ជើង​ហោះហើរ​ត្រង់​ចិន​-កម្ពុជា​គ្រោង​នឹង​បើក​សម្ពោធ​ដំបូង​នៅ​ចុង​ខែ​មេសា​នេះ​



ចិន​យល់​ព្រម​ទទួល​យក​សំណើ​សម្រួល​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ មក​កាន់​កម្ពុជា​តែ​ម្ដង ដោយ​ជើង​ហោះហើរ​ដំបូង​នឹង​ត្រូវ​បើក​សម្ពោធ នា​ឱកាស​កម្មវិធី​បញ្ចប់​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​ចិន​កម្ពុជា​២០១៩ នា​ដើម​ខែ​មេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ នា​ទីក្រុង​ស៊ិនឆូវ ប្រទេស​ចិន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឯកឧត្ដម ថោង ខុន ប្រធាន​ប្រតិភូ​ក្រសួង​ទេសចរណ៍ នា​ឱកាស​ជួប​សវនាការ​ជា​មួយ​ថ្នាក់​ដឹកនាំ​បក្ស និង​រដ្ឋបាល​ក្រុង ស៊ិងឆូវ និង​ខេត្ត​ហឺណាន កាល​ពី​ពេល​កន្លង​ទៅ។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គោលដៅ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​ក្រសួង​ទេសចរណ៍​សហការ​ជា​មួយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ​អ៊ែរ និង​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត រួម​គ្នា​ដាក់​ចេញ​គោល​ដៅ​ទៅ​កាន់​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ក្នុង​ប្រទេស​ចិន។ ក្នុង​នោះ​ ខេត្ត​ហឺណាន់ គឺ​ជា​ខេត្ត​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង និង​ប្រជាជន​រស់​នៅ​យ៉ាង​ច្រើន​ប្រមាណ ជាង​១០០លាននាក់ ពិសេស​ទីក្រុង​ស៊ិនឆូវ ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែល​នេះ។

ដោយ​សារ​ប្រជាជន​ហឺណាន ចូលចិត្ត​ទៅ​ទស្សនា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ពិសេស​ មាន​ការ​ចាប់​អារម្មណ៍​ដល់​ប្រសាទ​អង្គរ ដូច្នេះ​កម្ពុជា​សង្ឃឹម​ថា​ជា​មួយ​នឹង​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា ពិសេស​មក​កាន់​ប្រាសាទ​អង្គរ​ដែល​ជា​បិតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ ប្រាកដ​ជា​អាច​ទទួល​បាន​ទេសចរ​ហឺណាន​បាន​ច្រើន​ថែម​ទៀត។ 

ក្រសួង​ទេសចរណ៍​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ខេត្ត​ ហឺណាន​និង​ក្រសួង​ទេសចរណ៍​វប្បធម៌​ចិន​ក៏​នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​រៀបចំ​បង្កើត​ឲ្យ​មាន​ការិយាល័យ​តំណាង​ទេសចរណ៍​កម្ពុជា​នៅ​ទី​នោះ​ផង​ដែរ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ និង​ការ​ផ្សព្វផ្សាយ​នានា​ក្នុង​ខេត្ត​ហឺណាន​នេះ ដើម្បី​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា​ថែម​ទៀត៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s