សម្ដីដែលមានអត្ថន័យស៊ីជម្រៅចំនួន ១០ឃ្លា ដែលអ្នកគួរយកទៅសញ្ជឹងគិត
Naguib Mahfouz បាននិយាយថា «ជីវិតមិនផ្ដល់មេរៀនទាំងទទេៗទៅឲ្យនរណាម្នាក់ឡើយ។ ហេតុនេះ នៅពេលខ្ញុំនិយាយថាជីវិតបានផ្ដល់មេរៀនដល់ខ្ញុំ ចូរទុកចិត្តចុះថាខ្ញុំបានបង់ថ្លៃចំណាយសម្រាប់វារួចហើយ។» នៅក្នុងលោកនេះគ្មានរបស់អ្វីមួយដែលទទេនោះទេ។ បើអ្នកសង្កេតមើលជីវិតរបស់អ្នកឲ្យស៊ីជម្រៅ នោះអ្នកនឹងរកឃើញថាបើអ្នកមិនបានចំណាយលុយឬរបស់របររបស់អ្នកដើម្បីដោះដូរយកអ្វីមួយដែលអ្នកចង់បានមកវិញទេ នោះអ្នកក៏ត្រូវចំណាយអារម្មណ៍និងថាមពលចិត្តរបស់អ្នកទៅលើវាដែរ។ ហេតុនេះទើបថាគ្មានអ្វីដែលល្អជាងសេចក្ដីសុខដែលកើតចេញពីចិត្តស្ងប់នោះទេ។
ភាពសប្បាយរីករាយថ្វីត្បិតតែអាចជួយសម្រាលទុក្ខកង្វល់របស់មនុស្សមែន ប៉ុន្តែភាពសប្បាយរីករាយខ្លះប្រៀបបាននឹងទឹកសមុទ្រដូច្នោះ កាន់តែផឹកកាន់តែស្រេក បើមិនបានផឹកនឹងធ្វើឲ្យមនុស្សកាន់តែវេទនាលើសពេលដំបូងទៅទៀត។ ភាពសប្បាយរីករាយប្រភេទនេះបើតាំងពីដំបូងឡើយមិនយកចិត្តទៅភ្លក់និងទទួលបទពិសោធន៍ជាមួយវាគឺល្អប្រសើរជាង។ ចិត្តរបស់មនុស្សតែងប្រែប្រួលគ្រប់ពេល។ ម្ដងឡើងម្ដងចុះ។ ឡើងកាន់តែខ្ពស់ ពេលចុះវិញក៏ទាបទៅតាមនោះដែរ។ បែបនេះហើយទើបបានជាមនុស្សភាគច្រើនចេះតែរស់នៅជីវិតរបស់ពួកគេយ៉ាងហត់នឿយផ្លូវចិត្តបែបនេះ។ ត្រូវចាំថាអ្វីៗក្នុងលោកនេះសុទ្ធតែមានតម្លៃរបស់វាទាំងអស់។ បើចិត្តរបស់អ្នកមិនសូវទុកអ្វីៗថាសំខាន់ពេក មិនសូវជាប់ជំពាក់នឹងវាពេក នោះអ្នកនឹងទទួលបាននូវក្ដីសុខច្រើនមិនខាន។
ថ្ងៃនេះយើងបានដកស្រង់សម្ដីដែលមានអត្ថន័យស៊ីជម្រៅចំនួន១០ឃ្លា ដែលអ្នកគួរយកទៅសញ្ជឹងគិត៖
១) «ជីវិតមិនផ្ដល់មេរៀនទាំងទទេៗទៅឲ្យនរណាម្នាក់ឡើយ។ ហេតុនេះ នៅពេលខ្ញុំនិយាយថាជីវិតបានផ្ដល់មេរៀនដល់ខ្ញុំ ចូរទុកចិត្តចុះថាខ្ញុំបានបង់ថ្លៃចំណាយសម្រាប់វារួចហើយ។» Naguib Mahfouz
២) «អង្គុយជាមួយសត្វដោយស្ងៀមស្ងាត់ ហើយពួកគេនឹងបង្ហាញអ្នកនូវបេះដូងរបស់ពួកគេ។ អង្គុយជាមួយពួកគេដោយក្ដីមេត្តាករុណា ហើយពួកគេនឹងជួយអ្នកឲ្យស្វែងរកឃើញភាពមេត្តាករុណារបស់អ្នក។» Ramblings of the Claury
៣) «ចូរបង្កើតសន្តិភាពជាមួយនឹងចំណែកបាក់បែករបស់អ្នក។» R. H. Sin
៤) «ចូរកុំស្លាប់មុនពេលអ្នកស្លាប់។» Rachel Wolchin
៥) «ខណៈពេលមួយបានមកដល់ដែលអ្នកមិននឹកដល់នរណាម្នាក់ទាំងអស់ ពេលដែលអ្នកមិនរំពឹងទុកអ្វីពីនរណាទាំងអស់ ហើយអ្នកនឹងដឹងថាអ្នកពិតជានៅតែម្នាក់ឯង ប៉ុន្តែក្នុងពេលដំបូងបង្អស់នៃឆាកជីវិតរបស់អ្នក អ្នកនឹងមិនមានអារម្មណ៍ថាឯកាទៀតឡើយ។» អនាមិក
៦) «មានពេលខ្លះយើងខ្លួនឯងជាអ្នកបង្កើតការឈឺចាប់ដល់ខ្លួនឯងតាមរយៈការរំពឹងទុក។» អនាមិក
៧) «កុំចំណាយពេលពេញមួយជីវិតរបស់អ្នកដើម្បីស្វែងរកទីកន្លែងមួយដែលអ្នកអាចហៅថាផ្ទះ។ ចូរធ្វើឲ្យឆ្អឹងដែលមាននៅក្នុងគ្រោងឆ្អឹងរបស់អ្នកក្លាយជារចនាសម្ព័ន្ធតែមួយគត់ដែលអ្នកត្រូវការ។» Haley Hendrick
៨) «ដកខ្លួនឯងចេញឲ្យឆ្ងាយបន្តិចម្ដងៗ អ្នកនឹងយល់ដឹងច្រើនជាងមុន។» អនាមិក
៩) «កុំបណ្ដោយនរណាម្នាក់ធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលសាហាវឃោរឃៅ។ មិនថាអ្នកចង់ឲ្យពិភពលោកភ្លក់រសជាតិល្វីងនៃថ្នាំរបស់ខ្លួនឯងវិញម្ដងប៉ុណ្ណាក៏ដោយ វាមិនមានតម្លៃទាល់តែសោះនឹងបាត់បង់ខ្លួនឯង។» អនាមិក
១០) «ចូរប្រុងប្រយ័ត្នមិនត្រូវបន្ទាន់បង្ខំឆ្ពោះទៅរកទីបញ្ចប់គ្រាន់តែដើម្បីចង់គេចចេញពីអារម្មណ៍មួយនោះឡើយ។» Chani Nicholas
ដោយ៖ ស្រីពៅ