ទស្សនចំនួន ១០ឃ្លា ដែលអ្នកគួរអាននិងយកទៅសិក្សាស្វែងយល់
សុភាសិតZen មួយបានពោលថា «ចំណេះដឹងគឺត្រូវរៀនសូត្រអ្វីម្យ៉ាងជារៀងរាល់ថ្ងៃ។ រីឯបញ្ញាគឺត្រូវប្រលែងចោលនូវអ្វីម្យ៉ាងជារៀងរាល់ថ្ងៃ។» មនុស្សយើងម្នាក់ៗតែងសម្លឹងមើលទៅកាន់ពិភពលោកនៅជុំវិញខ្លួនគេជាមួយនឹងទស្សនរបស់ខ្លួនឯងរៀងៗខ្លួន ប៉ុន្តែមិនបានសម្លឹងមើលវាទៅតាមភាពពិតរបស់វាឡើយ។ ការយល់ឃើញរបស់មនុស្សម្នាក់ៗគឺជារឿងដ៏ពិបាកមួយក្នុងការកម្ចាត់ចោល។ ចង់ផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងឬនរណាម្នាក់មិនមែនជារឿងងាយស្រួលឡើយ។ មានការយល់ឃើញមួយចំនួនរបស់មនុស្ស ទាល់តែត្រូវការពេលវេលានិងត្រូវឆ្លងកាត់ស្ថានការណ៍ជាក់លាក់ណាមួយរួចមក ទើបពួកគេព្រមបោះបង់ចោលការយល់ឃើញចាស់ដែលខ្លួនឯងតែងខាំជាប់មិនលែងរហូតមក។
ការពិតមិនមែនចេះតែដូចអ្វីដែលអ្នកគិតឬមើលឃើញផ្ទាល់នឹងភ្នែកឬតាមរយៈញាណដទៃទៀតរបស់អ្នកនោះទេ ពីព្រោះថាសូម្បីតែភ្នែករបស់យើងដែលត្រូវបានយើងប្រើប្រាស់សម្រាប់ធ្វើជាសាក្សីដ៏គួរឲ្យទុកចិត្តបំផុតនេះ ក៏ត្រូវឆ្លងកាត់ដំណើរការបញ្ជូនព័ត៌មាននៃរូបភាពដែលអ្នកមើលឃើញក្នុងទម្រង់ជាសញ្ញាណអគ្គិសនីនិងចុងក្រោយត្រូវបញ្ជូនឲ្យខួរក្បាលដែរទើបអ្នកអាចឃើញអ្វីដែលអ្នកបានឃើញ។ ត្រង់ចំណុចនេះអ្នកពិចារណាទៅមើលថាតើព័ត៌មានចុងក្រោយដែលអ្នកទទួលបាននេះបរិសុទ្ធដូចព័ត៌មានដើមទេ ? សូម្បីតែសត្វមួយចំនួនក៏មើលឃើញពិភពលោកខុសពីមនុស្សយើងដែរ។ បើកែវទឹករបស់អ្នកពេញហើយ នោះទឹកថ្មីទៀតនឹងមិនអាចចាក់បន្ថែមចូលកែវអ្នកបានទៀតនោះទេ។ តែបើសិនជាកែវអ្នកទទេ នោះទឹកថ្មីៗនឹងអាចចាក់ចូលកែវរបស់អ្នកបាន នោះទើបអ្នកអាចមើលឃើញពិភពលោកទៅតាមភាពពិតរបស់វាបាន។
ខាងក្រោមនេះគឺជាទស្សនចំនួន១០ឃ្លា ដែលអ្នកគួរអាននិងយកទៅសិក្សាស្វែងយល់៖
១) «នៅពេលធ្វើការ ពិតជាធ្វើការ។ នៅពេលលេង ពិតជាលេង។» Dr. Seuss
២) «កុំដើរតាមគំនិតរបស់អ្នកដទៃ ប៉ុន្តែត្រូវរៀនស្ដាប់សំឡេងនៅខាងក្នុងខ្លួនអ្នក។» Dogen Zenji
៣) «ទទួលស្គាល់ទស្សនមួយចំនួនអំពីការពិតដោយមិនបានទទួលបទពិសោធន៍វាជាក់ស្ដែង ប្រៀបបាននឹងរូបគំនូរនំខេកនៅលើក្រដាសដែលអ្នកមិនអាចញ៉ាំបានអីចឹងដែរ។» Suzuki Roshi
៤) «គ្មានកំហុសនៅក្នុងធម្មជាតិនោះទេ។» Byron Katie
៥) «បុគ្គលមានបញ្ញាមិនវាយតម្លៃឡើយ ពួកគេព្យាយាមស្វែងយល់។» Wei Wu Wei
៦) «ឧបសគ្គមិនមែនរារាំងផ្លូវនោះទេ ប៉ុន្តែគឺជាផ្លូវ។» សុភាសិតZen
៧) «ដើម្បីឲ្យអ្វីៗលាតត្រដាងការពិតរបស់វាមកឲ្យយើង យើងត្រូវត្រៀមខ្លួនជាមុនក្នុងការបោះចោលនូវទស្សនដែលយើងមានចំពោះពួកវា។» Thich Nhat Hanh
៨) «ចំណេះដឹងគឺត្រូវរៀនសូត្រអ្វីម្យ៉ាងជារៀងរាល់ថ្ងៃ។ រីឯបញ្ញាគឺត្រូវប្រលែងចោលនូវអ្វីម្យ៉ាងជារៀងរាល់ថ្ងៃ។» សុភាសិតZen
៩) «បើអ្នកមានសន្តិភាពនៅខាងក្នុង គ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យក្លាយជាទាសករនៃហេតុការណ៍ខាងក្រៅបានឡើយ។» Sri Chinmoy
១០) «ពួកយើងមាននៅខាងក្នុងខ្លួនឯងនូវភាពអស្ចារ្យដែលយើងតែងស្វែងរកនៅខាងក្រៅ។» Rumi
ដោយ៖ ស្រីពៅ