មនុស្សដែលនៅក្បែរខ្លួនអ្នក ចំណាយពេលវេលាជាមួយមនុស្សអ្នកស្រលាញ់ កុំចាំទាល់តែបាត់បង់ទើបស្ដាយក្រោយ។ បើទោះបីស្ដាយក៏មិនអាចបង្វែរពេលវេលាឲ្យវិលត្រលប់មកវិញបានដែរ ដោយបានត្រឹមបន្សល់ទុកនូវត្រឹមតែអនុស្សាវរីយ៍ប៉ុណ្ណោះ។ មានពេលវេលាគួរមានយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់អ្នក ថែរក្សា បង្កើតចំណងទំនាក់ទំនងល្អ ចេះមើលថែរក្សាដោយទឹកចិត្តចេញពីបេះដូង៕
អត្ថបទដោយ៖ លង់ វណ្ណៈ