តើម្ចាស់អាជីវកម្មគួរធ្វើដូចម្តេចនៅក្នុងបរិស្ថានដែលមិនអនុគ្រោះ?
បរិស្ថានធុរកិច្ចមិនសុទ្ធតែប្រសើរជានិច្ចទេ។ ក្នុងការធ្វើអាជីវកម្ម សហគ្រាសទាំងឡាយតែងចង់បានបរិស្ថានធុរកិច្ចមួយដែលអំណោយផល ឬអនុគ្រោះបំផុតចំពោះខ្លួន ក្នុងការឈានទៅសម្រេចបំណងឬគោលដៅ។ ប៉ុន្តែ តថភាពបង្ហាញថា គ្មានធុរកិច្ចណាជួបប្រសព្វនឹងស្ថានភាពអំណោយផលជារៀងរហូតនោះទេ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានទំនាក់ទំនងនិងពាក់ព័ន្ធគ្នាខ្លាំងដូចសព្វថ្ងៃនេះ បរិស្ថានធុរកិច្ចកម្រនៅស្ថិតស្ថិរ នឹងនរណាស់។ ដោយសារមូលហេតុមួយឬច្រើន សេដ្ឋកិច្ច ជាតិអាចជួបការលំបាក ឬស្ថានភាពពិបាក។
ឧទាហរណ៍ គ្រាន់តែជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅក្នុងសប្តាហ៍ទី១នៃឆ្នាំ២០២០នេះ តែប៉ុន្មានថ្ងៃសោះវាប៉ះពាល់មិនត្រឹមតែសេដ្ឋកិច្ចភាគីទំនាស់ទាំងពីរនោះទេ វាបានធ្វើឱ្យប្រាក់ដុល្លារចុះថ្លៃ និងផ្សារភាគហ៊ុននៅប្រទេសជាច្រើនធ្លាក់ចុះ ជាមួយគ្នានោះមានការឡើងថ្លៃប្រេងកាតឆៅនិងមាសទៅវិញ។ ប្រសិនបើទំនាស់នេះបន្តរយៈពេលយូរ វាប្រាកដជាប៉ះពាល់ដល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកក្នុងទ្រង់ទ្រាយធំថែមទៀត។
កត្តាសំខាន់គឺសមត្ថភាពសហគ្រាសក្នុងការខិតខំចាកចេញពីស្ថានការណ៍មិនអនុគ្រោះ! ជាការពិត ផលវិបាកនៃកត្តាបរិស្ថាននេះមិនជះឥទ្ធិពលទៅលើអាជីវកម្មដូចគ្នានោះទេ ហើយផលប៉ះពាល់អាស្រ័យមួយផ្នែកទៅនឹងអន្តរាគមន៍របស់រដ្ឋដូចជាវិធានការអនុគ្រោះជាលក្ខណៈសារពើពន្ធឬមិនមែនសារពើពន្ធដែរ។ ក្រៅពីនេះវាក៏អាស្រ័យទៅនឹងប្រសិទ្ធភាពនៃវិធានការឬយុទ្ធសាស្ត្រដែលសហគ្រាសនីមួយៗប្រកាន់យក។
តើសហគ្រាសប្រឈមមុខនឹងបញ្ហាបែបណាខ្លះ?
ការលក់របស់សហគ្រាសមានការធ្លាក់ចុះ។ អ្នកគ្រប់គ្រងមានក្តីបារម្ភ ម្យ៉ាងដោយសារប្រាក់ចំណូលថយ ឯប្រាក់ចំណេញមិនប្រាកដប្រជា ម្យ៉ាងទៀតក៏ត្រូវដោះស្រាយបញ្ហាខាងក្នុងសហគ្រាសខ្លួនដែរ។ នៅក្នុងបរិបទដែលមានអតិផរណាខ្ពស់បន្តិច។ ឧទាហរណ៍ ក្នុងអត្រា៧ឬ៨ភាគរយឡើងទៅ ថ្លៃធាតុចូលកើនយ៉ាងច្បាស់ហើយបុគ្គលិកសុំតម្លើងប្រាក់ខែឬប្រាក់ឈ្នួល។ បុគ្គលិកពូកែៗអាចចាកចេញ។ ធនាគារអាចរឹតបន្តឹងនិងទារបំណុល។
សហគ្រាសគួរប្រកាន់វិធានការដូចម្តេច?
ជារឿយៗក្រោមសម្ពាធដូច្នេះ សហគ្រាសខ្លះមិនផ្លាស់ប្តូរយុទ្ធសាស្ត្រអ្វីសោះខ្លះសម្រេចកាត់បន្ថយចំណាយ កាត់បន្ថយបុគ្គលិក និងបង្រួមសកម្មភាព.. ហើយនេះក៏ច្រើនជាបទពិសោធន៍របស់សហគ្រាសខ្នាតតូច និងខ្នាតធំដែរ។ ការមិនធ្វើអ្វីសោះអាចជាកំហុសធំ ប្រសិនបើបរិស្ថានមិនអនុគ្រោះមានសភាពធ្ងន់ធ្ងរឬអូសបន្លាយលើសពី៣ខែឡើងទៅ ឯការកាត់បន្ថយចំណាយមិនសុទ្ធតែត្រឹមត្រូវទេ។ តើសហគ្រាសជាពិសេស សហគ្រាសខ្នាតតូចគួរប្រកាន់វិធានការបែបណា ទើបប្រសើរ៖
ក/ ត្រូវរក្សាចក្ខុវិស័យនៅដដែល
គប្បីរក្សាសុទិដ្ឋិនិយម មិនបាត់បង់ក្តីសង្ឃឹមៈ សហគ្រាសខ្នាតតូចជាធម្មតាមានធនធានកម្រិត ម្ល៉ោះហើយបារម្ភចំពោះសភាពការណ៍មិនអំណោយផលនេះច្រើនជាងសហគ្រាសធំៗ។ គួរគិតថា សភាពលំបាកបែបនេះជួយសហគ្រាសរបស់ខ្លួនឱ្យ រឹងមាំទៅវិញ។
ខ/ រក្សាទំនុកចិត្តពីភាគីពាក់ព័ន្ធ
ការមិនធ្វើអ្វីសោះ ការមិនដឹងថាត្រូវធ្វើអ្វី និងគ្មានចក្ខុវិស័យធ្វើឱ្យគេមន្ទិលសង្ស័យ។ ការរក្សាសមត្ថភាពជាអ្នកដឹកនាំ រឹងមាំមានលក្ខណៈសំខាន់ណាស់ ដែលអាចឱ្យបុគ្គលិក អ្នកផ្គត់ផ្គង់ ព្រមទាំងអតិថិជននៅមានជំនឿនិងបន្តកិច្ចសហការនិងប្រើប្រាស់ទំនិញឬសេវាបន្តទៅទៀត ហើយក្នុងនោះគឺការទុកចិត្តពីស្ថាប័នធនាគារដែលសហគ្រាសអាចត្រូវការកម្ចីបន្ថែម។ ក្នុងសភាពការលំបាកនេះ សហគ្រាសត្រូវពង្រឹងឡើងវិញនូវការងារជាក្រុម។
គ/ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងកាត់បន្ថយចំណាយ
ក្នុងសភាពការណ៍លំបាកដូច្នេះ ការពង្រឹងស្ថានភាពហិរញ្ញវត្ថុជាអាទិភាពមួយល្អប៉ុន្តែការកាត់បន្ថយចំណាយលើម៉ាឃីធិង ឬការបន្ថយគុណភាពទំនិញឬសេវាអាចជាគ្រោះថ្នាក់ធំធ្វើឱ្យបាត់បង់ថែមទាំងអតិថិជនដែលធ្លាប់បានជួយគាំទ្រអាជីវកម្ម របស់ខ្លួនកន្លងមកហើយ កាន់តែឆាប់រហ័សថែមទៀត។ ការកាត់បន្ថយចំណាយខ្លះអាចធ្វើបានតាមការងាកមកប្រើឌីជីថលម៉ាឃីធិង ដែលអស់សោហ៊ុយតិចជាង។
ឃ/ ទាមទារការសាកល្បងថ្មី
ពិនិត្យលទ្ធភាពរកទីផ្សារថ្មី ឬការប្រើផលិតផលតាមរបៀបថ្មី ការផលិតតាមរបៀបថ្មីដោយប្រើផលិតផលជំនួសដែលអស់ចំណាយតិចជាងមុនឬទេ? ចូរប្រើការឆ្នៃប្រឌិតថ្មី (Creativity) និងគំនិតធុរកិច្ចថ្មី (New business ideas) ។ល៕
ដោយ៖ បណ្ឌិត យិន ឆេងស៊ន