ជាង​ពីរ​ទសវត្ស​រ៍ ទុន​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​កើន​ដល់​២,៥ពាន់លានដុល្លារ​



នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន គិត​ចាប់​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ត្រីមាស​ទី១​ក្នុង​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៣៧គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ចំនួន ២,៥ពាន់លានដុល្លារអាមេរិក ដោយ​ក្នុង​នោះ​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំអគ្គិសនី និង​អេឡិចត្រូនិក, គ្រឿង​បង្គុំរថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​កសិឧស្សាហកម្ម ការ​កែច្នៃ​ម្ហូប​អាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើបជាដើម។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ឯកឧត្ដម ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ជប៉ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដី​អំពី​សេរីភាវូបនីយកម្ម ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ដោយ​បាន​បង្កើត​យន្តការ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​  កម្ពុជា-ជប៉ុន។

ឯកឧត្ដម​បញ្ជាក់​បន្ថែម​ថា  កម្ពុជា-ជប៉ុន កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ជៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់​ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល លើ​ពី​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជា​មួយ​អង្គការ JETRO ក្នុង​គោល​បំណង​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី ទាំង​ពីរ​កម្ពុជា-ជប៉ុន​ផង​ដែរ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៦ពាន់លានដុល្លារអាមេរិក ក្នុង​នោះ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​នូវ​ទំនិញ​សក្ដានុពល​មួយ​ចំនួន មាន​ដូច​ជា​សំលៀកបំពាក់​ស្ត្រី ស្បែកជើង ខ្សែ​អ៊ីស៊ូឡង់ និង​បរិក្ខារ​អគ្គិសនី ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ រីឯ​ជប៉ុន​បាន​នាំចូល​មក​កម្ពុជា​នូវ​ទំនិញ​សក្តានុពល ដូច​ជា យាន​យន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ និង​ផលិត​ផល​ប៉្លាស្ទិច​ ជា​ដើម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០៩លានដុល្លារអាមេរិក៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s