CDC អនុម័តគម្រោងរោងចក្រ ៣នៅខេត្តកណ្ដាលក្នុងទំហំទុនជាង២០លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៣ លើគម្រោងសាងសង់រោងចក្រចំនួន៣ នាខេត្តកណ្ដាល សរុបក្នុងទំហំទុនវិនិយោគ ២០,២លានដុល្លារអាមេរិក ព្រមទាំងអាចផ្ដល់ការងារដល់ប្រជាពលរដ្ឋរហូតដល់ ៣,៣១៧កន្លែង។
ទី១. ក្រុមហ៊ុន “FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥២៥កន្លែង។
ទី២. ក្រុមហ៊ុន “JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៤កន្លែង។
ទី៣. ក្រុមហ៊ុន “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន