បច្ចេកវិទ្យាថ្មី! គម្រោងប្រព័ន្ធសូឡាបូមទឹកក្រោមជួយវិស័យកសិកម្មកំពុងស្ថិតក្នុងការសិក្សា
ក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) របស់ប្រទេសចិន បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងបច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីសម្រាប់វិស័យកសិកម្ម។ ក្នុងនោះក្រុមហ៊ុនបានជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បងស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡាបូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបជាមួយលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន កាលពីពេលកន្លងទៅ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់ដែលជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដោយអាចកាត់បន្ថយការចំណាយថាមពលអគ្គិសនី កម្លាំងពលកម្ម ក្នុងការពង្រីកការអភិវឌ្ឍវិស័យកសិកម្ម ឲ្យមាននិរន្តរភាពយូរអង្វែង។
ជាការឆ្លើយតប លោក Chengxiang MA បានជម្រាបជូនថា ក្រុមហ៊ុនបានកំពុងតែកៀរគររកជំនួយពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោងអភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ ។ ក្រៅពីនេះ លោកបានជម្រាបជូនថា នឹងធ្វើការសហការគ្នាជាមួយសាកលវិទ្យាល័យជាច្រើនក្នុងការសន្យាផ្តល់នូវអាហារូបករណ៍ជូនដល់និស្សិតកម្ពុជាឲ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។
ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហររបស់ក្រសួងក្នុងការគាំទ្រឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីជាមូលដ្ឋានសម្រាប់ដំណើរការនៃការនាំចូលសម្ភារកសិកម្ម ពីប្រទេសចិនសម្រាប់ការអនុវត្តគម្រោងសាកល្បងនៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្តគម្រោងក្នុងខេត្តគោលដៅមួយចំនួនទៀតដូចជា ខេត្តតាកែវ កំពង់ចាម និងស្វាយរៀងជាដើម៕
ដោយ៖ ជួប ស្រីរ័ត្ន