នេះជាគោលការណ៍ភាពជាអ្នកដឹកនាំមួយរបស់ក្រុមហ៊ុន Amazon ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល​



នៅក្នុងក្រុមហ៊ុន Amazon គេសង្កេតឃើញថា មានគោលការណ៍ដឹកនាំរហូតដល់ទៅចំនួន ១៤ ដែលជាផ្នែកមួយនៃក្រមសីលធម៌របស់ក្រុមហ៊ុន។ ប៉ុន្តែមានគោលការណ៍គ្រឹះចំនួនមួយក្នុងចំណោមគោលការណ៍ទាំង ១៤ នេះដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាងគេ។ 

បើយោងតាមលោក Jeff Bezos ម្ចាស់ក្រុមហ៊ុននេះបានបង្ហើបថា គោលការណ៍ដ៏សំខាន់មួយនោះស្ថិតនៅលេខរៀងទី ៤។ គោលការណ៍នោះមានឈ្មោះថា “ធ្វើត្រូវឲ្យច្រើន ឬ Be right, a lot”។ 

មហាសេដ្ឋីមានជាងគេបំផុតទី១នៅលើពិភពលោករូបនេះធ្លាប់បានថ្លែងនៅក្នុងកម្មវិធីប្រគល់រង្វាន់មួយដែលមានឈ្មោះថា  Pathfinder Awards ក្នុងទីក្រុង Seattle កាលពីឆ្នាំ ២០១៦ដូច្នេះថា ៖« អ្នកដឹកនាំដ៏ល្អម្នាក់ត្រូវធ្វើត្រូវឲ្យបានច្រើន” ។ អ្នកនឹងមិនអាចធ្វើអ្វីៗបានត្រឹមត្រូវគ្រប់ពេលបានទេ ប៉ុន្តែខ្ញុំគិតថាជាមួយនឹងការអនុវត្ត អ្នកអាចធ្វើបានកាន់តែត្រឹមត្រូវឡើង»

តើអ្នកអាចធ្វើវាបានដោយរបៀបណា? លោក Bezos បានឆ្លើយបន្តថា ៖« មនុស្សដែលធ្វើត្រូវច្រើន ពួកគេជាមនុស្សដែលចូលចិត្តស្តាប់ច្រើន ហើយមនុស្សធ្វើត្រូវច្រើន ពួកគេជាមនុស្សដែលអាចផ្លាស់ប្តូរគំនិតបានច្រើន»

នេះអាចនិយាយបានថា ការនិយាយវាមានភាពងាយស្រួលជាងការអនុវត្ត ពីព្រោះមនុស្សភាគច្រើនគ្រាន់តែស្វែងរកព័ត៌មានដើម្បីគាំទ្រជំនឿបច្ចុប្បន្នរបស់ពួកគេ និងទាត់ចោលមតិជំទាស់តែប៉ុណ្ណោះ ។ នេះបើយោងតាមលោក Bezos បន្ថែម។ ប៉ុន្តែលោកយល់ថា  “ មនុស្សធ្វើត្រូវច្រើន ” គឺមានចំណុចផ្ទុយពីនេះ។

«មនុស្សដែលធ្វើត្រូវច្រើន ស្វែងរកទស្សនៈជំទាស់ ហើយក៏មិនរំជើបរំជួលទៅនឹងគំនិតរបស់ខ្លួនដែរ ដែលវាជារឿងមិនធម្មតាសម្រាប់មនុស្សទូទៅ។ នៅពេលនិយាយដល់ជីវិតរបស់យើងម្នាក់ៗ មនុស្សភាគច្រើនត្រូវបានកំណត់ដោយជំនឿភស្តុតាងដែលមាននៅក្នុងខ្លួនរបស់យើង ហើយយើងចូលចិត្តសង្កេតមើលភស្ដុតាងទាំងនោះសម្រាប់យកមកបញ្ជាក់គាំទ្រដល់ការយល់ឃើញរបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់លោក Bezos។

មហាសេដ្ឋីមានទ្រព្យ ១១៦ ពាន់លានដុល្លាររូបនេះបានបញ្ជាក់បន្ថែមថា ការមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមើលឃើញពីទស្សនៈជាច្រើនពីមនុស្សជុំវិញខ្លួនយើង និងយល់ឃើញក្នុងរូបភាពធំវែងឆ្ងាយជាងមុនជាជាងងប់ងល់ទៅនឹងជំនឿផ្ទាល់ខ្លួនរបស់អ្នក គឺអាចបង្កើតឱកាសត្រឹមត្រូវដល់អ្នកកាន់តែច្រើន៕

ប្រភព៖ CNBC  

 

X
5s