មិនធម្មតា! មហាសេដ្ឋីត្រឹម ២ ១៥៣ នាក់សោះ មានទ្រព្យសម្បត្តិច្រើនជាងប្រជាជន៤,៦ពាន់លាននាក់
មានមហាសេដ្ឋី២ ១៥៣ នាក់ត្រូវបានរកឃើញថា មានទ្រព្យសម្បត្តិច្រើនជាងប្រជាជនពិភពលោកសរុបជាង ៤,៦ពាន់លាននាក់។ នេះបើយោងតាមទិន្នន័យរបស់អង្គការ Oxfamដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមទិន្នន័យចេញផ្សាយដែលដកស្រង់ដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា បើពិនិត្យមើលទ្រព្យសម្បត្តិរបស់អ្នកមានជាងគេបំផុតទាំង៣រូបនៅលើពិភពលោក គឺបានកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ទៅ ២៣១ ពាន់លានទៅហើយ។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg ដែលជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតទី ៥នៅលើពិភពលោក គឺរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ ២០១៩កន្លងទៅរហូតដល់ទៅ ៦ ពាន់លានដុល្លារ។
ដោយឡែកសម្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com Inc លោក Jeff Bezos វិញត្រូវបានអះអាងថា នៅតែជាប់ចំណាត់ថ្នាក់ទី១ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេរហូតដល់ទៅ ១១៦ ពាន់លានដុល្លារ។ ចំណែកទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលទាំង ២០ រូបនៅលើពិភពលោក ត្រូវបានមើលឃើញថា បានកើនឡើងទ្វេដងពីចំនួន ៦៧២ ពាន់លានដុល្លារទៅចំនួន ១ ៣៩៧ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០១២ មក។
តួលេខពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីជាច្រើនដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ប្រជាជនដែលមានស្ថានភាពក្រីក្រខ្លាំងបានធ្លាក់ចុះយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សកន្លងមក។ ប្រភពក្រុមហ៊ុនទាំងនោះបានបង្ហាញថា ចំនួនប្រជាជននៅជុំវិញពិភពលោកដែលរស់នៅក្រោមប្រាក់ចំណូលតិចជាង ១,៩០ ដុល្លារក្នុងមួយថ្ងៃបានធ្លាក់ចុះអស់ ១,១ ពាន់លាននាក់គិតពីឆ្នាំ ១៩៩០មក ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្រមានថា ការកាត់បន្ថយភាពក្រីក្របានថយចុះ ឬកើនឡើងវិញនៅក្នុងបណ្តាប្រទេសមួយចំនួន។ ប្រជាជន ៧៣៦ លាននាក់កំពុងរស់នៅក្នុងស្ថានភាពភាពក្រីក្រខ្លាំងនៅឡើយគិតត្រឹមឆ្នាំ ២០១៥ ដែលជាងពាក់កណ្តាលនៃប្រជាជនទាំងនេះរស់នៅតំបន់វាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក។
ស្ថាប័ននេះបានទាមទារឲ្យមេដឹកនាំពិភពលោកយកចិត្តទុកដាក់លើគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅក្នុងរដ្ឋនីមួយៗរបស់ខ្លួនជាពិសេសគឺការកាត់បន្ថយវិសមភាពរវាងអ្នកក្រ និងអ្នកមានឲ្យមកនៅអត្រាមួយ ទាបបំផុត៕
ប្រភព៖ Bloomberg