សម្ដីសាមញ្ញ ៦ឃ្លា ពោរពេញដោយថាមពលចិត្តរបស់ កវីកំណាព្យអង់គ្លេស Winifred May
Winifred Emma May គឺជាកវីកំណាព្យរបស់អង់គ្លេស ដែលត្រូវបានគេស្គាល់ស្នាដៃរបស់គាត់ភាគច្រើនតាមរយៈឈ្មោះក្លែងក្លាយរបស់គាត់ថា Patience Strong។ គាត់បានរស់នៅក្នុងអំឡុងឆ្នាំ១៩០៧ដល់ឆ្នាំ១៩៩០។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់របស់លោកស្រីចំនួន ៦ឃ្លា ដែលបានបង្ហាញពីការគិតដែលសាមញ្ញតែពោរពេញដោយថាមពលចិត្តនៅខាងក្នុងរបស់គាត់៖
១) «មនុស្សដែលរីករាយគឺជាមនុស្សដែលអាចរក្សាបេះដូងដែលស្ងប់ស្ងាត់ នៅក្នុងភាពច្របូកច្របល់និងភាពចលាចល វង្វេងវង្វាន់នៃពិភពលោកសម័យទំនើបនេះ។»
២) «បំភ្លេចពេលវេលានៃបញ្ហា ប៉ុន្តែកុំភ្លេចការពិតដែលបានបង្រៀនអ្នក។ បំភ្លេចថ្ងៃទុក្ខសោក ប៉ុន្តែកុំបំភ្លេចកម្លាំងដែលវាបាននាំមកឲ្យ។ បំភ្លេចព្យុះដែលអ្នកបានប្រយុទ្ធឆ្លងកាត់ ប៉ុន្តែកុំបំភ្លេចពន្លឺដែលបាននាំអ្នកចេញមកដោយមានសុវត្ថិភាពតាមផ្លូវដែលមិនមានអ្នកដឹង។»
៣) «ជោគជ័យនិងបរាជ័យ ជ័យជម្នះនិងគ្រោះអាសន្ន គឺជាចង្វាក់ភ្លេងនៃជីវិតនៅក្នុងសួនបុប្ផា។»
៤) «ជីវិតប្រៀបបាននឹងវាលស្រែ ដែលយើងត្រូវប្រមូលយកផលអ្វីដែលយើងបានដាំដុះ មិនថាជាស្មៅឬស្រូវ នេះគឺជាច្បាប់ យើងប្រមូលផលអ្វីដែលយើងបានសាបព្រោះ។»
៥) «ធ្វើឲ្យចិត្តរបស់អ្នកត្រជាក់ រក្សាភាពស្ងប់ស្ងាត់នៅខាងក្នុង និងធ្វើឲ្យខ្លួនឯងនៅក្រោមការត្រួតត្រា។ ព្យាយាមធ្វើរឿងច្រើន អ្នកនឹងបែរជាភ័យព្រួយវិញ។ កុំប្រញាប់និងកុំបន្ទាន់ធ្វើដំណើរនៅក្នុងជីវិត ចូររក្សាថាមពលរបស់អ្នក។ បន្តទៅមុខដោយល្បឿនដ៏នឹងនមួយ ហើយចាត់ទុកអ្វីៗធម្មតាៗ។»
៦) «បើអ្នកឈរឲ្យស្ងៀមនិងរក្សាជំនឿចិត្តរបស់អ្នក អ្នកនឹងទទួលបាននូវជំនួយទាំងឡាយដែលអ្នកបានស្វែងរក។ អ្នកនឹងទាញយកមកពីភាពស្ងប់ស្ងាត់នូវអ្វីដែលអ្នកត្រូវការ ដែលជាក្ដីសង្ឃឹម សេចក្ដីក្លាហាន និងកម្លាំងសម្រាប់កិច្ចការរបស់អ្នក។»
ដោយ៖ ស្រីពៅ