៣ចំណុច បង្ហាញថា ការលើកទឹកចិត្តបុគ្គលិកដោយពាក្យសរសើរជំរុញអង្គភាពឲ្យរីកចម្រើនខ្លាំង​



អង្គភាព ឬស្ថាប័នមួយមានការរីកចម្រើនឆាប់រហ័សអាស្រ័យមានការខិតខំប្រឹងប្រែង រួមកម្លាំងគ្នាបំពេញតួនាទីរៀងៗដើម្បីឲ្យអង្គភាពនោះសម្រេចបានលទ្ធផលជាផ្លែផ្កាតាមគោលដៅដែលបានកំណត់។ ទោះបីថ្នាក់ដឹកនាំអង្គភាពជាក្បាលម៉ាស៊ីន ជាអ្នកចេញយុទ្ធសាស្ត្រ កំណត់គោលដៅសម្រាប់ការងារទាំងអស់នេះក្តី តែបើគ្មានការចូលរួមចំណែកពីបុគ្គលិកគ្រប់ផ្នែកទេ កិច្ចការនិងក្តីរំពឹងទុកទាំងឡាយក៏មិនអាចសម្រេចបានដូចគ្នា។

ហេតុដូច្នេះហើយ បានជាមានមតិលើកឡើងការលើកទឹកចិត្តបុគ្គលិកដោយពាក្យសរសើរជារឿងចាំបាច់បំផុត ព្រោះវាជាកាតាលីករជម្រុញល្បឿននៃការរីកចម្រើនរបស់អង្គភាព។ ខាងក្រោមនេះជាហេតុផលបញ្ជាក់លើការលើកឡើងខាងលើ៖

១) មានន័យថា អ្នកដឹកនាំទទួលស្គាល់ស្នាដៃការងាររបស់បុគ្គលិក
ត្រឹមតែពាក្យមួយម៉ាត់សាមញ្ញថា “អរគុណ" ជាមួយទឹកមុខញញឹមរបស់ថ្នាក់ដឹកនាំជារង្វាន់ដ៏មានន័យសម្រាប់ការបំពេញការងាររបស់បុគ្គលិក ពាក្យសរសើរយ៉ាងខ្លីចេញពីចិត្តរបស់អ្នកដឹកនាំ ជះឥទ្ធិពលរយៈពេលពេលវែងដល់ការបំពេញការងាររបស់បុគ្គលិក។ វាលើសពីការទទួលស្គាល់ស្នាដៃការងាររបស់ពួកគេ តែជាការឲ្យតម្លៃលើភាពជាបុគ្គលិក ឲ្យតម្លៃដល់ការចូលរួមចំណែករបស់ពួកគាត់។

២) ជម្រុញឲ្យបុគ្គលិកមានការតាំងចិត្តកាន់តែខ្លាំង
ពាក្យសរសើររបស់អ្នកដឹកនាំ ជាកម្លាំងចិត្តសំខាន់មួយដែលធ្វើឲ្យបុគ្គលិកកាន់តែមានការតាំងចិត្តធ្វើការងារ។ ពេលខ្លះបុគ្គលិកមួយចំនួនមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង មិនទាន់ដឹងថាធ្វីជាផែនការអនាគតពិតប្រាកដរបស់ខ្លួន តែដោយមានការណែនាំនិងលើកទឹកចិត្តពីអ្នកដឹកនាំធ្វើឲ្យគេខំប្រឹងប្រែងដើម្បីសម្រេចទាំងគោលដៅខ្លួនឯង និងអនាគតរបស់អង្គភាពទាំងមូល។ 

៣) ពង្រឹង និងបង្កើនសីលធម៌របស់បុគ្គលិក
លទ្ធផលការងារអាចសម្រេចបានវាអាស្រ័យមួយផ្នែកលើសីលធម៌របស់បុគ្គលិក។ ក្នុងអង្គភាពមួយ បើកាលណាសីលធម៌បុគ្គលិកធ្លាក់ចុះ លទ្ធផលការងារក៏ធ្លាក់ តម្លៃរបស់អង្គភាពនឹងធ្លាក់តាមនោះដែរ។ អត្ថប្រយោជន៍សំខាន់មួយទៀតនៃលើកសរសើរបុគ្គលិក គឺជួយបង្កើតបរិយាកាសនៃការទុកចិត្តគ្នារវាងសមាជិកក្រុម ផ្សារភ្ជាប់គ្នាទំនាក់ទំនងយ៉ាងល្អក្នុងក្រុម និងបង្កើតមិត្តភាពយ៉ាងស្អិតរមួត។ នៅពេលដែលសមាជិកក្រុមមានទម្លាប់ទុកចិត្តគ្នា មានទំនាក់ទំនងល្អ ធ្វើឲ្យកន្លែងការងារមួយប្រៀបដូចជាផ្ទះ មនុស្សគ្រប់គ្នាក្នុងអង្គភាពចាត់ទុកថាគ្រប់គ្នាដូចជាគ្រួសារតែមួយ សីលធម៌ក្នុងការគោរពគ្នាទៅវិញទៅមកក្នុងកន្លែងការងារក៏នឹងកើនឡើង។ ភាពចុះសម្រុងគ្នាក៏កើតមាន ម្នាក់ៗរីករាយនឹងការបំពេញការងាររៀងៗខ្លួន លទ្ធផលការងារក៏នឹងសម្រេចដោយល្អ ហើយគ្រប់គ្នាក៏នឹងធ្វើឲ្យអង្គភាពបានដើរទៅដល់គោលដៅដែលបានកំណត់ដូចគ្នាបានយ៉ាងប្រសើរដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s