កំពង់ស្ពឺត្រូវប៉ាន់ហើយ! ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុនដាំកប្បាសលើដី១០ម៉ឺនហិកតា
ក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន China National Technical Import and Export Corporation និងរួមជាមួយ វិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន មានគម្រោងវិនិយោគលើការដាំដុះដំណាំកប្បាសនាទឹកដីខេត្តកំពង់ស្ពឺ លើផ្ទៃដីរហូតដល់ ១០ម៉ឺនហិកតា។
នេះជាការលើកឡើងរបស់ ឯកឧត្ដម តឹក ង៉ូយ ប្រធានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចិន និងលោក Li Zheng ប្រធានវិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ នេះបើតាមប្រភពពីក្រសួងព័ត៌មាន ដែលបានចេញផ្សាយកាលពីពេលកន្លងទៅ។
(រូបភាព៖ AKP)
ឯកឧត្ដម តឹក ង៉ូយ ស្តេចនំដូណាត់នៅសហរដ្ឋអាមេរិក ដែលដឹកនាំគណៈប្រតិភូក្រុមហ៊ុនកប្បាសរបស់ប្រទេសចិនបានគូសបញ្ជាក់ថា នេះជាលើកទី២ហើយដែល វិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសចិន រួមជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិន បានមកធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការដាំដុះដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបានបន្ដថា គម្រោងដាំដុះកប្បាសនេះ ជំហានដំបូង គឺធ្វើនៅក្នុងខេត្តកំពង់ស្ពឺ លើផ្ទៃដី១០ម៉ឺនហិកតា ហើយបើជោគជ័យ នឹងបន្ដធ្វើនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជា។
ឯកឧត្ដមបានលើកឡើងថា ការវិនិយោគលើដំណាំកប្បាសនេះ គឺខាងភាគីចិន ជួយធ្វើការបណ្តុះបណ្តាលការងារបច្ចេកទេស ផ្តល់ពូជ និងជី ការថែទាំដល់ប្រជាកសិករខ្មែរ ហើយពេលប្រមូលផល គឺលក់មកឱ្យក្រុមហ៊ុនតែម្តង។ ការដែលក្រុមហ៊ុនចិនជ្រើសរើសយកប្រទេសកម្ពុជា ធ្វើការដាំដុះដំណាំកប្បាស គឺសម្រាប់ជាគំរូលើវិស័យកសិកម្ម ដែលគម្រោងនេះនឹងនាំចំណូលយ៉ាងច្រើនដល់ប្រជាកសិករខ្មែរ ក៏ដូចជាបង្កើនចំណូលថវិកាជាតិថែមទៀតផង។
លោក Li Zheng ប្រធានវិទ្យាស្ថានដំណាំ កសិកម្មទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា សម្រាប់គម្រោងកិច្ចការងារដំាកប្បាសនេះ នឹងអាចដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុនធ្វើការចុះអនុស្សរណៈ ជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្វាគមន៍ចំពោះគម្រោងការ ដាំដំណាំកប្បាស នៅប្រទេសកម្ពុជាពីសំណាក់ក្រុមហ៊ុន។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈគម្រោងនេះ ឯកឧត្ដមបានសន្យាក្នុងការជួយសម្រួល និងធ្វើទំនាក់ទំនងជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីពន្លឿនកិច្ចការងារនេះ ឱ្យដំណើរការបានឆាប់រហ័ស៕
ដោយ៖ ជួប ស្រីរ័ត្ន