សញ្ញាណ ៦ បញ្ជាក់ថា ក្រុមការងាររបស់អ្នកកំពុងកេងចំណេញពីអ្នក​



នៅកន្លែងការងារ អ្នកជៀសមិនផុតឡើយនូវទំនាស់ផ្សេងៗដូចជា ទំនាស់ផលប្រយោជន៍ការងារ កាទទួលខុសត្រូវ  ឬការងារគ្មានតម្លាភាពជាដើមដែលនាំឲ្យអ្នកមើលមុខគ្នាមិនចំ។ នេះបានជំរុញឲ្យបរិយាកាសការងារនៅក្នុងក្រុមហ៊ុនមានសភាពអាប់អួរ ដែលជាប្រការមិនល្អប៉ះពាល់ដល់ភាពរីកមច្រើនរបស់ក្រុមហ៊ុន។ 

ជាក់ស្តែងដូចសញ្ញាណ ៦ ខាងក្រោមនេះស្រាប់គឺបានបង្ហាញថា ស្ថានភាពការងាររបស់អ្នកឈរជើងមិននឹងនោះឡើយត្បិតអីផលប្រយោជន៍ និងការខិតខំប្រឹងប្រែងរបស់អ្នកគឺត្រូវបានក្រុមការងាររបស់អ្នកចេញមុខយកបាត់ទៅហើយ។ 

១.កាតព្វកិច្ចធ្លាក់មកលើអ្នកនៅរាល់ពេលមានការងារបន្ថែម
ពេលខ្លះវាជារឿងធម្មតាទេដែលអ្នកត្រូវចូលខ្លួន និងទទួលការងារបន្ថែមនៅពេលក្រុមការងារណាម្នាក់របស់អ្នកឈប់សម្រាក ជាប់រវល់ ឈឺ ឬអវត្តមានជាដើម។ ប៉ុន្តែអ្វីដែលមិនមែនជារឿងធម្មតានោះគឺថា មានការងារបន្ថែមជាច្រើនគរដូចភ្នំបានធ្លាក់មកលើអ្នកមិនចេះចប់មិនចេះហើយបើទោះបីជាតួនាទីការងារទាំងនោះជាការទទួលខុសត្រូវរួមគ្នាក៏ដោយ ខណៈដែលក្រុមការងាររបស់អ្នកវិញមិនសូវមានបន្ទុកធ្ងន់ដូចអ្នក។

២.ធ្វើការងារហួសពីតួនាទីរបស់ខ្លួន
ជាគោលការណ៍នៅកន្លែងការងារ អ្នកចាំបាច់ត្រូវទទួលខុសត្រូវលើការងាររបស់អ្នកជាអាទិភាពមុនការងារផ្សេងទៀតរបស់ក្រុមការងារ។ ពេលខ្លះនៅមានការស្នើសុំជំនួញ អ្នកក៏គួរឆ្លៀតជួយសម្រាលការងាររបស់ពួកគេផងដែរប្រសិនបើចាំបាច់។ យ៉ាងណាមិញ ប្រសិនបើអ្នកសង្កេតឃើញថា ក្រុមការងាររបស់អ្នកកំពុងប្រើប្រាស់អ្នកឲ្យធ្វើការងារហួសពីដែនកំណត់ការងាររបស់អ្នកហើយនោះមានន័យថា ពួកគេកំពុងព្យាយាមដើរខ្សែលើអ្នកហើយ។

៣.គុណសម្បត្តិរបស់អ្នកត្រូវបានមើលរំលង
នៅពេលអ្នកសម្រេចបានលទ្ធផលការងារល្អ ការរួមចំណែក និងការខិតខំប្រឹងប្រែងរបស់អ្នកគួរត្រូវបានឲ្យតម្លៃ ឬត្រូវបានដំឡើងតំណែងស្របតាមសមត្ថភាពរបស់អ្នក។ ផ្ទុយមកវិញ ការខិតខំប្រឹងប្រែងអ្នកបែរជាត្រូវបានមើលរំលងពីក្រុមការងារ ឬពីប្រធានផ្នែក ហើយពួកគេបានព្យាយាមយកមុខបន្ទាបតម្លៃរបស់អ្នក វាជាសញ្ញាណមួយប្រាប់អ្នកថា ផលប្រយោជន៍របស់អ្នកត្រូវបានជាន់ពន្លិច។

៤.ពួកគេទម្លាក់កំហុសមកលើអ្នក
នេះជាសញ្ញាណមិនល្អមួយទៀតដែលបញ្ជាក់ថា ពួកគេកំពុងកេងចំណេញលើអ្នកផងដែរ។ ប្រសិនបើអ្នកសង្កេតឃើញថា ជារឿយៗក្រុមការងាររបស់អ្នកគេចវេសពីកំហុសរបស់ពួកគេ ហើយព្យាយាមទម្លាក់វាមកលើអ្នកដែលមិនបានដឹងអ្វីសោះនោះ អ្នកគួរត្រៀមខ្លួនឲ្យរួចរាល់ឲ្យហើយទៅពីព្រោះថា ពួកគេកំពុងឆ្លៀតឱកាសខ្ចីដៃអ្នកប្រើហើយ។

៥.ពួកគេនិយាយដើមឆ្កឹះឆ្កៀលអ្នក
ការនិយាយដើម ឬនិយាយពីរឿងរ៉ាវមិនល្អរបស់នរណាម្នាក់នៅកន្លែងធ្វើការ គឺជារឿងធម្មតា។ ប៉ុន្តែការនិយាយដើមជ្រុលពេកគ្មានពេលសម្រាករបស់ពួកគេមកលើអ្នកមានន័យថា ពួកគេកំពុងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងបង្កើតភាពល្អកកករដល់ក្រុមហ៊ុនទាំងមូល។ សូមឃ្លាំមើលបុគ្គលិកប្រភេទនេះ។ ពួកគេជារឿយៗ មិនសប្បាយចិត្តនឹងភាពជោគជ័យរបស់អ្នក ហើយបង្ហាញសកម្មភាពក្រអើតក្រទមពេលមានវត្តមានរបស់អ្នក។

៦.អ្នកមានតម្លៃនៅពេលដែលពួកគេត្រូវការអ្នក
វាមិនចម្លែកទេព្រោះថា ក្រុមការងារដែលមិនឲ្យតម្លៃអ្នក ឲ្យតម្លៃតែនៅពេលដែលពួកគេត្រូវការអ្នកប៉ុណ្ណោះ ក្រៅពីនេះបោះបង់អ្នកចោលតែម្តង។ ទន្ទឹមនឹងនេះការពឹងពាក់របស់អ្នកទៅកាន់ពួកគេវិញ ប្រហែលជាមិនអាចទៅរួចនោះដែរ។ ក្រុមការងារប្រភេទនេះចូលចិត្តដើរខ្សែលើអ្នកណាស់។  អ្នកមិនគួរបណ្តែតបណ្តោយឲ្យបញ្ហានេះកើតមានរហូតនោះទេ។ ការពិភាក្សាមួយគួរត្រូវបានធ្វើឡើង ជាពិសេសអ្នកគួរជជែកវែកញែកជាមួយប្រធានផ្នែករបស់អ្នកនៅពេលអ្នកសង្កេតឃើញថា ផលប្រយោជន៍របស់អ្នកត្រូវបានប៉ះពាល់៕

ប្រភព៖ Inc 

 

 

 

X
5s