អ្នកចិត្តវិទ្យារកឃើញថា មនុស្សរឹងមាំមិនធ្វើរឿង ៦យ៉ាង នេះ​



មនុស្សមួយចំនួនហាក់ដូចជាគិតថា ភាពខ្លាំងរបស់ខ្លួនមានន័យថា គឺពួកគេអាចធ្វើអ្វីៗបានទាំងអស់។ ប៉ុន្តែការពិតគឺថា ការធ្វើជាមនុស្សដែលមានស្មារតីរឹងមាំគឺជារឿងសំខាន់ជាង។  មនុស្សប្រភេទនេះយល់ថា ខ្លួនមិនអាចព្យាយាមធ្វើអ្វីៗទាំងអស់ដើម្បីផ្គាប់ចិត្ត ឬធ្វើឲ្យដូចមនុស្សគ្រប់រូបនោះឡើយ។ ពួកគេយល់ពីភាពសំខាន់របស់ខ្លួន និងមិនធ្វើរឿងឥតប្រយោជន៍ជាច្រើនដូចខាងក្រោមនេះដាច់ខាត។ 

១.ខ្វាយខ្វល់នឹងការគិតរបស់អ្នកដទៃ
ការព្រួយបារម្ភអំពីទស្សនៈរបស់អ្នកដទៃ និងការភ័យខ្លាចចំពោះការវិនិច្ឆ័យរបស់មនុស្សនៅជុំវិញអ្នក នឹងជះឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់នៃដំណើរជីវិតរបស់អ្នក។ វាអាចធ្វើឲ្យអ្នកមិនហ៊ានប្រថុយប្រថាន និងធ្វើអ្វីខ្លាចការរិះគន់របស់អ្នកដទៃជានិច្ច។ មនុស្សដែលរឹងមាំ មិនធ្វើអ្វីមួយដើម្បីផ្គាប់ចិត្តអ្នកដទៃនោះឡើយ។ ពួកគេជឿជាក់លើខ្លួនឯង ហើយផ្តល់អាទិភាពលើការងារដែលសមស្របនឹងគុណតម្លៃរបស់ខ្លួន។ ពួកគេផ្តោតលើការខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចគោលដៅ និងធ្វើឲ្យអស់ពីសមត្ថភាពដោយមិនខ្វាយខ្វល់ការគិតរបស់អ្នកដទៃ។

២.គិតច្រើនពេកលើរឿងឥតប្រយោជន៍
អ្នកនឹងកម្រឃើញមនុស្សប្រភេទនេះនៅសញ្ជឹងគិតអន្តែតអណ្តូងលើរឿងឥតប្រយោជន៍ណាស់។ ផ្ទុយមកវិញ ពួកគេចូលចិត្តគិតគូរដោយការវាយតម្លៃលើជម្រើសរបស់ពួកគេ ហើយចាត់វិធានការអនុវត្តតែម្តង។ ពួកគេស្គាល់ច្បាស់ពីហានិភ័យដែលពួកគេទទួលយក ហើយតែងតែយល់ថា ជម្រើសដែលពួកគេធ្វើនឹងមិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ។ ប៉ុន្តែពួកគេមានទំនុកចិត្តថា វាមិនចោទជាបញ្ហាសម្រាប់ពួកគេឡើយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។

៣.ដាក់សម្ពាធ ឬស្តីបន្ទោសខ្លួនឯង
មនុស្សដែលមានចិត្តសាស្រ្តរឹងមាំ នឹងទទួលយកការទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនដោយមិនស្ទាក់ស្ទើរ។ ទន្ទឹមនឹងនេះ ពួកគេក៏មិនស្តីបន្ទោសខ្លួនឯងដែរពេលមានកំហុសកើតឡើង ហើយក៏មិនដាក់សម្ពាធរិះគន់ឲ្យខ្លួនឯងដែរពីព្រោះពួកគេដឹងថា ការធ្វើបែបនេះវាមិនមានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញពួកគេដឹងថា មានតែការលើកលែងទោសឲ្យខ្លួនឯងប៉ុណ្ណោះដែលជាគន្លឹះធ្វើឲ្យពួកគេកាន់តែល្អប្រសើរឡើង។

៤.អង្គុយស្តាយស្រណោះពីកំហុសដែលកន្លងហួស
មនុស្សរឹងមាំមិនខ្លាចទៅនឹងការប្រឈមមុខទៅនឹងរឿងរ៉ាវមិនល្អនោះទេ ហើយក៏មិនបណ្តោយឲ្យខ្លួនឯងគ្មានទីពឹង ឬអស់សង្ឃឹមដែរ។ ជាជាងខ្ជះខ្ជាយពេលវេលាសញ្ជឹងគិតសោកស្តាយរឿងដែលកន្លងហួស ពួកគេព្យាយាមរកវិធីដែលនាំមកនូវសុខភាពល្អដើម្បីដោះស្រាយភាពអសកម្មរបស់ពួកគេកន្លងមកជាមួយនឹងវិធីសាស្រ្តាថ្មីដូចជា ហាត់ប្រាណ អានសៀវភៅ ឬ ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហានោះជាមួយមិត្តភក្តិ។ ពួកគេអរគុណដល់កំហុស និងរៀនសូត្រពីកំហុសទាំងនោះ។

៥.បន្ទោសអ្នកដែលមិនបានជួយខ្លួន
នេះជាចំនុចមួយដែលមនុស្សរឹងមាំមិនខ្ជះខ្ជាយពេលវេលានៅត្អូញត្អែរ ឬស្តីបន្ទោសដល់មនុស្សដែលមិនអាចជួយពួកគេបាន។ ផ្ទុយមកវិញ ពួកគេលើកយកបញ្ហារបស់ពួកគេទៅពឹងពាក់នរណាម្នាក់ទៀតដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាទាំងនោះបាន។ ការធ្វើបែបនេះមានន័យថា ពួកគេឲ្យតម្លៃលើពេលវេលា និងចង់បានដំណោះស្រាយមួយដោយប្រសិទ្ធភាព។

៦.ព្យាយាមផ្លាស់ប្តូរអ្វីៗដែលពួកគេមិនអាចផ្លាស់ប្តូរបាន
ការព្យាយាមផ្លាស់ប្តូរអ្វីមួយដែលអ្នកមិនអាចផ្លាស់ប្តូរបាន គឺជាការចំណាយពេលឥតប្រយោជន៍ និងផ្តល់សម្ពាធ ឬដាក់បន្ទុកឲ្យខ្លួនអ្នកទៅវិញទេ។ ជាជាងខ្ជះខ្ជាយពេលវេលារំពឹងទុកទៅនឹងអ្វីដែលមិនអាចផ្លាស់ប្តូរបាន មនុស្សមានស្មារតីរឹងមាំផ្តោតលើការគ្រប់គ្រងអារម្មណ៍របស់ពួកគេជារឿងសំខាន់ជាង។ ពួកគេយល់ថា បើពួកគេផ្លាស់ប្តូរអ្វីមួយបាន ពួកគេនឹងផ្លាស់ប្តូរ។ បើផ្លាស់ប្តូរមិនបាន ពួកគេនឹងទទួលយកការមិនផ្លាស់ប្តូរនោះ ហើយផ្តោតលើការអនុវត្តឲ្យបានល្អបំផុតរាល់គ្រប់ស្ថានភាពទាំងអស់៕

ប្រភព៖ Businessinsider 

 

 

X
5s