អតិថិជន​រិះគន់​ពី​ផលិតផល​គឺ​ជា​សញ្ញា​វិជ្ជមាន! ហេតុអ្វី?​



«ប្រសិន​បើ​បាន​ឮ​ពាក្យ​រអ៊ូ ឬ​ការ​រិះគន់​របស់​អតិថិជន​មក​លើ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក សប្បាយ​ចិត្ត​ចុះ ព្រោះ​បើ​តាម​ការ​សិក្សា​បង្ហាញ​ថា ប្រសិន​បើ​មនុស្ស​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​មួយ ពួកគេ​នឹង​មិន​ខ្វល់​ពី​របស់​ទាំង​នោះ​ឡើយ ដូច្នេះ​ប្រសិន​បើ​បាន​ឃើញ​អតិថិជន​ចូល​មក​មើល​ផលិតផល​របស់​អ្នក​ហើយ​រិះគន់​ពីនេះពីនោះ ត្រេកអរ​ចុះ​ នោះ​គឺ​ជា​សញ្ញា​នៃ​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ ដោយ​ពួកគេ​រិះគន់​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ណា​មួយ​ពី​អ្នក​ប៉ុណ្ណោះ» នេះ​ជា​ការ​លើក​ឡើង​របស់​លោក Soma Sundram អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​វេទិកា​ស្ដី​អំពី «ការ​វិវត្ត​វិស័យ​អចលនទ្រព្យ​ក្នុង​អាស៊ាន​ឆ្នាំ​២០២០ អំពី​ការ​រីកចម្រើន​និង​ការ​ធ្លាក់​ចុះ» ដែល​រៀបចំ​ដោយ KW Cambodia កាល​ពី​ពេល​កន្លង​ទៅ លោក Soma Sundram អគ្គលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ប្រចាំ​នៅ ASEAN Real Estate Network Alliance (ARENA) បាន​លើក​ឡើង​ដោយ​បង្ហាញ​ជា​ឧទាហរណ៍​ថា​ ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចូល​ចិត្ត​ឡាន​មួយ​គ្រឿង​ គេ​នឹង​គ្រាន់​តែ​មើល​រួច​ហើយ​ក៏​ដើរ​ហួស​ទៅ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ដើរ​ទៅ​កាន់​របស់​ទាំង​នោះ​ បើ​ទោះ​ជា​ជា​មួយ​ពាក្យ​រិះគន់​ក៏​ដោយ នោះ​មាន​ន័យ​ថា​ពួកគេ​កំពុង​តែ​ចាប់​អារម្មណ៍​នឹង​របស់​នោះ​បាត់​ទៅ​ហើយ។

នេះ​គឺ​ជា​ឱកាស​សម្រាប់​អ្នក​ក្នុង​ការ​លក់​ផលិតផល​ ដូច្នេះ​ដើម្បី​ទាក់​ទាញ​ឲ្យ​អតិថិជន​ទិញ​ផលិតផល​ពី​អ្នក លោក Soma Sundram  ប្រាប់​ថា ដំបូង​អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​វិជ្ជមាន​ ស្គាល់​ច្បាស់​ពី​ផលិតផល​របស់​ខ្លួនឯង និង​ព្យាយាម​កសាង​ទំនុក​ចិត្ត​ទៅ​កាន់​អតិថិជន។ ជាង​នេះ​ទៅ​ទៀត អ្នក​ត្រូវ​មាន​ទំនុក​ចិត្ត​ខ្ពស់​ ដែល​ទំនុក​ចិត្ត​គឺ​បាន​មក​ពី​ភាព​ជឿជាក់ និង​ភាព​ស្មោះត្រង់។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មិនបាន​ទាញ​ផលប្រយោជន៍​តែ​ពី​អតិថិជន​នោះ​ទេ, បង្ហាញ​ថា​អ្នក​ពិត​ជា​ចង់​ជួយ​ពួកគាត់​ប្រាកដ​មែន និង​ផ្ដល់​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​ពិត​ដល់​ពួកគាត់៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s